en     km
en     km

ករណីដាំដើមឈើឡើងវិញ៖ក្រសួងបរិស្ថានឱ្យអភិបាលក្រុងខេត្តធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដីដែលបានបង្ក្រាប

Share

ក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យអភិបាលរាជធានី-ខេត្តធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដីដែលត្រូវបានបង្ក្រាបតាមរយៈការកាប់គាស់ ទន្រ្ទាន ឈូសឆាយ និងបង្ក្រាបយកមកវិញបាន ហើយស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីដាំស្ដារព្រៃឈើឡើងវិញ។

តាមការជូនដំណឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថានបញ្ជាក់ថាការធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដីនេះ បន្ទាប់ពីក្រសួងបានចេញនូវការជូនដំណឹងស្ដីពីផែនការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ការដុត ឬឈូសឆាយដីព្រៃក្នុងតំបន់ការពារធនធានធម្មជាតិធ្វើជាកម្មសិទ្ធិ។ ក្រសួងបញ្ជាក់ថា ផ្ទៃដីមួយចំនួនត្រូវបានគណៈបញ្ជាការឯកភាពរាជធានី ខេត្តបានធ្វើការបង្ក្រាបយកមកវិញជាបន្តបន្ទាប់។

កម្ពុជាបានដាក់គោលដៅឱ្យក្លាយជាប្រទេសដែលមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ក្នុងនោះរដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែតបានដាក់ចេញយុទ្ធសាស្ដ្រដាំដើមឈើមួយលានដើម ជារៀងរាល់ឆ្នាំ ដើម្បីស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ។

សង្គមស៊ីវិលជាច្រើនក្រុម រួមមានក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានមើលឃើញថា រាជរដ្ឋាភិបាលបានខិតខំក្នុងការបង្កើតតំបន់ការពារធនធានធម្មជាតិ ច្បាប់ និងបទដ្ឋានគតិយុត្តិផ្សេងៗដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ ។

តែយ៉ាងណាពួកគេបញ្ជាក់ថា វិធានការទាំងនេះពុំទាន់អាចដោះស្រាយបញ្ហាដែលកើតឡើងលើការបំផ្លាញ និងឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃបានទេ ខណៈការកែប្រែដីតំបន់ការពារទៅជាទម្រង់ដីសម្បទានកិច្ច និងការអនុប្រយោគក្នុងរូបភាពជួល អំណោយ និងផ្ទេរកម្មសិទ្ធិនៅតែបន្ដកើតមានឡើង។ នេះបើយោងតាមសេចក្ដីថ្លែងការរួមរបស់ក្រុមសង្គមស៊ីវិលចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

បន្ថែមពីលើបញ្ហាដែលពុំទាន់អាចដោះស្រាយបាននេះ ក្រុមសង្គមស៊ីវិលបានអំពាវនាវដល់រាជរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បើកចំហសេរីភាពឱ្យសហគមន៍មូលដ្ឋាន និងក្រុមសង្គមស៊ីវិលអាចចូលរួមការពារព្រៃឈើ និងអាចដើរល្បាតព្រៃដោយសេរីឡើងវិញ ដោយគ្មានការគំរាមកំហែង និងបំភិតបំភ័យគ្រប់រូបភាព៕

Share

ព័ត៌មានទាក់ទង

Image