ករណីយុវតីម្នាក់ ដែលអះអាងថា ត្រូវបានគេបោកយកទៅលក់នៅចិន ហើយត្រូវបង្ខាំងក្នុងបន្ទប់៦ខែដើម្បីទៅយកប្ដីចិន ហើយប្រកាសតាមបណ្តាញសង្គមសុំអន្តរាគមន៍មកកម្ពុជាវិញ ត្រូវបានក្រុមការងារក្រសួងពាក់ព័ន្ធដុតដៃដុតជើងក្នុង អន្តរាគមន៍ ហើយយុវតីរងគ្រោះត្រូវបានដល់ទីសុវត្ថិភាពហើយ។
បើទោះបីជា យុវតីរូបនេះត្រូវបានជួយសង្គ្រោះ ប៉ុន្តែជុំវិញករណីនេះ បានធ្វើឱ្យអ្នកតាមដានករណីនេះ ជាពិសេសប្រិយមិត្តវិទ្យុស្ត្រី ចោទជាសំណួរថាតើយុវតីខាងលើ ពិតជាត្រូវបានគេបោកប្រាស់ដើម្បីយកទៅលក់ និងបង្ខំឱ្យយកប្ដីចិន មែនឬទេ?
ដើម្បីលម្អិតករណីនេះ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រី បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។ ប៉ុន្តែលោកអះអាងថា ករណីនេះ កំពុងស្ថិតក្នុងការសើបអង្កេតរបស់អាជ្ញាធរមានសមត្ថកិច្ច នៅឡើយ។
ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រី ក៏បានងាកទៅសុំការផ្ដល់ព័ត៌មានពីលោក ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោក បានឱ្យដឹងថា ព័ត៌មានបឋមគឺត្រូវយកតាម ការលើកឡើងរបស់យុវតីរងគ្រោះ។ យុវតីរងគ្រោះបានឱ្យដឹងថា នាងមានអាយុ១៦ឆ្នាំ ជាអ្នកខេត្តត្បូងឃ្មុំ បានចាញ់បោកមេខ្យល់យកមកលក់នៅចិន និងបង្ខាំងទុកមិនឱ្យចេញក្រៅ៦ខែ ដើម្បីទៅយកប្ដីចិន រស់នៅដូចអ្នកជាប់ឃុំ និងត្រូវបានគេធ្វើបាប។
«ឥលូវជាបឋមគឺយើងយកទៅតាមអ្វីដែលប្អូនស្រីហ្នឹងអះអាងសិន។ ចំពោះកិច្ចការជំនាញ ឬក៏លម្អិតចំពោះបទល្មើសទៅតាមផ្លូវច្បាប់ ដូចទម្លាប់នោះគឺ ជំនាញគេបូកសរុប ហើយគេវិភាគជាហូរហែផ្សេងៗ»។
លោក ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
យ៉ាងណាបើតាម លោក ជុំ សុន្ទរី ស្រ្តីរងគ្រោះត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជានៅសៀងហៃទាក់ទងជាមួយអាជ្ញាធរនគរបាលចិនជួយសង្រ្គោះរួចហើយ នៅថ្ងៃទី ១០ មីនា ២០២៤ ហើយកំពុងបំពេញបែបបទនៅការិយាល័យនគរបាលចិននៅខេត្តជឺជាំង៕