រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តដល់អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ដូចជា អ្នករត់រ៉ឺម៉កកង់បី អ្នកលក់បាយ អ្នកលក់ទឹកអំពៅ អ្នកលក់ដូរក្នុងផ្សារ ដែលជាបុគ្គលស្វ័យនិយោជន៍ ឱ្យទទួលបានការប្រើប្រាស់សេវារបបសនិ្តសុខសង្គមផ្នែកថែទាំសុខភាពដែលហៅកាត់ថា ប.ស.ស ដោយគ្រាន់តែទៅចុះបញ្ជីនិងបង់ភាគទានចូលមក ប.ស.ស ក្នុងម្នាក់ចំនួន ១៥៦០០រៀល តែប៉ុណ្ណោះក្នុងមួយខែ។ អ្នកស្រី វ៉ាយ វត្តី រាយការណ៍
ដើម្បីប្រើប្រាស់សេវា ប.ស.ស បាន សម្រាប់បុគ្គលស្វ័យនិយោជន៍ម្នាក់ ត្រូវបង់ភាគទានចូលមក ប. ស. ស ចំនួន ១៥,៦០០រៀលក្នុងមួយខែ ហើយចំនួន២ខែដំបូងទើបគាត់អាចប្រើប្រាស់សេវា ប. ស. សបាន ពេលគាត់ឈឺ គឺគាត់អាចប្រើប្រាស់សេវា ប័ណ្ណ ប.ស.ស នេះដោយមិនគិតថ្លៃសម្រាប់ព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដៃគូ ចំនួន១,៥០៩ ទាំងឯកជន និងរដ្ឋ ពេទ្យថ្នាក់ជាតិ១១ និងពេទ្យឯកជនជាង១០០ និងអាចបង់សម្រាប់អ្នកនៅក្នុងបន្ទុកប. ស. ស ថែមទៀតផង។ នេះបើតាមលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាប័ណ្ណ ប.ស.ស សម្រាប់បុគ្គលស្វ័យនិយោជន៍ នេះ ដែរ អ្នកស្រី ឡូញ រ៉ាឌី ម្ចាស់ហាងរ៉ាឌី កាត់ដេរបានប្រាប់ឱ្យដឹងថា អ្នកស្រីបានដឹងខ្លះៗដែររឿងប័ណ្ណ ប.ស.ស នេះ តែឥឡូវអ្នកស្រីមិនទាន់បានឆ្លៀតពេលទៅធ្វើប.ស.សនោះទេ ព្រោះជាប់រវល់នឹងមុខរបរប្រចាំថ្ងៃ និងម្យ៉ាងទៀតអ្នកស្រីហាក់មិនទាន់ជឿទុកចិត្តលើការប្រើប្រាស់សេវា ប.ស.សនេះនៅឡើយ។
« អត់ទាន់បានធ្វើផង ខ្ញុំលឺតែគេថា មិនដែលដែរ ព្រោះគ្មានពេលចេញ មិនទាន់បានធ្វើ ទៅអ៊ីចឹងវាលំបាក សំខាន់បើយើងទៅមានលុយទៅវាលឿន »
តាមការឱ្យដឹងពីបេឡាជាតិសន្តិសុខសង្គម បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបការងារឬមុខរបរចំណូលផ្ទាល់ខ្លួនដោយគ្មានថៅកែ និងមិនប្រើកម្មករនិយោជិត។ ឧទាហរណ៍ដូចជា អ្នកលក់បាយតាមផ្លូវ អ្នករត់ម៉ូតូរ៉ឺម៉កកង់បី អ្នកលក់ទឹកអំពៅ អ្នកលក់ដូរក្នុងផ្សារ ជាដើម ។
ជុំវិញបុគ្គលស័្វយនិយោជន៍នេះដែរ លោក ខេង សៅ មានមុខរបរជាអ្នករត់តុតុ បានចាប់អារម្មណ៍និងចង់ប្រើប្រាស់សេវា បណ្ណ ប.ស.ស ដែរ តែដោយសារលោកមិនមានថវិកាគ្រប់គ្រាន់សម្រាប់បង់ជាប្រចាំខែ ហើយជាមួយគ្នានេះលោកក៏មានបណ្ណសមធម៌ ពីក្រុមការងារគាត់សម្រាប់យកទៅប្រើប្រាស់រួចហើយដែរ ។
«ចង់ ! គ្រាន់តែថាវាអត់មានលុយបង់មួយខែ១៥,៦០០រៀលហ្នឹង អត់មានលុយបង់បើរកលុយអត់បានដែរហ្នឹង តែនៅក្នុងធីបរបស់ខ្ញុំនេះគេឱ្យប័ណ្ណសមធម៌ ប័ណ្ណសមធម៌ហ្នឹងពេលចូលពេទ្យ ចូលអីហ្នឹងអត់អស់លុយ តែរឿងប័ណ្ណ ប.ស.ស ចេះតែចង់ប្រើហើយ តែគ្រាន់ថាយើងអត់មានលុយបង់រាល់ខែ.អ៊ីចឹងហ្នឹងណា!..»
អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម លោក ហេង សុផាន់ណារិទ្ធ បានឱ្យដឹងបន្ថែមថា« ប.ស.ស.បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចជួយកាត់បន្ថយនូវបន្ទុកចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍បាននៃប្រាក់ចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ បានដាក់ឱ្យដំណើរការកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍(អ្នកប្រកបរបររកស៊ីខ្លួនឯង)អ្នកលក់ដូរ រត់កង់បី ម៉ូតូឌុប និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្ត ដែលនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមសម្រាប់កម្ពុជា ដែលបានប្រែក្លាយសេចក្តីប្រាថ្នារបស់បុគ្គលស្វ័យនិយោជន៍ ភាគច្រើនក៏ដូចជាក្តីប្រាថ្នារបស់បងប្អូនកម្មករនិយោជិតភាគច្រើន និងបងប្អូនមន្ត្រីរាជការ ដែលចង់ឱ្យអ្នកនៅក្នុងបន្ទុករបស់ខ្លួនអាចទទួលបានការធានារ៉ាប់រងសុខភាពដូចខ្លួនដែរ។
ទាក់ទងនឹងការបង់ភាគទានរបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍នេះ លោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA បានបញ្ជាក់ឱ្យដឹងថា ការងារនេះគឺខាងសមាគមបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើសាកល្បងចាប់តាំងពីឆ្នាំ២០២៣និងជោគជ័យនៅចុងឆ្នាំ២០២៣ ផងដែរ ហើយនៅដើមឆ្នាំ២០២៤ រដ្ឋាភិបាលបានអនុញ្ញាតិឱ្យបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទូទាំងប្រទេសបានបង់ភាគទានដើម្បីទទួលបាន ប.ស.ស តាមរយៈការថែទាំសុខភាព។
«ខ្ញុំគិតថា វាគឺជាកិច្ចការឈានឡើងមួយកំរឹតទៀតសម្រាប់កិច្ចគាំពារសង្គមតាមរយៈ របបសន្តិសុខសង្គមពីរដ្ឋាភិបាលដើម្បីឱ្យយើងមានឱកាសបង់ភាគទាន ។ខ្ញុំមើលឃើញមួយទៀតថាវាគឺជាចំណុចវិវត្តន៍ថ្មីដែលយើងអាចទទួលបានបណ្ណ ប.ស.ស ដូចអ្នកនៅក្នុងប្រព័ន្ធដែរ ។ ប៉ុន្តែគ្រាន់តែយើងបានរបបថែទាំសុខភាពទេ។ ខ្ញុំគិតថា វាជាចំណុចប្រសើរថ្មីមួយដែរ សម្រាប់ពួកយើងប៉ុន្តែវា មិនទាន់បានទាំងអស់ទេ។»
លោក វ៉ន ពៅ បានឱ្យដឹងបន្ថែមថា សព្វថ្ងៃនេះយើងពិនិត្យទិន្នន័យរួមរបស់រាជរដ្ឋាភិបាល មានចំនួន១០ម៉ឺននាក់ដែលបុគ្គលស្វ័យនិយោជន៍ បានបង់ភាគទានក្នុងការចូល ប.ស.ស ។ដោយឡែកសមាជិក សមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA ចំនួន៣០០០នាក់ហើយ ដែលបានធ្វើបណ្ណ ប.ស.ស និងមួយចំនួនបានទៅទទួលសេវាប.ស.ស តាមរយៈបណ្ណនេះផងដែរ។
«ខ្ញុំគិតថាអ្វីដែលជាសំណូមពររបស់ខ្ញុំ សុំឱ្យរដ្ឋបន្ធូរបន្ថយពីការបង់ភាគទាន ព្រោះការបង់វាមានចំនួនច្រើនដែរ បើរដ្ឋអាចបន្ធូរបន្ថយបាន គួរបន្ថយ ព្រោះ១៥,៦០០រៀលវាច្រើនដែរ យើងបានតែរបបថែទាំសុខភាព អត់បានរបបគ្រោះថ្នាក់ការងារ និងអត់បានរបបសោធនផង អ៊ីចឹងបើរដ្ឋបានត្រឹមតែមួយរបបដូច្នេះគួរតែបន្ថយ ភាគទានខ្លះទៅ! ទី២ការបង់ភាគទានទៀតសោតសម្រាប់កញ្ចប់គ្រួសារ រដ្ឋគួរពិចារណាឡើងវិញ កុំឱ្យសមាជិកគ្រួសារបង់ដូចមេគ្រួសារដែរ ហ្នឹងជារឿងមួយដែលពិបាកក្នុងការទទួលយក និងពិបាកក្នុងការអត់លទ្ធភាពបង់។ ដូច្នេះសុំឱ្យរដ្ឋគិតទី១បញ្ចុះតម្លៃភាគទានបង់ ទី២ ការបញ្ចុះភាគទានសម្រាប់កញ្ចប់គ្រួសារ ទី៣សុំឱ្យមានរបបដូចអ្នកក្នុងប្រព័ន្ធដែរ មានរបបថែទាំសុខភាព របបគ្រោះថ្នាក់ការងារ របបសោធន ហើយសម្រាប់ស្រ្តីឆ្លងទន្លេ ឱ្យមានសេវា ទទួលបានអត្ថប្រយោជន៍ដូចអ្នកនៅក្នុងប្រព័ន្ធដែរ។»។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានឱ្យដឹងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលដែលបានបង្កើតឡើង ដើម្បីជួយប្រជាពលរដ្ឋឱ្យទទួលបានការថែទាំសុខភាពសម្រាប់ខ្លួនឯង ប្តីឬប្រពន្ធនិងកូនក្នុងបន្ទុកជាយថាហេតុដើម្បីឱ្យបងប្អូនអាចគ្រប់គ្រងចំណាយលើបញ្ហាសុខភាពនិងគ្រោះថ្នាក់ផ្សេងៗដើម្បីរក្សាលំនឹងប្រាក់ចំណូលក្នុងគ្រួសារនិងបង្កើនផលិតភាពការងារ៕