en     km
en     km

ការស្រាវជ្រាវ៖ ភាគល្អិតនៃសារធាតុប្លាស្ទិកអាចឈានទៅគំរាមកំហែងអាយុជីវិតមនុស្សជាតិ

Share

យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយរបស់សារព័ត៌មាន CNN បានរកឃើញថា មនុស្សដែលមានភាគល្អិត ឬមីក្រូប្លាស្ទិកនៅក្នុងជាលិកាសរសៃឈាម ទំនងជាប្រឈមនឹងបញ្ហាសុខភាពមួយចំនួនគួរឱ្យកត់សម្គាល់ដែលករណីខ្លះអាចបណ្តាលឱ្យស្លាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ដើម្បីចូលរួមកាត់បន្ថយបញ្ហានេះ ក្រុមហ៊ុនផលិតក្រដាសអនាម័យក្នុងស្រុកមួយកន្លែងបានរួមចំណែកក្នុងយុទ្ធនាការនេះផងដែរ។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

ករណីផលប៉ះពាល់ដោយសារសំណល់ប្លាស្ទិក នៅតែជាបញ្ហាចោទសម្រាប់សកលលោក បើទោះបីជាប្រទេសមួយចំនួនព្យាយាមដាក់ចេញនូវយន្តការការពារ ឬកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្តី។ ជុំវិញបញ្ហានេះ អ្នកដឹកនាំការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយរបាយការណ៍ស្តីពី New England Journal of Medicine លោក Raffaele Marfella ឱ្យដឹងថា ក្រុមរបស់លោកកំពុងចាប់ផ្តើមការសិក្សាស្រាវជ្រាវលើការចម្លងជំងឺទៅកាន់មនុស្សតាមរយៈសារធាតុប្លាស្ទិកនៅក្នុងជាលិកាសរីរាង្គ។

យោងតាមគ្រូពេទ្យឯកទេសខាងកុមារ វេជ្ជបណ្ឌិត Philip Landrigan និងជាសាស្ត្រាចារ្យផ្នែកជីវវិទ្យានៅមហាវិទ្យាល័យបូស្តុន និងជានាយកកម្មវិធីសុខភាពសាធារណៈសកលនិងសុខុមាលភាពទូទៅ ហើយក៏ជាបុគ្គលិកបម្រើការឱ្យអង្គការឃ្លាំមើលសុខភាពភពផែនដីផងនោះ បាននិយាយថា ភាគល្អិតតូចៗនៃប្លាស្ទិក អាចជាប់ពាក់ព័ន្ធនឹងឱកាសនិយមសម្រាប់មនុស្សក្នុងការកើតជំងឺសរសៃឈាមបេះដូង។ លោកអះអាងថា បើទោះបីជាមានករណីជាច្រើនដែលបណ្តាលឱ្យមនុស្សកើតជំងឺនេះក៏ពិតមែន តែរបកគំហើញថ្មីនេះកំពុងស្ថិតក្នុងការស្រាវជ្រាវដែលមិនអាចយកមកសន្មតបាននៅឡើយទេ។

ជុំវិញការពិសោធទៅលើសត្វកណ្តុរមានផ្ទៃពោះមួយក្បាល អ្នកស្រាវជ្រាវរកឃើញសារធាតុប្លាស្ទិកនៅក្នុងជាលិកាសរីរាង្គរបស់កូនសត្វកណ្តុរដែលមានដូចជា នៅក្នុងខួរក្បាល បេះដូង ថ្លើម តម្រងនោម និងសួតដែលកំពុងលូតលាស់ក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីសត្វកណ្តុរជាម្តាយ(មេ)បានលេបភាគល្អិតបា្លស្ទិក ឬតាមរយៈការដកដង្ហើមចូលសារធាតុពុលពីប្លាស្ទិក។  នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ យ៉ាងណាមិញ បច្ចុប្បន្នខាងវិទ្យាសាស្ត្រមិនទាន់មានការយល់ស្របថា មីក្រូប្លាស្ទិក ឬភាគល្អិតរបស់ប្លាស្ទិកផ្តល់ផលប៉ះពាល់ដល់សុខភាពសាធារណជននៅឡើយទេ ដោយសារការស្រាវជ្រាវមិនទាន់អាចកំណត់បានថា តើសារធាតុប៉ូលីម៊ែរដែលមាននៅក្នុងសំណល់ប្លាស្ទិកទាំងនោះ មានផលប៉ះពាល់អ្វីខ្លះដល់សរីរាង្គ និងមុខងាររាងកាយររបស់មនុស្ស។

ដើម្បីជួយកាត់បន្ថយមីក្រូប្លាស្ទិក ឬសារធាតុប្លាស្ទិកនៅលើភពផែនដី វេជ្ជបណ្ឌិត Kimberly Wise White អនុប្រធានផ្នែកនិយតកម្ម និងវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ដែរថា អ្នកផលិតប្លាស្ទិកទាំងអស់នៅក្នុងសហរដ្ឋអាមេរិក គប្បីមានគោលដៅ និងវិធានការច្បាស់លាស់ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានផែនការយកមកប្រើប្រាស់ឡើងវិញ ឬកែច្នៃឡើងវិញឱ្យបានមុនឆ្នាំ២០៤០។ វេជ្ជបណ្ឌិតរូបនេះបន្តទៀតថា សហរដ្ឋអាមេរិកកំពុងវិនិយោគរាប់ពាន់លានដុល្លារអាមេរិកក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការតស៊ូមតិសម្រាប់គោលនយោបាយដើម្បីជួយប្រមូលនិងកែច្នៃប្លាស្ទិកដែលប្រើរួចកុំឱ្យបន្តលំហូរចូលទៅក្នុងបរិស្ថាន។

ដោយឡែកនៅប្រទេសកម្ពុជា ក្រុមហ៊ុន MG PACIFIC COMPANY LIMITED ដោយគិតគូរពីបញ្ហាប្លាស្ទិក បានផ្តួចផ្តើមបង្កើតគម្រោង «ផ្តើមចេញពីអ្នក» ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាស និងសហគមន៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក​​ តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា គម្រោង«ផ្តើមចេញពីអ្នក»នេះ ធ្វើឡើងក្នុងរូបភាពកែច្នៃការវេចខ្ចប់ក្រដាសអនាម័យពីការប្រើប្រាស់ប្លាស្ទិកដោយប្តូរទៅជាការវេចខ្ចប់ដោយប្រើប្រអប់ជ័រសម្រាប់ស្តុកទុកក្រដាសជំនួសវិញ។

ការប្តូរការវេចខ្ចប់ក្រដាសអនាម័យនេះ លោក សុបិន បញ្ជាក់ថា អតិថិជនទទួលបានទាំងក្រដាសអនាម័យមានគុណភាពខ្ពស់ រួមជាមួយប្រអប់ដែលងាយស្រួលទុកដាក់ក្រដាសអនាម័យ ជាងនេះអតិថិជនបានចូលរួមចំណែកការពារបរិស្ថានដោយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ លោក សុបិន បន្ថែមទៀតថា អតិថិជនទាំងឡាយក៏ទទួលបានសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ បន្ទាប់ពីពួកគេប្រើប្រាស់ផលិតផលអស់ ដោយអាចប្តូរយកប្រអប់ថ្មីបាន។

ក្នុងនាមលោកជាអ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED លោកមានមោទកភាពក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ពិសេសគម្រោងនេះក៏មានគោលបំណងក្នុងការបញ្ជ្រៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អតិថិជន និងអាជីវករលក់ដូរទាំងឡាយឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញ៕

Share

ព័ត៌មានទាក់ទង

Image