អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ បានរឹតបន្ដឹងចំពោះការប្រើប្រាស់យានយន្តពាក់ផ្លាកលេខខេមរភូមិន្ទ ខណៈដែលក្រសួងបានរកឃើញថា អ្នកប្រើប្រាស់មួយចំនួន ហាក់គ្មានសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ។
(កញ្ញា ងិន ស៊ាងលីម ជូននូវសេចក្ដីរាយការណ៍)
បើយោងតាមលិខិតរបស់ក្រសួងការពារជាតិចេញនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកដែលមានសិទ្ធិក្នុងការកាន់កាប់យានយន្ដដែលប្រើស្លាកលេខខេមរភូមិន្ទ គឺជានាយទាហ៊ានដែលមានសិទ្ធិពេញលេញប៉ុណ្ណោះ មិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។
តែមួយរយៈពេលចុងក្រោយនេះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ សង្កេតឃើញថា អ្នកប្រើប្រាស់យានយន្ដប្រើប្រាស់ផ្លាកលេខខេមរភូមិន្ទ បានបង្កើតឱ្យមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ។ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ បញ្ជាក់ថា បាតុភាពនោះមានដូចជា បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ហើយបុគ្គលអ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទមួយចំនួនមានភាពក្រអឺតក្រទម មិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសនោះគឺ ប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល ។
ដូច្នេះហើយ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិសង្កត់ធ្ងន់ចំពោះ ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទទាំងអស់ ដោយត្រូវអនុវត្តតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ឱ្យបានម៉ត់ចត់។ អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ហើយការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ។ ការអនុវត្តនេះរាប់បញ្ចូលទាំងក្រុមហ៊ុនសហការវិនិយោគវិស័យការពារជាតិនានាផងដែរ ។
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិព្រមានថា ក្នុងករណីដែលអនុវត្តការប្រើប្រាស់យានយន្ដផ្ទុយខុសពីខ្លឹមសារ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនឹងចាត់វិធានការច្បាប់ជាធរមាន៕