en     km
en     km

អាជ្ញាធរជាតិអប្សរាស្នើឱ្យភ្ញៀវទេសចរចេះទុកដាក់សំណល់ប្លាស្ទិកជាថ្នូរគោរពដល់ទីសក្ការៈនៅរមណីយដ្ឋានអង្គរ

Share

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាចេញសេចក្តីអំពាវនាវដល់សាធារណជនដែលទៅលេងកម្សាន្តនៅរមណីយដ្ឋានអង្គរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ពោលគឺត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់សំណល់ប្លាស្ទិក។ នេះបើតាមសេចក្តីអំពាវនាវចេញលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។

ផ្អែកតាមសេចក្តីអំពាវនាវខាងលើ អាជ្ញាធរជាតិអប្សារាសង្កេតឃើញថា នាឱកាសពិធីបុណ្យចូលឆ្នាំមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិធ្វើដំណើរទៅរមណីយដ្ឋានផ្សេងៗដូចជា រមណីយដ្ឋានប្រវត្តិសាស្ត្រ រមណីយដ្ឋានកែច្នៃ រមណីយដ្ឋានធម្មជាតិ ឬទៅលំហែកាយជាលក្ខណៈគ្រួសារនៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជា ឬនៅក្រៅប្រទេសជាដើម។ ប្រការនេះ ជាហេតុបង្កឱ្យមានកំណើនសម្ភារៈប្លាស្ទិកដូចជា ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម ដែលភាគច្រើនគឺភ្ញៀវទេសចរណ៍ប្រើប្រាស់តែម្តងរួចក៏បោះចោល។

រូបភាព៖ អាជ្ញាធរជាតិអប្សរា 

 

ទន្ទឹមគ្នានេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរទាំងជាតិនិងអន្តជាតិ ពិសេសអាជីវករលក់ដូរទាំងអស់នៅក្នុងបរិវេណរមណីយដ្ឋានអង្គរ រួមគ្នាកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកឱ្យបានច្រើន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងវប្បធម៌។

រូបភាព៖ អាជ្ញាធរជាតិអប្សរា

 

ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានផ្តួចផ្តើមបង្កើតគម្រោង «ផ្តើមចេញពីអ្នក»។ គម្រោង «ផ្តើមចេញពីអ្នក» នេះ ធ្វើឡើងដើម្បីប្តូរមុខមាត់នៃការវេចខ្ចប់បែបថ្មី។ ក្រុមហ៊ុន MG បានប្រើការវេចខ្ចប់ដាក់ក្នុងប្រអប់ជ័រ ជំនួសឱ្យការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងចង្វាក់ផលិតក្រដាសអនាម័យកងប្រើក្នុងបន្ទប់ទឹក។

រូបភាព៖ តាំង សុបិន

 

លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា គម្រោង«ផ្តើមចេញពីអ្នក»នេះ ធ្វើឡើងមិនត្រឹមតែកែច្នៃការវេចខ្ចប់មួយមុខនោះទេ តែលោកថា ក្រុមហ៊ុន MG ចង់បញ្ជៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញ។

រូបភាពគំរូ

 

លោក សុបិន បន្ថែមទៀតថា ការវេចខ្ចប់ជាប្រអប់ជ័រជំនួសឱ្យការរុំថង់ប្លាស្ទិកលើផលិតផលក្រដាសអនាម័យ អាចជួយកាត់បន្ថយការផលិតនិងប្រើប្រាស់ថង់ប្លាស្ទិកមួយផ្នែកនៅលើភពផែនដី ពិសេសនៅក្នុងប្រទេសកម្ពុជា ហើយថែមទាំងជំរុញឱ្យអ្នកប្រើប្រាស់មានផ្នត់គំនិតចេះកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាងនេះ ទាំងអ្នកប្រើប្រាស់និងអាជីវករអាចប្តូរយកប្រអប់ថ្មីបាន នៅពេលផលិតផលអនាម័យអស់ពីក្នុងប្រអប់ ខណៈការដឹកជញ្ជូនមិនគិតកម្រៃអ្វីឡើយ៕

Share

ព័ត៌មានទាក់ទង

Image