en     km
en     km

UN ព្រមានថាប្រទេសស៊ូដង់អាចនឹងប្រឈមវិបត្តិសន្តិសុខស្បៀងធំបំផុតរបស់ពិភពលោក

Share


ទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN)បានព្រមានថា សង្រ្គាមនៅក្នុងប្រទេសស៊ូដង់កំពុងបង្កឱ្យប្រទេសមួយនេះអាចប្រឈមនឹងវិបត្តិគ្រោះទុរ្ភិក្សធ្ងន់ធ្ងរបំផុតនៃពិភពលោក ដោយមនុស្សជាង ២៥ លាននាក់នឹងក្លាយជាជនរងគ្រោះនៃគ្រោះអាសន្ននេះ។ ក្នុងនោះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ រាយការណ៍ថា ក្នុងចំណោមប្រជាពលរដ្ឋស៊ូដង់ចំនួន ១០នាក់ មានរហូតដល់ទៅ ៩នាក់ទៅហើយដែលប្រឈមនឹងបញ្ហាខ្វះខាតស្បៀងអាហារសម្រាប់បរិភោគ ហើយមនុស្សមួយចំនួនជាប់គាំងនៅក្នុងតំបន់ដែលមិនអាចធ្វើដំណើរទៅណាបានឡើយ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤។

កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បញ្ជាក់កាលពីថ្ងៃពុធ ទី៦ ខែមីនា ម្សិលមិញដែរថា ករណីសង្រ្គាមបាននិងកំពុងធ្វើឱ្យកើតមានបញ្ហាប្រើប្រាស់ហិង្សាយ៉ាងអាណាធិបតេយ្យ បង្កើតឱ្យមានជនភៀសជាច្រើននាក់ ពិសេសមនុស្សចំនួន ១៨លាននាក់នៅក្នុងប្រទេសស៊ូដង់ និងរាប់លាននាក់ទៀតនៅស៊ូដង់ខាងត្បូងនិងប្រទេសឆាដ ធ្លាក់ក្នុងបញ្ហាគ្មានសុវត្ថិភាពស្បៀងអាហារ។

ជាមួយគ្នានេះ មេទ័ព Abdel Fattah al-Burhan មេដឹកនាំកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងជាប្រធានកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ឱ្យដឹងដែរថា មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ និងប្រាំបីលាននាក់ បានផ្លាស់ទីលំនៅចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងក្នុងខែមេសារវាងកងកម្លាំងប្រកួតប្រជែងទាំងពីរបក្ស។

គួរជម្រាបថា ការព្រមានពី WFP បានកើតឡើងនៅស្របពេលដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield លើកឡើងថា UN រកឃើញភស្តុតាងបញ្ជាក់ថា ក្មេងស្រីអាយុក្រោម ១៤ ឆ្នាំត្រូវបានរំលោភដោយកងកម្លាំងនៅឃ្លាំងទុកស្បៀងអាហារ។ លោកស្រីអះអាងថា អ្នកលបបាញ់ RSF បានកំណត់គោលដៅជនស៊ីវិលដោយមិនរើសមុខ រួមទាំងស្ត្រី ស្ត្រីមានផ្ទៃពោះ និងមនុស្សវ័យក្មេងដែលកំពុងរៀននៅសាលា មន្ទីរពេទ្យ ទីផ្សារ អគាររដ្ឋាភិបាល និងទ្រព្យសម្បត្តិមនុស្សធម៌ផ្សេងៗ ក៏ត្រូវបានប្លន់ផងដែរ ដែលជម្លោះនេះបានបង្កឱ្យស៊ូដង់ប្រឈមទាំងបញ្ហាមនុស្សធម៌ និងសន្តិសុខស្បៀងអាហារ៕

ប្រភព៖ CNN ចុះថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤

Share

Image Not Found
Image

ព័ត៌មានទាក់ទង