en     km
en     km

ក្រសួងសេដ្ឋកិច្ចសម្រេចអនុគ្រោះពន្ធដល់សហគ្រាសកសិកម្មដល់ដំណាច់ឆ្នាំ២០២៥

Share

ក្រសួងសេដ្ឋកិច្ច នឹងអនុគ្រោះពន្ធដល់សហគ្រាសដែលធ្វើការផ្នែកវិស័យកសិកម្មរហូតដល់ដំណាច់ឆ្នាំ២០២៥។ ពន្ធដែលត្រូវអនុគ្រោះសម្រាប់វិស័យកសិកម្មរួមមាន៖ ការព្យួរទុកការបង់ពន្ធអប្បបរមា, ការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងការរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្តត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស។ នេះបើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម។ លោក គីម ចាន់ចាវ រាយការណ៍

 

ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដែលចុះហត្ថលេខាដោយ លោករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា «សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ធី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវទទួលបានការអនុគ្រោះរហូតដល់ដំណាច់ឆ្នាំ២០២៥»។

ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញឬសេវាដល់សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ផលិតផលកសិកម្មខាងលើ។ លើសពីនេះ សហគ្រាសដែលជាអ្នកផ្គត់ផ្គង់ខាងលើនេះ មិនត្រូវគិតអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់របស់ខ្លួនទេ ប៉ុន្តែត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូលដែលទាក់ទិននឹងការផ្គត់ផ្គង់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដើម្បីទទួលបានការលើកទឹកចិត្ដពន្ធដារចំពោះវិស័យកសិកម្មដែលរៀបរាប់ខាងលើ ម្ចាស់សហគ្រាស ត្រូវស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ ហើយភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ និងកាន់បញ្ជីគណនេយ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធបានកំណត់ផងដែរ។

ចំពោះសហគ្រាសដែលធ្វើការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវភ្ជាប់បញ្ជីឈ្មោះសហគ្រាសទទួលការផ្គត់ផ្គង់ជាមួយនឹងលិខិតប្រកាសអាក​រលើតម្លៃបន្ថែមប្រចាំខែ។ ក៏ប៉ុន្តែក្នុងករណីសហគ្រាសខាងលើ មិនបានបំពេញលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌទាំងអស់ខាងលើនេះទេ នោះការលើកទឹកពន្ធដារនឹងត្រូវបានដកហូត៕

 

Share

ព័ត៌មានទាក់ទង

Image