ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ស្វាគមន៍វត្តមានគណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ្នកតំណាងរាស្ត្រនៃសហភាពអន្តរសភា នឹងបំពេញបេសកកម្ម នៅប្រទេសកម្ពុជា នៅពាក់កណ្ដាលខែកុម្ភៈនេះ ដើម្បីស៊ើបអង្កេតសំណុំរឿងហិង្សា តំណាងរាស្ត្របក្សប្រឆាំងពីររូប ។
គណៈកម្មការនៃសហភាពអន្តរសភា គ្រោនឹងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីបើកការស៊ើបអង្កេតករណីពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើតំណាងរាស្ត្រពីររូបរបស់គណបក្សប្រឆាំង គឺលោក ញ៉យ ចំរើន និងលោក គង់ សភា នៅពាក់កណ្តាលខែ កុម្ភៈ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានសំលេងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកស្វាគមន៍ដំណើរបេសកម្មរបស់តំណាងគណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្ស នៃសហភាពអន្តរសភា មកកម្ពុជា ដើម្បីស្វែករកការពិតដែលកើតឡើង ចំពោះតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិពីររូប កាលពីឆ្នាំមុននោះ។ លោកបន្តថា តំណាងរាស្ត្រលោក គង់ សភា និង ញ៉យ ចំរើន ត្រូវតែទទួលបានយុត្តិធម៌ពិតប្រាកដលើករណីអំពើហិង្សានេះ។ ទោះបីយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះ មិនទាន់អាចបញ្ជាក់ពីក្តីសង្ឃឹមថានឹងអាចទទួលបានយុត្តិធម៌យ៉ាងណានៅឡើយទេ ចំពោះវត្តមានរបស់គណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្ស នៃសហភាពអន្តរសភានេះ។
ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថារាជរដ្ឋាភិបាលស្វាគមន៍ដែល គណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សរបស់អ្នកតំណាងរាស្ត្រនៃសហភាពអន្តរសភា ដែលគ្រោងនឹងបំពេញបេសកកម្មនៅកម្ពុជានៅពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ ដើម្បីស៊ើបអង្កេតសំណុំរឿងហិង្សាលើតំណាងរាស្ត្របក្សសង្គ្រោះជាតិលោក គង់ សភា និង ញ៉យ ចំរើន ប្រសិនបើបេសកម្មរបស់គណៈកម្មការនេះ មកជាលក្ខណៈផ្លូវការ។
លោកបន្តថា សំនុំរឿងវាយដំលើតំណាងរាស្ត្រគណបក្សប្រឆាំង នៅមុខរដ្ឋសភាកាលពីឆ្នាំ ២០១៥កន្លងទៅ រាជរដ្ឋាភិបាលកំពុងតែបន្តនីតិវិធីស៊ើបអង្កេតនៅឡើយ ។
លោក សុខ ឥសាន មានប្រសាសន៍ថា៖ «អាហ្នឹងយើងទុកសិទ្ធិឲ្យគេ យើងគ្មានសិទ្ធិអ្វីហាមឃាត់គេទេ ។ បើគេមកជាផ្លូវការយើងត្រូវទទួលការស្វាគមន៍គេ បើគេមកជា ឯកជន អាហ្នឹងជារឿងមួយទៀត ព្រោះពិធីការវាមានលក្ខណៈអញ្ចឹង។ សំនុំរឿងនេះនៅបន្តធ្វើ ខាងមហាផ្ទៃគណកម្មាធិការដែលរាជរដ្ឋាភិបាលបង្កើតមកមិនទាន់រំសាយទេ»។
ទាក់ទងនឹងបញ្ហានេះ លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស លីកាដូ ក៏បានគាំទ្រាំចំពោះបេសកម្មរបស់តំណាងគណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្ស នៃសហភាពអន្តរសភា មកកម្ពុជា នេះផងដែរ។ លោកបាននិយាយយ៉ាងដូច្នេះថា៖ «គណៈកម្មការនេះ នឹងជួយជំរុញ នឹងជំរុញ ប្រទេសកម្ពុជាយើងផ្តល់យុត្តិធម៌ សម្រាប់តំណាងរាស្ត្រ និងចាត់វិធានការ ដើម្បីការពារ សុវត្ថិភាព សន្តិសុខ តំណាងរាស្ត្របន្ថែមទៀតផងដែរ »។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ប្រជាពលរដ្ឋមួយក្រុមបានធ្វើបាតុកម្មតវ៉ាទាមទារឲ្យរដ្ឋសភាដកតំណែងលោក កឹម សុខា ជាអនុប្រធានទី១ នៃរដ្ឋសភា។ ក្នុងបាតុកម្មនោះ ហ្វូងបាតុករបានវាយតំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ឱ្យរងរបួសធ្ងន់ធ្ងរ ពេលដែលលោកចេញពីរដ្ឋសភា នៅម៉ោងសម្រាកអាហារថ្ងៃត្រង់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក ញ៉យ ចំរើន និងលោក គង់ សភា តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិកំពុងតែស្នាក់នៅសហរដ្ឋអាមេរិកនៅឡើយ៕