loader

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​ប្រកាស​លេខ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ពី​ជំងឺ​ផ្សេងៗ​ដោយ​មិន​គិតថ្លៃ​

Hot-Line--១១៥--conference-02-

​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ប្រកាស​លេខ​ដល់​សារ​ធា​ណ​ជន​គ្រប់​រូប​អាច​រាយការណ៍​ពី​អាកា​រៈ​ជំងឺ​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺឆ្លង​រាតត្បាត​ផ្សេងៗ​ឲ្យ​បាន​ទាន់​ពេលវេលា​។​

​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ប្រកាស​លេខ​ Hot​ Line​ ១១៥​ បាន​ ២៤​ម៉ោង​ ដើម្បី​ឲ្យ​សារ​ធា​ណៈ​ជន​គ្រប់​រូប​ អាច​រាយការណ៍​ពី​អាកា​រៈ​ជំងឺ​របស់​ខ្លួន​ទៅ​កាន់​នាយកដ្ឋាន​នេះ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺឆ្លង​រាតត្បាត​ផ្សេងៗ​ឲ្យ​បាន​ទាន់​ពេលវេលា​ ។​

​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី​៖​ «​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ (Digital)​ និង​ប្រព័ន្ធ​តាមដាន​បែប​ចូលរួម​ជា​សា​ធា​ រណៈ​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺឆ្លង​រាតត្បាត​នៅ​កម្ពុជា​»​ នា​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ នៅ​ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ រាជធានី​ភ្នំពេញ​។​

​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ លោក​ វេជ្ជបណ្ឌិត​ លី​ សុវណ្ណ​ មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខាសាលា​នេះ​ថា​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ (Digital)​ និង​ប្រព័ន្ធ​តាមដាន​ជា​សាធារណៈ​នេះ​មាន​សារៈសំខាន់​ទៅ​ដល់​សាធារណៈជន​ទូទៅ​។​ លោក​ វេជ្ជបណ្ឌិត​ លី​ សុវណ្ណ​ បន្ត​ថា​ សារៈសំខាន់​នោះ​ដោយសារ​តែ​ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​អាច​រាយការណ៍​ពី​អាកា​រៈ​ជំងឺ​របស់​ខ្លួន​នៅ​ពេល​ដែល​ពួក​គេ​សង្ស័យ​ថា​ ខ្លួន​មាន​អាកា​រៈ​ជំងឺ​ណាមួយ​ខុស​ប្រក្រតី​ ដើម្បី​ឲ្យ​វេជ្ជបណ្ឌិត​អាច​ជួយ​ទប់ស្កាត់​ជំងឺ​ទាំងនោះ​បាន​ទាន់​ពេលវេលា​ ដោយ​ពួក​គេ​អាច​ហៅ​ចូល​ទៅ​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​បាន​តាម​រយៈ​លេខ​ ១១៥​ បាន​២៤​ ម៉ោង​ ដោយ​ពុំ​គិតថ្លៃ​ទ្បើ​យ​។​

​លោក​ វេជ្ជបណ្ឌិត​ លី​ សុវណ្ណ​ ៖«​គឺ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​លេខ​ដែល​គាត់​ត្រូវ​តេ​ ពី​មុន​យើង​ដាក់​បង្ហោះ​ដែរ​ប៉ុន្តែ​ជួនកាល​គាត់​តេ​តែ​យើង​អត់​នៅ​ បាទ​បច្ចុប្បន្ន​នេះ​គាត់​អាច​តេ​បាន​២៤​ម៉ោង​ លើ​២៤​ម៉ោង​ ដូច្នេះ​គាត់​ដឹង​ពី​លេខ​របស់​យើង​ហើយ​គាត់​នឹង​មាន​កំលាំងចិត្ត​រាយការណ៍​ផង​ដែរ​..»​។​

Hot-Line--១១៥--01

​ទន្ទឹម​គ្នា​នេះ​ លោក​ វេជ្ជបណ្ឌិត​ លី​ សុវណ្ណ​ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​តំបន់​ អាហ្វ្រិក​ ឬ​អា​មេ​រិ​ក​ខាងត្បូង​បើ​មាន​រោគ​សញ្ញា​ដូច​ជា​ គ្រុនក្តៅ​ ឈឺក្បាល​ ក្រហម​ភ្នែក​ ឬ​ឈឺសន្លាក់​ជាដើម​ ត្រូវ​ប្រញាប់​រួសរាន់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើតេស្ត​(Test)​ សាកល្បង​ថា​ មាន​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ Zika​ ដែរ​ឬទេ​?​ ពីព្រោះ​ថា​ ជំងឺ​នេះ​ កំពុង​តែ​រាតត្បាត​នៅ​អាហ្វ្រិក​ និង​អា​មេ​រិ​ក​ ហើយ​បើ​អ្នក​កើត​ជំងឺ​នេះ​ មិនឆាប់​ទៅ​ព្យាបាល​ឲ្យ​ទាន់​ពេល​ទេ​ នោះ​នឹង​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្លាប់​បាន​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ ជំនួយការ​ទំនាក់ទំនង​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ CCC​ អ្នកស្រី​ ប្រាក់​ កែវ​គង្គា​ បាន​និយាយ​ថា​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ប្រព័ន្ធ​បច្ចេកវិទ្យា​ខាងលើ​នេះ​ ពិតជា​មាន​សារៈសំខាន​សំរាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​ អាច​រាយការណ៍​ពី​ជំងឺឆ្លង​ផ្សេងៗ​ដែល​កើត​មាននៅ​ក្នុងភូមិ​ ឃុំ​ របស់​ពួក​គេ​ ហើយ​ម្យ៉ាងវិញទៀត​ ប្រជាពលរដ្ឋ​អាច​ហៅ​ចូល​លេខ​ ១១៥​ ដោយ​មិន​មានការ​ចំណាយ​ថវិការ​ផង​ដែរ​។​

​អ្នកស្រី​ ប្រាក់​ កែវ​គង្គា​ បន្ថែម​ទៀត​ថា​៖​ «​សំរាប់​ខ្ញុំ​ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ហើយ​ដែល​បាន​ចូលរួម​ស្វែង​យល់​ទាក់ទង​នឹង​ប្រព័ន្ធ​ថ្មី​ហ្នឹង​ខ្ញុំ​នឹង​ប្រាប់​ទៅ​ដល់​បងប្អូន​របស់​ខ្ញូំ​ សាច់ញាតិ​ខ្ញុំ​ឬ​អ្នក​រួម​ការងារ​របស់ខ្ញុំ​ត្រ​ទ្ប​ប់​ទៅ​វិញ​ថា​យើង​មាន​ប្រព័ន្ធ​ ១១៥​ ហ្នឹង​ដែល​បង្កើត​ទ្បើ​ង​ដោយ​ក្រសួងសុខាភិបាល​ហើយ​យើង​អាច​រាយការណ៍​បាន​បើ​ក្នុង​ករណី​ ឧទាហរណ៍​ ថា​ភូមិ​យើង​មាន​មាន់​ស្លាប់​ច្រើន​ មាន​ជ្រូក​ ឬ​មនុស្ស​ឆ្លង​ជំងឺ​ចម្លែក​ដែល​យើង​អត់​ដឹង​ យើង​អាច​រាយការណ៍​បាន​..​ »​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ កន្លង​មក​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​ធ្លាប់​បាន​ប្រកាស​លេខ​ ១១៥​ ម្តង​រួច​មក​ហើយ​ កាលពី​ឆ្នាំ​២០០៩​ ប៉ុន្តែ​នៅ​ពេល​នោះ​មន្ត្រី​ធ្វើ​ការងារ​ទាក់ទង​នឹង​ប្រព័ន្ធ​លេខ​មួយ​នេះ​ រង់ចាំ​ទទួល​តែ​នៅ​ម៉ោង​ធ្វើការ​តែ​ប៉ុណ្ណោះ​ ។​ ដោយឡែក​ ចាប់ពី​ពេល​នេះ​តទៅ​ប្រព័ន្ធ​មួយ​នេះ​នឹង​ទទួល​ការ​ហៅ​ចូល​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​២៤​ម៉ោង​ ទាក់ទង​នឹង​ការ​រាយការណ៍​ពី​ជំងឺ​ផ្សេងៗ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x