អ្នកជំនាញ និងអ្នកឃ្លាំមើលសង្គម ជំរុញឱ្យរដ្ឋាភិបាលអន្តរាគមន៍លើករណីសំណុំរឿងក្រុមហ៊ុន CIC ដើម្បីឱ្យមានយុត្តិធម៌សង្គមពេញលេញ។ ចំណែកក្រុមហ៊ុនCIC អះអាងថា ខ្លួនកំពុងប្រមូលលុយដើម្បីផ្តល់ដំណោះស្រាយដល់អ្នកវិនិយោគិនវិញ។ លោក គីម ចាន់ចាវ រាយការណ៍
កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២៣ជនរងគ្រោះ ដែលដាក់ទុនវិនិយោគក្នុងក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) បានស្នើឱ្យមានការដោះស្រាយវិបត្តិនៃការបាត់ទុនវិនិយោគ រាប់សិបលានដុល្លារ ម្ដងរួចមកហើយ ប៉ុន្តែការអំពាវនាវនោះហាក់មានការស្ងប់ស្ងាត់។
រហូតទាល់តែមានការលើកឡើងពីអ្នកធ្វើមាតិកាតាមបណ្ដាញសង្គម គឺអ្នកនាង សូ កន្និដ្ឋា រួមនឹងប្រតិកម្ម ពីអតីតសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុននេះ គឺលោក គួច ម៉េងលី ក្នុងអំឡុងខែមីនា ឆ្នាំ២០២៤នេះ ដែលទាមទារឱ្យមានការស៊ើបអង្កេត នាំជនល្មើសដែលកិបកេងលុយវិនិយោគទៅផ្ដន្ទាទោស ទើបឃើញមានការអន្តរាគមន៍ និងការឆ្លើយតបពីស្ថាប័នពាក់ព័ន្ធ។
លោក គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជាអ្នកជំនួញផ្នែកវេជ្ជសាស្ត្រ និងអប់រំ បានចេញមុខបញ្ជាក់ថាខ្លួនក៏ជាជនរងគ្រោះមួយរូបដែរក្នុងចំណោមពលរដ្ឋរងគ្រោះដទៃទៀត។ អ្នកឧកញ៉ា គួច ម៉េងលី ដែលជាជនរងគ្រោះ អស់លុយជិត ៣០ម៉ឺនដុល្លារ បានទទូចថា ករណីនេះ ត្រូវតែមានការស៊ើបអង្កេតពីព្រោះថាប្រាក់រាប់សិបលានដុល្លារត្រូវបានបាត់បង់ ហើយគ្រួសារនិងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែក្លែងបន្លំ ទាំងនេះ ។
លោក គួច ម៉េងលី ជនរងគ្រោះអស់លុយជិត ៣០ម៉ឺនដុល្លារ ក្នុងការវិនិយោគជាមួយក្រុមហ៊ុន ស៊ីអាយស៊ី (CIC) ប្រភព រូបភាពពី ហ្វេសប៊ុក របស់លោក
អ្នកជំនាញផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុស្ត្រីថាករណីក្រុមហ៊ុនCIC រដ្ឋាបាភិបាលមានតួនាទីទទួលខុសត្រូវចម្បងបំផុតនោះគឺ ធានាថាប្រសិនបើមានអំពើឆបោក គឺត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ចៀសវាង បញ្ហានេះរីករាលដាលបន្តទៀត ឬទុកឱកាសឱ្យជនឆបោកមានលទ្ធភាពនៅក្នុងការទទួលខុសត្រូវ។
លោកថ្លែងថា៖«ប្រសិនបើវាជាអំពើឆបោក ដូច្នេះរដ្ឋាភិបាលត្រូវប្រញាប់នៅក្នុងការរក្សានូវអត្ថប្រយោជន៍របស់ជនរងគ្រោះ។ នៅក្នុងការរក្សានេះវាអាចមានជាការបង្កកទ្រព្យសម្បត្តិ ការរឹបអូសទ្រព្យសម្បត្តិ ឬក៏អ្វីផ្សេងៗដែលធានាថា នៅពេលដែលជនបង្ក អត់ទទួលខុសត្រូវចំពោះមុខច្បាប់ហើយ ដូច្នេះជនរងគ្រោះក៏គាត់មិនខាតបង់អំពីការដាក់ប្រាក់វិនិយោគរបស់ពួកគាត់ហ្នឹងបាទ»។
លោក វ៉ន ចាន់ឡូត អ្នកជំនាញផ្នែកច្បាប់ ប្រភព រូបភាពពី ហ្វេសប៊ុក របស់លោក
ក៏ប៉ុន្តែក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) បានអំពាវនាវឱ្យវិនិយោគិនចូលរួមក្នុងយន្តការដោះស្រាយពាក់ព័ន្ធលុយជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនកំពុងតែវេចខ្ចប់ទ្រព្យដើម្បីដោះស្រាយជូនទៅអ្នកវិនិយោគវិញ។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមហ៊ុន។
ក្នុងសេចក្តីបំភ្លឺព័ត៌មានចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុនស៊ីអាយស៊ី បានរៀបរាប់ថា បញ្ហាដែលកំពុងកើតឡើងនៅក្នុងក្រុមហ៊ុនគឺជាវិបត្តិហិរញ្ញវត្ថុដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុនពោលគឺមិនមែនជាសំណុំរឿងបោកប្រាស់ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ។
ក្រុមហ៊ុនបញ្ជាក់ថា៖«ក្រុមហ៊ុននៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប។ ក្រុមហ៊ុននឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា(នមក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិនជាអាទិភាព»។
កាលពី២ខែមុន ក្នុងសំណុំរឿងក្រុមហ៊ុន ស៊ីអាយស៊ី នេះ ម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ (Chivann Pen) គឺលោក យ៉ង ប៉ាក់ ធ្លាប់បានបញ្ជាក់ថា លោកក៏ជាជនរងគ្រោះម្នាក់ នៅក្នុងការវិនិយោគជាមួយក្រុមហ៊ុនដែរ។
លោក យ៉ង ប៉ាក់ ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ ក្រោយពីលោកបានផ្សព្វផ្សាយថា អតីតប្រធានអង្គការតម្លាភាពកម្ពុជា (TI) និងបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី គឺលោក ព្រាប កុល ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ លួចលុយក្នុងក្រុមហ៊ុននេះ។ ប៉ុន្តែការចោទប្រកាន់ពីលោក យ៉ង បាក់ ត្រូវបានលោក ព្រាប កុល ចេញមុខបដិសេធ។ លោក យ៉ង ប៉ាក់ ធ្លាប់ព្រលយសារមុនការចាប់ខ្លួនថា លោកមានភស្តុតាង ដែលបញ្ជាក់អំពីការជាប់ពាក់ព័ន្ធរបស់លោក ព្រាប កុល ក្នុងការកិបកេងលុយជាង៨០លានដុល្លារ។
លោក កឹម សុខ អ្នកវិភាគបញ្ហាសង្គមនៅក្រៅប្រទេស បានសរសរលើបណ្ដាញហ្វេសប៊ុកថា មុនស៊ើបអង្កេតក្រុមហ៊ុនCIC ត្រូវដោះលែងលោក យ៉ង ប៉ាក់។ លោកអះអាងថា លោក យ៉ង ប៉ាក់ ជាជនរងគ្រោះ ចាញ់បោកក្រុមហ៊ុនដែរ។ តាមផ្លូវច្បាប់ គាត់ត្រូវមានឱកាសរកយុត្តិធម៌ឱ្យខ្លួនគាត់ផង និងក៏ជាសាក្សីសំខាន់មួយរូប ក្នុងដំណើរការស៊ើបអង្កេតលើក្រុមហ៊ុនផង។
និយ័តករមូលបត្រកម្ពុជាវិញ កាលពីទី២៥ មីនា បានចេញប្រកាសព័ត៌មានថា ទ្រព្យសកម្មរបស់ក្រុមហ៊ុន ត្រូវបានប្រមូលមកវិញប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប។ និយ័តករមូលបត្រកម្ពុជា កំពុងជំរុញការរៀបចំវេចខ្ចប់ទ្រព្យទាំងនេះ ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងបន្តពិនិត្យ គ្រប់គ្រងការងាររបស់គណៈកម្មការស្ដារក្រុមហ៊ុន និងមូលនិធិរបស់ក្រុមហ៊ុនជាបន្តទៀត ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់។
លោក ឃឹម សុខហេង គ្រូជោគជ័យ ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុន ស៊ីអាយស៊ី (CIC) ។ ប្រភព រូបភាពពី ហ្វេសប៊ុក CIC
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ លើកឡើងថា កុំថាឡើយពលរដ្ឋសាមញ្ញ សូម្បីតែឧកញ៉ា គួច ម៉េងលី ក៏ចាញ់បោកគ្រូជោគជ័យនិងក្រុមហ៊ុនស៊ី.អាយ.ស៊ី (CIC Plc) អស់ជិត៣សែនដុល្លារដែរ។
ចំណែកប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា អះអាងថា សង្គមយើងមិនអាចបណ្ដែតបណ្ដោយឱ្យជនប្រភេទនេះបន្តសកម្មភាពរបស់ខ្លួនដោយរួចផុតពីសំណាញ់ច្បាប់បានជាដាច់ខាត ពីព្រោះបើដូច្នេះ វានឹងបង្កទៅជាវិបត្តិសង្គមដ៏ធ្ងន់ធ្ងរទៅថ្ងៃក្រោយ គឺវិបត្តិទំនុកចិត្ត, វិបត្តិសីលធម៌, វិបត្តិធនាគារ, វិបត្តិហិរញ្ញវត្ថុ, វិបត្តិផ្លូវចិត្ត, វិបត្តិសន្តិសុខ, វិបត្តិវណ្ណៈ ហើយចុងក្រោយ គឺវិបត្តិនយោបាយ ដែលនាំឱ្យសង្គមចលាចល ពិបាកគ្រប់គ្រង។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបញ្ជាក់ថា ច្បាប់ត្រូវតែកាត់ផ្តាច់ ជីកឫស រំលើងគល់ជនឈ្លើងសង្គមឱ្យអស់ ទើបស្រុកយើងមានសន្តិភាពនិងស្ថិរភាពយូរអង្វែង, មានវិបុលភាពនិងការអភិវឌ្ឍពិតប្រាកដ, មានយុត្តិធម៌សង្គមពេញលេញ និងមានសុខុដមរម្យនារឹងមាំ។ បើមិនដូច្នោះទេ ផ្លូវទៅកាន់ឆ្នាំ២០៣០ ពិតជាលំបាក ហើយផ្លូវទៅកាន់ឆ្នាំ២០៥០ កាន់តែវែងឆ្ងាយ៕