គ្រូបង្រៀននៅសាលាអនុវិទ្យាគគី បានរិះគន់នាយកសាលានេះដែលបានអនុញ្ញាតឲ្យមានការដាក់តាំងពិព័ណស្រាបៀរខ្នាតធំនៅក្នុងបរិវេណសាលា ដោយមិនមានការប្រេជុំពិភាក្សាជាមួយគ្រូៗ នៅក្នុងសាលាឡើយ។
ការដាក់តាំងពិព័ណ៌ក្រុមហ៊ុន ស្រាបៀរមួយ នៅក្នុងសាលា អនុវិទ្យាល័យគគីនេះ មានការរិះគន់ពីសំណាក់គ្រូៗ ដែលនៅក្នុងសាលា រួមទាំងមាតាបិតាសិស្ស ទាក់ទងនឹងបញ្ហាបរិស្ថានអនាម័យ ការរំខានដោយសំលេង និងការផ្តល់សារមិនល្អឲ្យដល់សិស្សដែលសិក្សានៅទីនោះផ្ទាល់។ ការតាំងពិព័ណនេះមានរយៈពេលមួយសប្តាហ៍ហើយគតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ។
លោក វ៉ា សារឿន ជាគ្រូបង្រៀននៅអនុវិទ្យាល័យគគីបានឲ្យដឹងថា លោកមិនពេញចិត្តឡើយពេលឃើញមានការតាំងពិព័ណ៌ ម្ហូបអាហារផ្សេងៗ នៅក្នុងសាលា ជាពិសេសការតាំងពិព័ណស្រាបៀខ្នាតធំ។ លោកបានបន្តថា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៅសាលានេះភាគច្រើន មិនពេញចិត្តនឹងការតាំងពិព័ននេះទេ។ លោកបន្ថែមថា ការដាក់តាំងលក់នេះ បានធ្វើឲ្យមានភាពកខ្វក់នៅក្នុងសាលា ហើយសិស្សក៏មិនអាចប្រើបង្គន់បានដោយសាតែបង្គន់ស្ទះ។
លោក ឡាច វេត នាយករងអនុវិទ្យុល័យគគីបានឲ្យដឹងថា ការតាំងពិព័ណនេះ បានធ្វើឲ្យមានការរំខានដល់សិស្ស ដោយសាតែមានសំលេងរំខានពីម៉ាស៊ីភ្លើង។ ម្យ៉ាងវិញទៀត លោកគ្រូអ្នកគ្រូពិបាកក្នុងការធ្វើដំណើចូលសាលា ដោយសារតែឧបករណ៍តាំងពិព័ណនៅពាសពេញទីធ្លាសាលា។ លោកបន្ថែមថា លោកនាយកសាលាគគីជាអ្នកពាក់ព័ន្ធពិព័ណ៌ក្នុងការអនុញ្ញាត្តិឲ្យមានការតាំងពិព័ណនេះ។
លោកបានសំណូមពរដល់ក្រសួងអប់រំ សូមឲ្យជួយអន្តរាគមន៍កំឲ្យមានការតាំងពិព័ណស្រាបៀរនៅក្នុងសាលាតទៅទៀត នៅទូទាំងប្រទេសកម្ពុជា ដើម្បីកុំប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
ឆ្លើយតបនឹងចោទប្រកាន់នេះ លោក យឹម នីរ៉ា នាយកអនុវិទ្យាល័យគគីលើកឡើងថាថា លោកមិនបានដឹងពីការអនុញ្ញាត្តិឲ្យមានការដាក់តាំងពិព័ណស្រាបៀរនៅក្នុងសាលានេះទេ។ លោកបន្តថា រឿងនេះជារឿងរបស់អាជ្ញាធរដែនដី ជាមួយនឹងនាយកសាលាបឋមសិក្សាតែប៉ុណ្ណោះ។
ចំណែកលោក មេឃុំគគីលោក គង់ឆេង បានប្រាប់ឲ្យដឹងថា លោកបានដឹងពីការអនុញ្ញាតឲ្យមានការតាំងពិព័ណនេះ នៅក្នុងសាលា តែការអនុញ្ញាត្តិ គឺខាងអភិបានស្រុកជាអ្នកអនុញ្ញាត។
ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិសម្ព័នគណីភាពសង្គមកម្ពុជា លោក ស៊ន ជ័យ បានឲ្យដឹងថា ការតាំងពិព័ណ៌ស្រាបៀរនៅក្នុងសាលារៀនប្រៀបបាននិងការលើកទឹកចិត្តសិស្ស ឲ្យប្រើប្រាស់គ្រឿងស្រវឹង។ ម្យ៉ាងទៀត បញ្ហានេះ ក៏ជាមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
សូមបញ្ជាក់ថា ការតាំងពិព័ណស្រាបៀរខ្នាតធំ នៅទីធ្លាអនុវិទ្យាល័យគគីនេះ គឺចាប់តាំងពីថ្ងៃសុក្រ ទី២២ ខែមករា រហូតមកដល់ថ្ងៃព្រហស្បតិ៍ ទី២៨ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ៕