en     km
en     km

ករណីអធិការរងប៉ោយប៉ែតម្នាក់យកលុយពលរដ្ឋជាថ្នូររត់ការចូលប៉ូលិស កំពុងត្រូវបានស្រាវជ្រាវ

Share

ផ្ទៀងផ្ទាត់៖ ក្រោយពីមានមន្ត្រីមួយចំនួនបានជ្រុះរបេះបុណ្យស័ក្តិ ក្រោយពាក់ព័ន្ធរត់ការដើម្បីឱ្យបានចូលក្របខ័ណ្ឌ ថ្មីៗនេះ អធិការរងក្រុងប៉ោយប៉ែតម្នាក់ ត្រូវបានសង្ស័យថា បានយកលុយពលរដ្ឋ ជាថ្នូររត់ការចូលប៉ូលិស។ ករណីនេះ កំពុងត្រូវបានស្រាវជ្រាវដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ។ លោក គីម ចាន់ចាវ រាយការណ៍

លោក ផែង វណ្ណៈ បានបង្ហោះសារជាសាធារណៈ ដោយបានលើកឡើងថា មានប្រជាពលរដ្ឋរងគ្រោះបានផ្ដល់ព័ត៌មានទៅកាន់លោកថា លោកវរៈសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត បានយកលុយគាត់ចំនួន១៨,០០០ដុល្លារ ដោយសន្យាថារត់ការយកកូនគាត់ចូលបម្រើក្របខ័ណ្ឌនគរបាលជាតិ។ ឥលូវរត់ការមិនបានមិនឱ្យលុយគាត់វិញ ហើយដេញគាត់ឱ្យទៅប្ដឹងដល់ណាប្ដឹងទៅ។

ដើម្បីលម្អិតអំពីករណីសង្ស័យនេះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រី បានទាក់ទងសុំការបំភ្លឺពីលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោកបានឱ្យដឹងថា ឆ្លើយតបនឹងការលើកឡើងថាលោកអធិការរងក្រុងប៉ោយប៉ែត បានយកលុយពីពលរដ្ឋជាថ្នូរនឹងការរត់ការចូលប៉ូលិស កំពុងត្រូវបានស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីចាត់ការតាមនីតិវិធី។

យ៉ាងណាលោក សុខៈ ក៏បានបញ្ជាក់ដែរ ពីរបាយការណ៍ស្តីអំពីភាពអសកម្មការងារ ខ្ជីខ្ជាក្នុងការបំពេញតួនាទីភារកិច្ច ដោយមិនដឹងមូលហេតុ របស់លោកវរសេនីយ៍ទោ សន ធឿន និងបានធ្វើលិខិតអញ្ជើញលោកសន ធឿន ឱ្យមកបំភ្លឺចំនួន២លើកដែរ ប៉ុន្តែសាមីខ្លួនមិនបានទៅបំភ្លឺតាមការអញ្ជើញរបស់ស្នងការនគរបាលខេត្តឡើយ។

«ស្នងការដ្ឋាននគរបាលខេតបន្ទាយមានជ័យគឺបានកោះហៅសាម៉ីខ្លួនចំនួន២លើក ដើម្បីចូលបំភ្លឺលើករណីអសកម្មនឹងការងារ ក៏អវត្តមាន ឬក៏ការបំពេញតួនាទីភារកិច្ចមិនបានជាប់លាប់ល្អប្រសើរហូរហែហ្នឹង ប៉ុន្តែសាម៉ីខ្លួនមិនបានចូលខ្លួនតាមការកោះហៅរបស់ស្នងការដ្ឋានទេ។ ក្រោយមកស្នងការដ្ឋាក៏បានបើកកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ ហើយបានធ្វើការត្រួតពិនិត្យវាយតម្លៃទៅលើរបាយការណ៍អសកម្មពីថ្នាក់អធិការដ្ឋានមក បូករួមជាមួយនឹងការមិនបានចូលខ្លួន ចំនួន២ដងសាម៉ីខ្លួនតាមការកោះហៅរបស់ស្នងការដ្ឋាន។ ចឹងលទ្ធផលក្រុមប្រឹក្សាវិន័យរបស់ក្រុមប្រឹក្សាស្នងការដ្ឋានខេត្តបន្ទាយមានជ័យលោកកំពុងតែសម្រេចចុងក្រោយ។»

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ

លើបញ្ហាចោទប្រកាន់នេះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីបានទទួលសេចក្ដីបំភ្លឺមួយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លោកវរសេនីយ៍ទោ សន ធឿន ពិតជាមានតួនាទីជា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតពិតប្រាកដមែន។ ក្នុងលិខិតនោះក៏បានលើកឡើងពីភាពអសកម្មរបស់លោក  សន ធឿន ដូចទៅនឹងការបញ្ចាក់របស់លោកទូច សុខៈដែរ។

យ៉ាងណា នេះមិនមែនជាលើកទី១ទេ ដែលមានអ្នកសូកប៉ាន់ដើម្បីបានចូលធ្វើការងាររដ្ឋប្តឹងទៅកាន់អ្នកទទួលសំណូកដើម្បីរត់ការយកលុយពីគេជាថ្នូរនឹងការបញ្ចូលក្របខ័ណ្ឌ។ កន្លងទៅថ្មីៗនេះ ក៏មានអ្នកជ្រុះបុណ្យស័ក្តិដោយសារតែយកលុយគេហើយ រត់ការមិនបាន មិនព្រមឱ្យលុយគេវិញផងដែរ។ លោក ទូច សុខៈ បានព្រមានថា ការរត់ការដើម្បីឱ្យបានតំណែងបុណ្យស័ក្តិ គឺជារឿងខុសច្បាប់។ ការចូលក្រមខ័ណ្ឌបាន គឺត្រូវឆ្លងកាត់ការប្រឡងប្រជែងសមត្ថភាព។ ដូច្នេះហើយលោក​ព្រលយសារទៅកាន់អ្នកធានាអះអាង អំពីការរត់ការដើម្បីបានក្របខ័ណ្ឌត្រូវបញ្ឈប់ ដើម្បីចៀសវាងការប្រឈមចំពោះមុខច្បាប់៕

Share

ព័ត៌មានទាក់ទង

Image