ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ កម្មករ កម្មាការិនីប្រមាណ ១៧០នាក់នៃរោងចក្រ MA Handbag (Cambodia) Co, LTD. បានចេញតវ៉ានៅមុខរោងចក្រ និងនាំគ្នាធ្វើដំណើរមកក្រសួងការងារដើម្បីស្វែងរកដំណោះស្រាយ បន្ទាប់ពីថៅកែដឹកសម្ភារៈរត់ចោលរោងចក្រ ទាំងមិនទាន់ទូទាត់សំណងនានាជូនកម្មករនៅឡើយ។
សកម្មភាពកម្មករប្រមូលផ្តុំគ្នានៅមុខរោងចក្រពិគ្រោះយោបល់មុនទៅក្រសួងការងារ។រូបភាពពីហ្វេសប៊ុកសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។
តាមទំព័រហ្វេសប៊ុកសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាបញ្ជាក់ថា រោងចក្រដេរកាបូប MA Handbag (Cambodia) Co, LTD. មួយនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤១ ភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងកម្មករនិយោជិត សរុបជាង ១៧០នាក់។
បើតាមទំព័រហ្វេសប៊ុកសមាគមខាងលើឱ្យដឹងទៀតថា ដំបូងឡើយរោងចក្រ បានចាប់ផ្តើមព្យួរការងាររបស់កម្មករនិយោជិត ចាប់តាំងពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ បន្ទាប់មករោងចក្រចាប់ផ្តើមដឹកសម្ភារៈចេញពីរោងចក្រ កាលពីយប់ថ្ងៃទី១៦និងទី១៧ ខែមីនា ឆ្នាំ២០២៤ ដោយមិនទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ស្តីពីការងារនៅឡើយនោះទេ។
សកម្មភាពកម្មករប្រមូលផ្តុំគ្នានៅមុខរោងចក្រពិគ្រោះយោបល់ជាមួយសមាគមអភិវឌ្ឍន៍មុនទៅក្រសួងការងារ។រូបភាពពីហ្វេសប៊ុកសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។
ជុំវិញករណីនេះកម្មាការិនីនៃរោងចក្រ MA Handbag គឺអ្នកស្រី ឃិន សុខវ៉ាត ប្រាប់ថា នៅព្រឹកនេះបន្ទាប់ពីប្រមូលនៅមុខរោចក្រ កម្មករបានធ្វើដំណើរ មកក្រសួងការងារដើម្បីឱ្យក្រសួងជួយស្វែងរកដំណោះស្រាយស្របតាមនីតិវិធីច្បាប់។ អ្នកស្រីបន្ថែមថា កម្មករចង់ឱ្យភាគីរោងចក្រទូទាត់ប្រាក់សំណងនានាតាមគោលការណ៍ច្បាប់ ដ្បិតកម្មករបានត្រឹមតែប្រាក់ខែចុងក្រោយតែប៉ុណ្ណោះ ខណៈកម្មករខ្លះមានអតីតភាពការងារជាង១០ឆ្នាំមកហើយ។
អ្នកស្រី ឃិន សុខវ៉ាត៖
សកម្មភាពកម្មកររោងចក្រMAធ្វើដំណើរមកក្រសួងការងារនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ រូបភាពពីហ្វេសប៊ុកសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា។
ទាក់ទងរឿងនេះ លោក ព្រុំ ប៊ុនថន ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជាប្រាប់ថា ករណីនេះកម្មករពុំទាន់បានទទួលប្រាក់ព្យួរការងារ និងប្រាក់ស្តីពីការជូនដំណឹងនៃការរត់ចោលរោងចក្រនោះឡើយទេ។ លោកថា សមាគមជួយព្រឹក្សាយោបល់ជូនកម្មករឱ្យស្វែងរកកិច្ចអន្តរាគមន៍បន្ថែមពីក្រសួងការងារ ដើម្បីទទួលបានប្រាក់ទាំងពីរចំណុចខាងលើ បន្ថែមពីលើប្រាក់ខែចុងក្រោយ៕
ប្រភពព័ត៌មានផ្តល់ជូនដោយលោក ព្រុំ ប៊ុនថន ជាសិក្ខាកាមរបស់WMC។