ភ្នំពេញ៖ ចលនាចំណាកស្រុករបស់ប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន ទៅធ្វើការងារនៅក្រៅប្រទេសនៅបន្តកើតមានពីមួយថ្ងៃទៅមួយថ្ងៃមិនឈប់ឈរ ក្នុងនោះកត្តាដែលជំរុញឱ្យមានចលនាចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេសកើតឡើងគឺបណ្តាលមកពីកត្តាជីវភាពគ្រួសារក្រីក្រជាចម្បង។
ការធ្វើចំណាកស្រុករបស់ពលរដ្ឋនាពេលបច្ចុប្បន្ន មានពីររូបភាព ទីមួយការធ្វើចំណាកស្រុកទៅធ្វើការងារទាំងក្នុងនិងក្រៅប្រទេសដោយស្របច្បាប់ និងទីពីរ គឺការធ្វើចំណាកស្រុកដោយមិនស្របច្បាប់ ឬចំណាកស្រុកតាមរយៈមេខ្យល់។ ទន្ទឹមគ្នានេះ ការធ្វើចំណាកស្រុកមិនស្របច្បាប់ទៅធ្វើការនៅក្រៅប្រទេស ឬធ្វើចំណាកស្រុកតាមរយៈមេខ្យល់នេះ បានបណ្តាលអ្នកធ្វើចំណាកស្រុកប្រឈមមុខនឹងហានិភ័យជាច្រើន ដូចជា ត្រូវចាញ់បោកមេខ្យល់ ត្រូវបានគេជួញដូរកម្លាំងពលកម្ម រងការធ្វើទុក្ខបុកម្នេញពីថៅកែ ការរស់នៅដោយលួចលាក់ មិនត្រូវបានច្បាប់ការពារ ព្រមទាំងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ផ្សេងៗរបស់ប្រទេសទាំងនោះ។
នាងកញ្ញា លោកលោកស្រីជាទីមេត្រី ដើម្បីជ្រាបច្បាស់ពីបញ្ហាពាក់ព័ន្ធនឹងការធ្វើចំណាកស្រុក និងការធ្វើចំណាកស្រុកបែបណាដែលមានសុវត្ថិភាពនោះ ជាបន្តសូមស្តាប់បទសម្ភាសន៍រវាងលោក ម៉ៅ សំណាង និងលោក នុត សំអុល មន្ត្រីគ្រប់គ្រងករណីគម្រោងនៃអង្គការអន្តរជាតិទេសន្តប្រវេស្តន៍ ហៅកាត់ជាភាសាអង់គ្លេសថា IOM ប្រចាំនៅកម្ពុជាដូចតទៅ៖