នាឱកាសប្រារព្ធទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤នេះ ក្រុមអង្គការសមាគម និងក្រុមយុវជនមកពី ០៦ស្ថាប័ន បានសហការដើម្បីរៀបចំទិវាព្រៃឈើអន្តរជាតិនៅប្រទេសកម្ពុជា ក្រោមមូលបទ “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ”។
ការប្រារព្ធទិវាព្រៃឈើអន្តរជាតិនេះ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ដោយមានសកម្មភាពជួបជុំនៅតាមសហគមន៍ ការជួបជុំនៅទីលានប្រជាធិបតេយ្យដើម្បីសម្តែងមតិអំពីស្ថានភាពព្រៃឈើនៅកម្ពុជា ការប្រកួតប្រជែងនិយាយជាសាធារណៈអំពីព្រៃឈើ ការប្រកួតប្រជែងគំនូរអំពីមូលបទខាងលើ និងការតាំងពិព័រណ៍ព្រៃឈើជាដើម ដែលមានអ្នកចូលរួមចំនួនសរុប ៥០០នាក់។
យុវជន ហេង ច័ន្ទបញ្ញា អាយុ១៦ឆ្នាំ ជាសិស្សនៅវិទ្យាល័យជំនាន់ថ្មីនៅវិទ្យាល័យព្រែកលៀប ដែលបានចូលរួមប្រកួតគូររូបក្រោមក្រោមមូលបទ “និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ” ដែលទទួលបានចំណាត់ថ្នាក់លេខមួយ បានបង្ហាញចំណាប់អារម្មណ៍ថា ខ្លួនពិតជាមានភាពរីករាយមែនដែលបានចូលរួមប្រកួតក្នុងកម្មវិធីមួយនេះ។ ច័ន្ទបញ្ញាបានលើកឡើងក្នុងសំដីដើមថា «កត្តាដែលជំរុញឱ្យខ្ញុំបានចូលរួមក្នុងកម្មវិធីប្រកួតក្នុងថ្ងៃនេះគឺ ទី១នោះគឺដើម្បីឱ្យខ្លួនឯងមានបទពិសោធនក្នុងការនិយាយជាសាធារណៈ ទី២ចង់បញ្ចេញសារនិងសំឡេងរបស់ខ្លួនឯងក្នុងកម្មវិធីមួយហ្នឹងដើម្បីឱ្យបងប្អូនទាំងអស់គ្នាយល់ដឹងពីព្រៃឈើ ការអភិរក្សព្រៃឈើ។ ណាមានក្ដីស្រមៃ តាំងពីតូចមកថាខ្លួនឯងចូលចិត្តគូរផងដែរ។ ទី៣នោះគឺម៉ាក់និងលោកគ្រូ សំ មករា លោកទាំង២បានជំរុញទឹកចិត្តខ្លាំងមែនទែនក្នុងកម្មវិធីមួយហ្នឹង។»
គំនូររបស់យុវជន ហេង ច័ន្ទបញ្ញា សិស្សនៅវិទ្យាជំនាន់ថ្មីនៅវិទ្យាល័យព្រែកលៀប
អត្ថន័យគំនូររបស់ច័ន្ទបញ្ញាចាប់ផ្ដើមរំលេចដំបូងជាមួយនឹងសហគមន៍នៃជនជាតិដើមភាគតិចដែលពួកគាត់អាស្រ័យផលព្រៃឈើ ដើម្បីទទួលបានផលក្នុងការចិញ្ចឹមជីវិត និងមុខរបរជាប្រចាំថ្ងៃ។ ទី២នោះគឺតំបន់ទេសចរណ៍ដែលបានលើកឡើងអំពីប្រាសាទអង្គរវត្តដែលមានព្រៃឈើ។ ទី៣គឺព្រៃឈើជាម្លប់ត្រជាក់ត្រជុំដល់មនុស្សជាតិដែលយើងអាចសិក្សាបាន។ ទី៤នោះគឺព្រៃឈើផ្ដល់ឧស្ម័នអុកស៊ីសែនដល់មនុស្សសម្រាប់ដកដង្ហើមរាល់ថ្ងៃ ហើយពួកយើងរួមគ្នា និងសហការគ្នាដាំដើមឈើបន្ត ដែលផ្ដើមពីអ្នកទាំងអស់គ្នា និងអ្នកជំនាន់ក្រោយ។
យុវជន ហេង ច័ន្ទបញ្ញា សិស្សនៅវិទ្យាជំនាន់ថ្មីនៅវិទ្យាល័យព្រែកលៀប
ក្នុងនាមជាយុវជនម្នាក់ ច័ន្ទបញ្ញា បានបេ្តជ្ញាចិត្តនិងបានសំណូមពរថា សូមកុំបំផ្លាញព្រៃឈើ ហើយរួបរួមគ្នាការពារព្រៃឈើ ជាពិសេសកុំបំផ្លាញដើម្បីតែផលប្រយោជន៍របស់ខ្លួនឯង។
នៅថ្ងៃអាទិត្យ ទី១៧ មីនានេះដែរ ការប្រារព្ធទិវាព្រៃឈើអន្តរជាតិនៅកម្ពុជា នាឆ្នាំនេះបានរៀបចំឡើងក្នុងគោលបំណងចំនួនបីរួមមាន៖
១. អបអរសាទរទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ និងលើកកម្ពស់គុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើ ។
២. លើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់មនុស្សជាតិ ដើម្បីអភិរក្ស និងការពារនិរន្តរភាពព្រៃឈើ ។
៣. ធ្វើបច្ចុប្បន្នភាពពីស្ថានភាពព្រៃឈើ បង្ហាញពីក្ដីកង្វល់ បញ្ហាប្រឈម ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ។
កញ្ញា ជា បញ្ញា មានអាយុ ២៤ ដែលបានបញ្ចប់ការការសិក្សាផ្នែកគ្រប់គ្រងទេសចរណ៍ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាយុវតីមកពីខេត្តព្រៃវែង ដែលបានចូលរួមក្នុងកម្មវិធីនេះ លើកឡើងថា នៅក្នុងថ្ងៃនេះ បញ្ញា បានចូលរួមបានច្រើនខ្លាំង។ យុវតីបញ្ញាបានបញ្ជាក់ថា ខ្លួនបានបញ្ចេញសំឡេងក្នុងនាមជាស្រ្តីបានយ៉ាងច្រើន។ ហើយវាជាកម្មវិធីមួយដ៏សំខាន់ពីព្រោះជាសារក្នុងការបណ្ដុះគំនិតឱ្យគិតក្នុងការការពារព្រៃឈើ ហើយវាពិតជាមានប្រយោជន៍សម្រាប់ប្រជាជនទូទៅទាំងអស់គ្នា ជាពិសេសការចូលរួមក្នុងការរក្សាព្រៃឈើ គឺមិនប្រកាន់ភេទណានោះទេ គឺអាចចូលរួមដោយចម្រុះភាព ដូច្នេះការចូលរួមរបស់ពួកយើងវាកាន់តែពេញលេញ ហើយវាមានផលប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល ជាពិសេសស្រ្តីតែម្ដង ពីព្រោះស្រ្តីក៏ជាសំឡេងដ៏សំខាន់ក្នុងការការពារព្រៃឈើ ហើយទាំងអស់គ្នាអាចរួមជំនះអំពីផ្នត់គំនិតយេនឌ័រផងដែរ។
បញ្ញាបានបន្តលើកឡើងពីក្ដីកង្វល់របស់ខ្លួនលើបញ្ហាព្រៃឈើក្នុងសម្ដីដើមថា «ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងមែន ពីព្រោះតាមរបាយការណ៍តាំងពីដើមមក មាន៧២% ហើយរបាយការណ៍អំពីព្រៃឈើបន្តបន្ទាប់ទៀត មិនបានឃើញថាកើនទេ ឃើញតែថយនៅសល់ត្រឹម៤០%ជាង។ វាត្រូវការ ការចូលរួមបន្ទាន់ក្នុងការការពារព្រៃឈើ ជាជាងពេលបាត់បង់អស់ទើបយើងដាំឡើងវិញ។»
កញ្ញា ជា បញ្ញា
ក្នុងនាមជាយុវតី ម្នាក់ មកពីខេត្តដែលបានបន្តការសិក្សានៅភ្នំពេញ កន្លងបញ្ញាបានចូលរួមសកម្មភាពជាច្រើនក្នុងការពារព្រៃឈើនិងផ្សព្វផ្សាយ ហើយនៅតែបន្តសកម្មភាពនេះបន្តបន្ទាប់ទៀតផងដែរ។ បញ្ញាបានសំណូមពរដល់យុវជនថា យុវជនគឺជាពលរដ្ឋកម្ពុជា ជាមនុស្សដែលពោរពេញទៅដោយថាមពល និងភាពច្នៃប្រឌិត ក្នុងវ័យនេះជាវ័យដែលយើងអាចធ្វើអ្វីៗបាន ពេញកម្លាំង ពោរពេញទៅដោយទឹកចិត្តក្នុងការធ្វើ ដូច្នេះបើយើងបានចំណាយថាមពលធ្វើអ្វីដែលប្រយោជន៍នោះគឺជាការចងចាំមួយដ៏ល្អ ដែលយើងមិនអាចស្ដាយក្រោយបានទេ។ ហើយក្នុងថ្ងៃនេះបញ្ញា បានកត់សម្គាល់ឃើញថា យុវជនផ្តើមមានសម្ទុះយល់ដឹង និងឱ្យតម្លៃលើសារៈប្រយោជន៍នៃធនធានព្រៃឈើបានច្រើនជាងមុនផងដែរ៕
អត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕