សៀមរាប៖ យុវជន និងប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរថ្នាក់ក្រុងសរុបចំនួន ៥១នាក់ក្នុងនោះមានស្រី្តចំនួន ៣៣ នាក់ បានចូលរួមកម្មវិធីសិក្ខាសាលាជាមួយអង្គការស្តាកម្ពុជា ស្តីអំពី “ថវិកាឆ្លើយតបយេនឌ័រ និងការគាំពារសង្គម និងការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ វគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តិទៅនៅសាលប្រជុំសាលាក្រុងសៀមរាប កាលពីថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ មានបំណងឱ្យអ្នកចូលរួមបានយល់ដឹងពីរបៀបលើកឡើងនូវតម្រូវការនិងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋពិសេសជនងាយរងគ្រោះក្នុងមូលដ្ឋាន ។
សកម្មភាពសិក្ខាសាលាស្តីអំពី “ថវិកាឆ្លើយតបយេនឌ័រ និងការគាំពារសង្គម និងការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។រូបភាពដោយ សូរ សែន។
ដើម្បីបង្ខិតការផ្តល់សេវាសាធារណៈពីសំណាក់អាជ្ញាធរមូលដ្ឋានទៅកាន់តែកៀកប្រជាពលរដ្ឋនោះ អង្គការស្តារកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពី«ថវិកាឆ្លើយតបយេនឌ័រ និងការគាំពារសង្គម និងការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»ដល់ប្រជាពលរដ្ឋនិងអាជ្ញាធរក្នុងក្រុងសៀមរាប។ វគ្គបណ្តុះបណ្តាលនេះ ក៏ជាវេទិកាមួយផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានលើកឡើងនូវក្តីកង្វល់ និងបញ្ហាប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃបង្ហាញជូនអាជ្ញាធរបានដឹងជាព័ត៌មានផងដែរ។ ដោយឡែកអាជ្ញាធរវិញក៏កាន់តែយល់ច្បាស់ពីតួនាទីកាតព្វកិច្ច និងសមត្ថភាពក្នុងការឆ្លើយតបជាវិជ្ជមានតាមតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសជនងាយរងគ្រោះក្នុងមូលដ្ឋាន។
លោក ញ៉ឹក សារិន នាយកប្រតិបត្តិអង្គការស្តារកម្ពុជាថ្លែងបើកអង្គសិក្ខាសាលាថា លោករីករាយដែលមានយុវជន ពិសេសយុវតីមានជាង៧០%បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម។លោកថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឱ្យប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីអាចកាន់តែងាយស្រួលផ្តល់និងទទួលព័ត៌មានគ្នាទៅវិញទៅមកដើម្បីអាចដោះស្រាយនិងឆ្លើយតបទាន់ពេលវេលា។
សកម្មភាពសិក្ខាសាលាស្តីអំពី “ថវិកាឆ្លើយតបយេនឌ័រ និងការគាំពារសង្គម និងការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។រូបភាពដោយ សូរ សែន។
បន្ទាប់ពីមតិស្វាគមន៍រួចមក ប្រធានក្រុមយុវជនទាំង ៨ សង្កាត់រួមមាន៖ សង្កាត់ជ្រាវ, ទឹកវិល, សៀមរាប, គោកចក, ចុងឃ្នៀស, សំបួរ, ស្រង៉ែ, ក្របីរៀល បានធ្វើបទបង្ហាញចែករំលែកនូវលទ្ធផលដែលសម្រេចបានពីការចុះផ្សព្វផ្សាយតាមមូលដ្ឋានគោលដៅស្តីអំពី“សេវាសង្គម សេវាសាធារណៈ អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ស្វែងយល់ពីតារាងសង្ខេបផែនការថវិកាឃុំ-សង្កាត់”កាលពីខែកុម្ភៈ ដោយលើកយកសំណូមពររបស់ប្រជាពលរដ្ឋទៅកាន់អង្គសិក្ខាសាលាបានជ្រាបផងដែរ។
សកម្មភាពយុវជនឡើងធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្តីអំពី “ថវិកាឆ្លើយតបយេនឌ័រ និងការគាំពារសង្គម និងការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។រូបភាពដោយ សូរ សែន។
កញ្ញា អូស៊ីលី(Othilie) ជនជាតិបារាំង អាយុ២២ឆ្នាំជានិស្សិតឆ្នាំទី៣ ផ្នែកចិត្តវិទ្យា ដែលបានចុះមកកម្មសិក្សាការងារស្ម័គ្រចិត្តនៅប្រទេសកម្ពុជាបានចែករំលែកបទពិសោធន៍ផ្ទាល់ដោយលើកឡើងថា យុវជន និងប្រជាពលរដ្ឋនៅប្រទេសបារាំងមានការចូលរួមក្នុងការពិភាក្សាគោលនយោបាយសាធារណៈ តាមរយៈការពិគ្រោះយោបល់ជាសាធារណៈ និងតាមអនឡាញ ការបំពេញសំណួរ ឬការជួបដោយផ្ទាល់ជាដើម។ មិនត្រឹមតែប៉ុណ្ណោះកញ្ញាថា យុវជន និងប្រជាពលរដ្ឋក៏មានទំនាក់ទំនងជាមួយក្រុមលទ្ធិប្រជាធិបតេយ្យដើម្បីជួយជំរុញឱ្យមានការបង្កើតគោលការណ៍សាធារណៈគាំទ្រទៅលើសេវាសង្គមផងដែរ។ លើសពីនេះទៀត ប្រជាពលរដ្ឋបារាំងមានការតស៊ូមតិតាមរយៈការបោះឆ្នោត ការធ្វើញ្ញត្តិ ការធ្វើបាតុកម្ម ការចូលរួមតាមរយៈបណ្តាញសង្គម ការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗផងដែរ។
សកម្មភាពអ្នកចូលរួមក្នុងសិក្ខាសាលាស្តីអំពី “ថវិកាឆ្លើយតបយេនឌ័រ និងការគាំពារសង្គម និងការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។រូបភាពដោយ សូរ សែន។
ក្នុងរឿងនេះដែរ លោក ឆប គីនីន ចៅសង្កាត់រងទី១នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប និយាយថា បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលនេះរួចលោកកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋពិសេសយុវជនកាន់តែមានភាពសិ្នតស្នាលក្នុងការដោះស្រាយបញ្ហារួមក្នុងមូលដ្ឋានដោយអាចបើកចំហរមតិរៀងៗខ្លួន។លោកយល់ថា ការចូលរួមរបស់យុវជនក្នុងចូលរួមជួយផ្សព្វផ្សាយនូវសេវាសាធារណៈនៅមូលដ្ឋាននេះ ពិតជាបានរួមចំណែកបញ្ជ្រាបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ និងបានបំពេញនូវភាពខ្វះចន្លោះរបស់អាជ្ញាធរមូលដ្ឋានឱ្យបម្រើសេវាជូនពលរដ្ឋកាន់តែប្រសើរ។លោកស្នើអង្គការស្តាររៀបចំវគ្គ បណ្តុះបណ្តាលបែបនេះបន្ថែមទៀត ដើម្បីឱ្យអាជ្ញាធរក្នុងសង្កាត់ផ្សេងៗទៀតបានយល់ដឹងកាន់តែច្បាស់ពីតួនាទីនិងកិច្ចសហការជាមួយក្រុមយុវជនក្នុងការនាំយកនូវសំណើសំណូមពររបស់ពលរដ្ឋមកដោះស្រាយ។
សកម្មភាពការងារក្រុមក្នុងសិក្ខាសាលាស្តីអំពី “ថវិកាឆ្លើយតបយេនឌ័រ និងការគាំពារសង្គម និងការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។រូបភាពដោយ សូរ សែន។
នៅចុងបញ្ចប់កម្មវិធីលោកនាយកប្រតិបត្តិរបស់អង្គការស្តារកម្ពុជា បានថ្លែងកត់សម្គាល់បន្ថែមថា “ស្រី្តមានការចូលរួមយ៉ាងសកម្មទាំងកិច្ចការងារនៅផ្ទះ និងកិច្ចការងារសង្គម ហើយប្រជាពលរដ្ឋក៏មានការយល់ដឹងច្រើនពីសេវាសង្គមនឹងមានភាពក្លាហានក្នុងការបញ្ចេញមិតយោបល់ក៏ដូចជា បញ្ហាប្រឈមក្នុងសហគមន៍ដោយបានលើកជាសំណើរផ្សេងៗ។ ជាងនេះទៀតលោកក៏កោតសរសើរពីម្ចាស់មូលនិធិដែលបានចូលរួមពិសេស យុវជនដែលមានភាពសកម្មក្រោយពីទទួលបានវគ្គបណ្តុះបណ្តាលជាច្រើននាពេលកន្លងមក៕
អត្ថបទខ្លី សរសេរដោយយុវតី សូរ សែន សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។