អ្នកស្រាវជ្រាវខាងប្រវត្តិសាស្ត្របានលើកទ្បើងថា ការសិក្សាពីបុរេប្រវត្តិសាស្ត្រពិតជាមានសារៈសំខាន់ណាស់ចំពោះ ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសិស្សនិស្សិតឲ្យបានដឹងពីដើមកំណើតរបស់ខ្លួន និងដឹងពីស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុន ជាដើម។ ការថ្លែងនេះ ធ្វើទ្បើងនៅក្នុងសិក្ខាសាលាស្តីពី «ស្ថានីយ៍ព្រែកឆ្លូង ឬស្ថានីយ៍បន្ទាយគូ» ព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៦នេះ នៅពុទ្ធសាសនបណ្ឌិត នៃក្រសួងធម្មការ និងសាសានា។
អគ្គនាយករងវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតសភាកម្ពុជា និងជាអនុប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា លោកសាស្ត្រាចារ្យ ធុយ ចាន់ធួន បានលើក ទ្បើងថា ការសិក្សាស្រាវជ្រាវពីបុរេប្រវត្តិសាស្ត្រ គឺធ្វើឲ្យកូនខ្មែរយល់ដឹងពីជីវៈភាពរស់នៅរបស់បុព្វបុរសខ្មែរនៅសម័យមុន ថាពួកគេអាចធ្វើអ្វីបានខ្លះ និងដឹងពីរបៀបការធ្វើប្រាស្រ័យទាក់ទងគ្នារបស់ពួកគេជាដើម។
លោក សាស្ត្រចារ្យ ធុយ ចាន់ធួនបានបន្តទៀតថា ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិតបានដឹងពីបុរេប្រវត្តិសាស្ត្រខ្មែរនោះ ពួគេត្រូវតែអានសៀវភៅប្រវត្តិសាស្ត្រខ្មែរឲ្យបានច្រើន ដើម្បីដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួន។ លើសពីនេះទៅទៀត សាស្ត្រចារ្យរូបនេះ ស្នើទៅរដ្ឋាភិបាល នឹងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតឲ្យជួយផ្តល់ការឧបត្ថម្ភទៅដល់អ្នកដែលបានធ្វើការស្រាវជ្រាវពីបុរេប្រវត្តិសាស្ត្រដើម្បីលើកទឹកចិត្តពួកគេ។
លោក សាស្ត្រចារ្យ ធុយ ចាន់ធួន៖ «កិច្ចការលំបាកនៃការស្រាវជ្រាវមគឺច្រើនណាស់អ្នកស្រាវជ្រាវគឺត្រូវការថវិការសំរាប់ញុំា សំរាប់គេង សំរាប់ធ្វើការ ចុះប្រសិនបើយើងអត់មានមូលនិធិណាសម្រាប់ជួយកិច្ចការហ្នឹងទេ នៅមានកម្រិតនៅទ្បើយ មានអ្វីក្រៅពីសំណូមពរទៅរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធឲ្យជួយនោះទេ.. »។
ចំណែក ប្រធានពុទ្ធសាសនបណ្ឌិត្យ នៃក្រសួងធម្មការ និងសាសនា លោក ស សុខនី មានប្រសាសន៍ថា គោលបំណងដែលរៀបចំឲ្យមានសិក្ខាសាលានេះទ្បើង គឺដើម្បីចែករំលែកចំណេះដឹងរបស់សាស្ត្រចារ្យដែលស្រាវជ្រាវពីបុរេប្រវត្តិសាស្ត្រជូនទៅដល់អ្នកដែលបានចូលរួមក្នុងសិក្ខាសាលនេះបានដឹងពីរបៀបរបបនៃការរស់នៅរបស់ខ្មែរសម័យមុន។ លោក ស សុខនីបន្តទៀតថា ការសិក្សាពីបុរេប្រវត្តិសាស្ត្រ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យខ្មែរយើងបានដឹងពីវប្បធម៌ អរិយធម៌ ខ្មែរនៅសម័យកាលនោះផង។
ពាក់ព័ន្ធនឹងរឿងនេះ ព្រះតេជគុណ ឆិល ឆន បានសង្ឃដីការដែរថា គោលបំណងសំខាន់ដែលព្រះអង្គចូលរួមសិក្ខាសាលានៅថ្ងៃនេះ ព្រោះចង់ដឹងពីស្ថានីយ៍ភូមិមូល សម័យបុរេប្រវត្តិនៅក្នុងប្រទេសកម្ពុជា។ ព្រះអង្គ ឆិល ឆន បានបន្ថែមទៀតថា ការសិក្សាស្រាវជ្រាវពីបុរេប្រវត្តិបានផ្តល់អត្ថប្រយោជន៏ច្រើនទៅដល់កូនខ្មែរទាំងអស់គ្នាឲ្យបានដឹងពីការតាំង និងទីលំនៅដ្ឋានរបស់ខ្មែរជំនាន់ដើម នឹងដឹងពីទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរសម័យកាលនោះ។
ព្រះអង្គមានសង្ឃដីកាបន្ថែមទៀតថា ប្រជាជនខ្មែរ នៅមិនទាន់យល់ដឹងពីប្រវត្តិសាស្ត្រខ្មែរឲ្យបានទូលំទូលាយនៅឡើយ។ ដូច្នេះព្រះអង្គស្នើឲ្យសិស្ស-និស្សិតត្រូវពង្រឹងការសិក្សាពីប្រវត្តសាស្ត្រឲ្យបានច្រើន៕