អ្នកព្យាករណ៍អាកាសធាតុថៃព្រមានថា សីតុណ្ហភាពក្នុងប្រទេសអាចកើនឡើងចន្លោះពី ៤៣ ទៅ ៤៤.៥ អង្សាសេចាប់ពីថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០២៤តទៅ ដែលធ្វើឱ្យអាកាសធាតុក្តៅខ្លាំងខុសពីធម្មតា។ ជាមួយគ្នានេះ នាយកដ្ឋានឧតុនិយមបញ្ជាក់ថា នៅក្នុងខែមេសានេះទៀតសោត អាចមានព្យុះភ្លៀង ផ្គរ និងរន្ទះ ដែលអាចកើតឡើងក្រោមឥទ្ធិពលអាកាសធាតុនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១ ខែមេសា ឆ្នាំ២០២៤។
នាយកដ្ឋានឧតុនិយមរបស់ថៃ ឱ្យដឹងទៀតថា សីតុណ្ហភាពខ្ពស់បំផុតអាចកើនឡើងដល់ ៤៣.០-៤៤.៥ អង្សាសេ ជាពិសេសនៅភាគខាងជើងនៃទិសឦសាន ផ្នែកខាងលើនៃតំបន់ទំនាបកណ្តាល និងភាគខាងកើតនៃប្រទេសថៃ។ អាកាសធាតុនឹងក្តៅខ្លាំងជាបន្តបន្ទាប់ ក៏ប៉ុន្តែនាយកដ្ឋានឧតុនិយមបន្ថែមថា អាកាសធាតុអាចនឹងចុះកម្តៅដោយសារព្យុះរដូវក្តៅ។
ពេញមួយខែនេះ នាយកដ្ឋានឧតុនិយមរំពឹងថា សីតុណ្ហភាពជាមធ្យមនឹងកើនឡើងប្រហែល ៣០% ដែលខ្ពស់ជាងកម្រិតសីតុណ្ហភាពធម្មតា។ នាយកដ្ឋានថា ជាទូទៅអាកាសធាតុក្នុងខែនេះ មិនបង្កជាការលំបាកសម្រាប់ភ្ញៀវទេសចរនោះឡើយ។ យ៉ាងណា នាយកដ្ឋានឧតុនិយមរបស់ថៃ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុ និងសុខភាពផ្ទាល់ខ្លួននៅអំឡុងពេលការកើនឡើងនៃកម្តៅនៅក្នុងប្រទេស ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕
ប្រភព៖ Bangkok Post ចុះថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤