en     km
en     km

ប៉ូ​លី​ស​បារាំង​ចាប់ខ្លួន​បុរស​ម្នាក់​រួម​ជាមួយ​កាំភ្លើង​ពីរ​ដើម​ នៅ​ជិត​ឧទ្យាន​កម្សាន្ត​ប៉ា​រី​ស​ Disneyland​

Share

ទិដ្ឋភាពសណ្ឋាគារ New York នៅជិតឧទ្យានកម្សាន្ត Disneyland Paris
ទិដ្ឋភាពសណ្ឋាគារ New York នៅជិតឧទ្យានកម្សាន្ត Disneyland Paris

​ប៉ូ​លី​ស​បារាំង​បញ្ជាក់​ថា​ បុរស​ម្នាក់​បាន​កាន់​អាវុធ​ ២​ ដើម​ ព្យាយាម​ចូល​ទៅ​ក្នុង​សណ្ឋាគារ​មួយ​ នៅ​ជិត​ឧទ្យាន​ Disneyland​ ស្ថិត​នៅ​ភាគ​ខាងកើត​ទី​ក្រុងប៉ារីស​។​

បុរស​ម្នាក់​នោះ​មាន​វ័យ​ ២៨​ ឆ្នាំ​ ត្រូវ​បាន​ចាប់ខ្លួន​ ដោយ​មាន​កាំភ្លើង​ ២​ ដើម​នៅ​ក្នុង​កាបូប​របស់​គេ​ បន្ទាប់​ពី​បាន​ព្យាយាម​ចូល​ក្នុង​សណ្ឋាគារ​មួយ​នៅ​ជិត​កន្លែង​កម្សាន្ត​ Disneyland​ Paris​។​

ស្ថានីយ​វិទ្យុ​បារាំង​ France​ Info​ រាយការណ៍​ឱ្យ​ដឹង​ថា​ ក្រុម​សន្តិសុខ​របស់​សណ្ឋាគារ​ ញូយ៉ក​ បានឱ្យ​បុរស​ម្នាក់​ឈប់​ នៅ​ពេល​ដែល​កាបូប​របស់​គេ​ត្រូវ​បាន​ស្កេ​ន​ពិនិត្យ​ដោយ​ម៉ាស៊ីន​ X-ray​ នៅ​ខាង​មុខទ្វារ​។​ នគរបាល​បាន​នាំ​ខ្លួន​បុរស​នោះ​ទៅ​ឃុំឃាំង​ ដោយ​បញ្ជាក់​ថា​មិន​មាន​នរណា​ម្នាក់​រង​របួស​ទេ​។​

ប៉ូ​លី​សម្នាក់​បានឱ្យ​ដឹងផង​ដែរ​ថា​ ជំហាន​ដំបូង​នៃ​ការ​ស៊ើបអង្កេត​ គឺ​មិនទាន់​​ឈាន​ដល់​ថា ​ជា​អំពើ​ភារ​វ​កម្ម​នោះ​ទេ​ ហើយ​បុរស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​និយាយ​ថា​ គាត់​បាន​កាន់​កាំភ្លើង​ ព្រោះ​គាត់​មានការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​របស់​គាត់​។​ បច្ចុប្បន្ន​ នគរបាល​ក្នុង​តំបន់​កំពុង​ដោះស្រាយ​ការ​ស៊ើបអង្កេត​នេះ​ ដោយ​មិន​ចាំបាច់​មានការ​អន្តរាគមន៍​ពី​ក្រុម​ស៊ើបអង្កេត​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នោះ​ទេ​។​

ក្រោយមក​នគរបាល​ក៏​បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ទៀត​ ដែល​ជឿជាក់​ថា​នាង​ គឺជា​សង្សារ​របស់​បុរស​ម្នាក់​នោះ​ ប៉ុន្តែ​នាង​ក៏​ត្រូវ​បាន​ដោះ​លែង​មក​វិញ​ បន្ទាប់​ពី​រក​ឃើញ​ថា​នាង​មិនមែន​ជា​ជនសង្ស័យ​ដែល​ជា​សង្សារ​របស់​បុរស​នោះ​ទេ​ ហើយ​សង្សារ​របស់​បុរស​នោះ​វិញ​ ក៏​ក្រុម​ប៉ូ​លី​ស​ កំពុង​ស្វែងរក​ចាប់ខ្លួន​ផង​ដែរ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ រាយការណ៍​ថា​ប៉ូ​លី​សមាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​រថយន្ត​របស់​បុរស​ម្នាក់​នោះ​ ហើយ​បាន​រាយ​កងកម្លាំង​សន្តិសុខ​ជុំវិញ​កន្លែង​នោះ​ទៀត​ផង​។​

បុរស​ម្នាក់​នោះ​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​សណ្ឋាគារ​ នៅ​ជិត​កន្លែង​កម្សាន្ត​ Disneyland ​ដើម្បី​កក់​សណ្ឋាគារ​ តែ​គាត់​មិន​បាន​បង្ហាញខ្លួន​ឱ្យ​ឃើញ​នៅ​កន្លែង​ពិនិត្យ​ផ្នែក​សន្តិសុខ​ទេ​។​

Disneyland​ Paris​ នៅ​តែ​បើក​ដំណើរការ​ដដែល​ បន្ទាប់​ពី​ឧប្បត្តិហេតុ​នោះ​។​ ឧទ្យាន​នេះ​ មាន​ចម្ងាយ​ប្រមាណ​ ៣០​ គីឡូម៉ែត្រ​ ភាគ​ខាងកើត​ក្រុងប៉ារីស​ ហើយ​វា​កន្លែង​ដែល​គេ​និយម​ទៅ​កម្សាន្ត​បំផុត​នៅ​ទ្វីប​អ៉​រ៉ុ​ប​ ជាមួយនឹង​ភ្ញៀវ​ប្រមាណ​ ១០​ លាន​នាក់​ កាលពី​ឆ្នាំ​ ២០១៤​។​

​បារាំង​ នៅ​តែ​ជា​ប្រទេស​ដែល​ស្ថិត​ក្រោម​ភាព​អាសន្ន​ ចាប់តាំងពី​រង​ការ​វាយប្រហារ​ដ៏​ខ្លាំងក្លា​ពី​ក្រុម​ភេរវកម្ម​នៅ​ជុំវិញ​ក្រុងប៉ារីស​ ដោយ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ ១៣០​ នាក់​ កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​៕

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ The​ Guardian​ 

Share

ព័ត៌មានទាក់ទង

Image