ភ្នំពេញ៖ កម្មករ កម្មាការិនីនៃរោងចក្រ Y&W ហ្កាមិន ត្អូញត្អែរថា ពួកគេកំពុងប្រឈមបញ្ហាផ្នែកជីវភាព ដ្បិតក្រុមហ៊ុនមួយនេះពុំបានបើកប្រាក់ប្រមាណ ២ ខែមកហើយ។ ទាក់ទងរឿងនេះ ក្រសួងការងារកំពុងតែបន្តនីតិវិធីប្តឹងទៅកាន់ក្រុមហ៊ុនខាងលើ ដើម្បីឱ្យតុលាការចេញដីកាចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ រោងចក្រ ដោយប្រការនេះអាចមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិត។
កញ្ញា កែវ សុខា ជូនសេចក្តីរាយការណ៍
កម្មករ កម្មាការិនីនៅរោងចក្រ វ៉ាយ & ដាប់បែលយូ (Y&W) ហ្គាមិន ប្រមាណជាង ២,០០០នាក់ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានចូលធ្វើការងារជាធម្មតា ដោយរង់ចាំស្ថាប័នមានសមត្ថកិច្ចជួយអន្តរាគមន៍ដោះស្រាយករណីថៅកែរត់ចោល។
នេះបើតាមការបញ្ជាក់ពីលោក ធឿន ប៊ុនថន ជំនួយការផ្នែកឃ្លាំងក្រណាត់នៃរោងចក្ររោងចក្រ Y&W ហ្កាមិន ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។
សកម្មភាពតវ៉ារបស់កម្មកររោងចក្រY&Wហ្កាមិន កាលពីថ្ងៃទី០៩ មីនា ។ រូបភាពពីសង់ត្រាល់
ដោយឡែកលោក ឈៀវ ឡេងហៃ ជាកម្មករ និងជាលេខាធិការសហជីបការពារសិទ្ធិកម្មករនៃរោងចក្រ Y&W ហ្កាមិន ប្រាប់ថា ខាងរោងចក្របានអាក់ខានបើកប្រាក់ខែជូនកម្មករប្រមាណជាង២កន្លះមកហើយ ដោយពេលនេះកម្មករកំពុងប្រឈមបញ្ហាផ្នែកជីវភាពយ៉ាងខ្លាំង។ ម្យ៉ាងទៀតលោកថា កម្មាការិនីដែលមានផ្ទៃពោះជិតសម្រាល និងកម្មារិនីកំពុងសម្រាកលម្ហែមាតុភាពបានបាត់បង់អត្ថប្រយោជន៍ជាច្រើន ខណៈថៅកែរោងចក្រមិនបានបង់វិភាគទានទៅខាង ប ស ស ទៀតនោះទេ។ មួយទៀតលោកថា កម្មករខ្លះពុំមានប្រាក់បង់រំលស់ជាមួយធនាគារ បង់ថ្លៃផ្ទះជួល ថ្លៃទឹក ភ្លើង និងការចំណាយលើការសិក្សារបស់កូនៗផងដែរ។
សកម្មភាពតវ៉ារបស់កម្មកររោងចក្រY&Wហ្កាមិន កាលពីថ្ងៃទី០៩ មីនា ។ រូបភាពពីសង់ត្រាល់
សូមរំលឹកបន្តិចថា កាលពីថ្ងៃទី៩ ខែមីនា កម្មករ កម្មការិនី នៅរោងចក្រ Y&W ហ្កាមិន បានចុះផ្លូវធ្វើបាតុកម្មដោយបិទផ្លូវលេខ ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងបានដង្ហែរញាតិដាក់ជូនក្រសួងការងារ បន្ទាប់ពីថៅកែរោងចក្រខាងលើបានរត់ចោល ទាំងមិនទាន់ទូទាត់ប្រាក់សំណងនានាជូនកម្មករ កម្មាការិនីនៅឡើយ។
ក្នុងការតវ៉ាបិទផ្លូវនោះកម្មករ កម្មាការិនី បានទាមទារគោលការណ៍ចំនួន ៥ចំណុច រួមមានប្រាក់ឈ្នួលចុងក្រោយ ប្រាក់ព្យួរការសម្រាកប្រចាំឆ្នាំ ប្រាក់បំណាច់អតីតភាពការងារ ប្រាក់ជូនដំណឹងមុនកុងត្រា និងប្រាក់សាហ៊ុយជំងឺចិត្តកម្មករ។
ជុំវិញរឿងនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈប្រាប់វិទ្យុស្រ្តីថានៅថ្ងៃច័ន្ទនេះ ក្រសួងនឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីសុំដីកាចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ ដោយអាចមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតនៃរោងចក្រ Y&W ហ្កាមិន។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។រូបភាពពីតេឡេក្រាម។
អ្នកនាំពាក្យក្រសួងការងារបន្ថែមថា ក្រសួងនឹងប្រឹងប្រែងដោះស្រាយឱ្យបានឆាប់រហ័សជូនកម្មករដោយមិនអូសបន្លាយនោះទេ ខណៈកម្មករបានត្អូញត្អែរពីការលំបាកផ្នែកជីវភាពបន្ទាប់ពីប្រាក់ខែរបស់ពួកគេពុំទាន់បានបើកជាងពីរខែមកហើយនោះ។
តែយ៉ាងណា រយៈពេលនៃការរកដំណោះស្រាយនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារស្នើឱ្យភាគីកម្មករ កម្មាការិនី ទាំងអស់រក្សាភាពស្ងប់ស្ងាត់ ជៀសវាងបង្កបាតុភាពខុសប្រក្រតីណាមួយ ដោយរង់ចាំការដោះស្រាយតាមនិតីវិធីច្បាប់៕