en     km
en     km

World Vision៖ ជំរំអំណានក្លាយជាថ្នាលបណ្តុះវប្បធម៌នៃការអាននិងបទពិសោធន៍សិក្សាបែបថ្មីដល់កុមារ

Share

អង្គការទស្សនៈពិភពលោក (World Vision) ផ្តួចផ្តើមរៀបចំយុទ្ធនាការអំណានឮៗជាថ្មី ក្នុងគោលបំណងកៀរគរអំណោយជាសៀវភៅចំនួន ១ម៉ឺនក្បាល ផ្គត់ផ្គង់នៅតាមបណ្ណាល័យ និងជំរំអំណានតាមសហគមន៍ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ជំរំអំណានមានសភាពប្លែកថ្មីពីបណ្ណាល័យ ត្រង់កុមារនឹងទទួលបានបរិយាកាសសិក្សាបែបថ្មី ដោយហេតុថា ជំរំអំណានចង់បណ្តុះទម្លាប់នៃការអានរបស់កុមារ និងចំណេះដឹងសង្គមឱ្យបានច្រើន។

(លោក ឡាក់ ច័ន្ទតារា រាយការណ៍)

លោក ព្រំ រិទ្ធី៖ «ជំរំអំណានជាទីកន្លែងដែលមានសុវត្ថិភាព មានភាពរីករាយ និងមេត្រីភាពសម្រាប់កុមារបានមកប្រាស្រ័យទាក់ទងគ្នា និងចូលរួមក្នុងសកម្មភាពអាន ឬទិនានរឿងនិងធ្វើសកម្មភាពផ្សេងដែលមានលក្ខណៈលេងកំសាន្តផង និងរៀនផងទៅដល់កុមារ។»។

នេះជាលើកឡើងរបស់លោក ព្រំ រិទ្ធី អ្នកជំនាញជាន់ខ្ពស់របស់កម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោក ដែលបានពន្យល់អត្ថន័យនៃពាក្យ «ជំរំអំណាន» និងបញ្ជាក់ពីទិដ្ឋភាពខុសប្លែកគ្នាពីបណ្ណាល័យដែលមានជាទូទៅសព្វថ្ងៃ។ អ្នកជំនាញជាន់ខ្ពស់របស់កម្មវិធីអប់រំរូបនេះ បញ្ជាក់ទៀតថា ជំរំអំណានដែលផ្តួចផ្តើមដោយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា រៀបចំឡើងក្នុងគោលបំណងបណ្តុះទម្លាប់អាន បណ្តុះការស្រឡាញ់ក្នុងការរៀនសូត្រ និងទទួលបានមេរៀនចិត្តសង្គមផ្សេងៗក្នុងការរស់នៅទៅកាន់សិស្សនៅក្នុងកម្រិតបឋមសិក្សា កុមារដែលបានបោះបង់ការសិក្សា កុមាររៀននៅក្រៅសាលា និងកុមារងាយរងគ្រោះជាដើម។

លោក ព្រំ រិទ្ធី អ្នកជំនាញជាន់ខ្ពស់របស់កម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោក (រូ​បភាពពី៖ World Vision)

 

លោក ព្រំ រិទ្ធី៖ «សម្រាប់គុណប្រយោជន៍នៃជំរំអំណាន គឺទី១យើងបង្កើតជំរំអំណានមកដើម្បីធ្វើការបណ្តុះទម្លាប់អាន ហើយនិងឱ្យកុមារស្រឡាញ់នូវការរៀនសូត្រ គាំទ្រដល់ការបណ្តុះអក្ខរកម្មសម្រាប់កុមារ និងជួយឱ្យពួកគេចូលចិត្តអំណានតាំងពីតូចទៅ ព្រមទាំងស្រលាញ់ការរៀនសូត្រផងដែរ។ ហើយចំណុចទី២ធ្វើឱ្យកុមារទទួលបានមេរៀនផ្នែកចិត្តសង្គម និងអារម្មណ៍ផ្សេងៗក្នុងការរស់នៅនិងទំនាក់ទំនងក្នុងសង្គមជាមួយនឹងមិត្តភក្តិរបស់គាត់ ក៏ដូចជាឪពុកម្តាយបងប្អូនរបស់គាត់ផងដែរ។ ហើយចំណុចទី៣ ជំរំអំណានគឺបានផ្តល់ប្រយោជន៍មួយទៀតទៅដល់កុមារទៅលើបំណិនដែលគាត់មិនទាន់ចេះច្បាស់នៅក្នុងសាលារៀនអាចមកបន្ថែមបាននៅក្នុងជំរំអំណាន ស្គាល់តួអក្សរ សូរអក្សរ និងវាក្យសព្ទ ប៉ុន្តែកម្មវិធីជំរំអំណានមិនអាចជំនួសកម្មវិធីសិក្សារបស់ក្រសួងអប់រំឡើយ វាគ្រាន់តែជាចំណែកមួយតែប៉ុណ្ណោះ។»។

(រូ​បភាពពី៖ World Vision)

 

ជាមួយគ្នានេះ លោក ព្រំ រិទ្ធី ក៏លើកឡើងពីកត្តាប្រឈមជុំវិញការរៀបចំជំរំអំណាននេះផងដែរ ដោយក្នុងនោះមានបញ្ហា កង្វះទីតាំងសម្រាប់រៀបចំនិងដឹកនាំជំរំអំណាន ខ្វះខាតអ្នកសម្របសម្រួល ព្រោះពួកគេសុទ្ធសឹងជាអ្នកស្ម័គ្រចិត្តធ្វើការដោយមិនទទួលបានថវិកាឧបត្ថម្ភអ្វីឡើយ។ បញ្ហាមួយទៀតនោះ ត្រង់សមត្ថភាពរបស់អ្នកសម្របសម្រួលនៅមានកម្រិតដែលទាមទារការជួយជំរុញបន្ថែម និងកង្វះខាតសម្ភារៈបង្រៀននិងរៀន។ ទោះបីជាមានបញ្ហាប្រឈមក្តី លោកថាអង្គការទស្សនៈពិភពលោក ប្តេជ្ញាបន្តពង្រឹងសមត្ថភាពរបស់អ្នកសម្របសម្រួលជំរំអំណាន ដើម្បីដឹកនាំ និងសម្របសម្រួលជំរំអំណានឱ្យកាន់តែមានប្រសិទ្ធភាព។

តាមការបញ្ជាក់ពីមន្រ្តីខាងលើ តាមរយៈយុទ្ធនាការអំណានឮៗ នឹងក្លាយជាផ្នែកមួយដ៏សំខាន់រួមចំណែកកៀរគរសម្ភារៈសិក្សា និងសៀវភៅអំណានមួយចំនួន សម្រាប់ផ្គត់ផ្គង់នៅតាមបណ្តាជំរំអំណាន ដែលអង្គការទស្សនៈពិភពលោកកំពុងរៀបចំ។ ក្នុងនោះ អង្គការទស្សនៈពិភពលោកបានពាំនាំនូវយុទ្ធនាការអំណានឮៗជាលើកទី៣ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នៅបរិវេណ ហ្វេកធឺរីភ្នំពេញ (Factory Phnom Penh)។កម្មវិធីនេះ មានបំណងកៀរគរអំណោយជាសៀវភៅចំនួន ១ម៉ឺនក្បាល ដើម្បីផ្តល់ជូនទៅកាន់បណ្ណាល័យ និងជំរំអំណានចំនួន ២១៦កន្លែងនៅក្នុងសហគមន៍ដាច់ស្រយាល ដែលមាននៅក្នុងខេត្តមួយចំនួនមានដូចជាខេត្តក្រចេះ ព្រះវិហារ និងបន្ទាយមានជ័យ។

(រូ​បភាពពី៖ World Vision)

 

គួរជម្រាបថា យុទ្ធនាការការអានអំណានឮៗ ប្រព្រឹត្តិទៅស្របតាមចក្ខុវិស័យរបស់អង្គការទស្សនៈពិភពលោក ដោយលើកកម្ពស់ ក៏ដូចជាផ្សព្វផ្សាយពីសារៈសំខាន់នៃការអាន ពិសេសការរៀនអក្ខរកម្មរបស់កុមារនៅតាមសហគមន៍។ តាមរយៈយុទ្ធនាការក្នុងឆ្នាំ២០២៣កន្លងមក អង្គការទស្សនៈពិភពលោកទទួលបានសៀវភៅជិត ១ម៉ឺនក្បាលដែលទទួលបានពីមហាជននានាដែលបានបរិច្ចាកចូលរួមចំណែកជាមួយកម្មវិធី ហើយជាលទ្ធផលកុមារប្រមាណ ៥៥០០នាក់ ទទួលបានផលពីភាពជោគជ័យទាំងនេះ៕

Share

ព័ត៌មានទាក់ទង

Image