នៅព្រឹកថ្ងៃសុក្រទី១២ ខែមិថុនានេះ អាជ្ញាធរខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ខុយ សុខខន អភិបាលខ័ណ្ឌឬស្សីកែវ បានចុះរុះរើផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក្រោយពីប្រជាពលរដ្ឋមិនព្រមទទួលយកសំណង។ ចំណែកប្រជាពលរដ្ឋអះអាងថា ការផ្តល់សំណងគឺមិនសមរម្យ និងមិនស្នើភាពគ្នា។
ផ្ទះ៤ខ្នង ដែលប៉ះពាល់ដល់ការធ្វើលូ បង្ហូរទឹកស្អុយ ត្រូវបានអាជ្ញាធរចុះធ្វើការរុះរើនៅព្រឹកថ្ងៃសុក្រនេះ ហើយក្នុងចំណោមផ្ទះទាំងនោះ មានផ្ទះ២ខ្នងត្រូវបានដោះស្រាយរួចរាល់ហើយ ដោយទទួលបានសំណងចំនួន ២ពាន់ដុល្លារក្នុងមួយខ្នង។ ចំណែកផ្ទះ២ខ្នងទៀត មិនត្រូវបានផ្តល់សំណងនោះទេ ដោយសារតែពួកគេមិនព្រមទទួលយក ព្រោះសំណងនោះមិនសមរម្យ។
អ្នកស្រី អ៊ុន ហូវ អាយុ៦៥ឆ្នាំ ជាម្ចាស់ផ្ទះដែលមិនព្រមទទួលសំណងពីអាជ្ញារបានប្រាប់ឱ្យដឹងថា អ្នកស្រីមិនព្រមទទួលយកសំណងដែលអាជ្ញាធរផ្តល់ឱ្យនោះទេ ព្រោះប្រាក់សំណងនេះ មិនស្នើភាពគ្នា។ «ខ្ញុំមិនព្រមទទួលយក គេក៏នាំកម្លាំងមករុះរើរផ្ទះរបស់ខ្ញុំ ហើយសុំសម្របសម្រួល ប៉ុន្តែគេថាហួសពេលហើយមានតែចាប់ដាក់គុក…។ គេធ្វើអំពើហឹង្សាដល់ថ្នាក់ហ្នឹង សូមសម្តេច ហ៊ុន សែនជួយមើលខុសត្រូវផង បើគេធ្វើបែបនេះឲ្យប្រជាពលរដ្ឋរស់នៅយ៉ាងដូចម្តេចទៅ..?»។ អ្នកស្រីបន្តថា ផ្ទះរបស់អ្នកស្រីប៉ះពាល់ដល់ទៅពីរខ្នង ហើយការប៉ះពាល់មានទំហំធំ ប៉ុន្តែអាជ្ញាធរផ្តល់ឱ្យតែ ៥លានរៀលប៉ុណ្ណោះ ចំណែកអ្នក ដែលប៉ះពាល់តិចតួចអាជ្ញាធរផ្តល់សំណងរហូតដល់ទៅ ២ពាន់ដុល្លារ។
ស្ត្រីវ័យ៦៥ឆ្នាំរូបនេះបញ្ជាក់ទៀតថា ចំពោះផលប៉ះពាល់នេះ អ្នកស្រីទាមទារឲ្យអាជ្ញាធរផ្តល់សំណងជូនចំនួន៣ពាន់ដុល្លារ ទើបសមរម្យ។ អ្នកស្រី អ៊ុន ហូវ បានប្រាប់លើកឡើងផងដែរថា គាត់បានរស់នៅលើផ្ទះដែលគេរុះរើនេះតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ដោយមានលិខិតផ្ទេរកម្មសិទ្ធទទួលស្គាល់និងចេញដោយអាជ្ញាធរសង្កាត់ទួលសង្កែ។
ចំណែក អ្នកស្រី វីន វណ្ណារី ជាម្ចាស់ផ្ទះមា្នក់ទៀតដែលអាជ្ញាធរបានរុះរើដែរនោះ បាននិយាយថា កាលពីឆ្នាំ២០០៩ គាត់ធ្លាប់ធ្វើសប្បទានដីចំនួន៦ម៉ែត្រ ដើម្បីធ្វើប្រឡាយបង្ហូរទឹករួចមកហើយ ដោយមិនបានទទួលសំណងអ្វីទាំងអស់ ។ តែដោយមើលឃើញ ផ្ទះអ្នកនៅក្បែរគ្នា ប៉ះពាល់ទំហំតិចតួច ហើយទទួលបានសំណងច្រើន ទើបគាត់ទាមទារសំណងឲ្យសមាមាត្រទៅនឹងទំហំនៃការប៉ះពាល់។ ម្ចាស់ផ្ទះដែលត្រូវបានគេរុះរើររូបនេះសង្កត់ធ្ថន់ថា អាជ្ញាធរផ្តល់សំណងឲ្យមិនយុត្តិធម៌នោះទេ។ «វាអត់សមស្រប អត់មានសមូហភាពជាកញ្ចប់ស្មើភាពគ្នា សម្រាប់ប្រជាពលរដ្ឋទាំងអស់ …គេបានពីរពាន់ដុល្លារ ដីគេតែបីម៉ែត្រទេ ដីគេទល់នឹងផ្លូវរថភ្លើងដូចគ្នា ។ អ្នកដែលចុះមកពិនិត្យគេមុសា គេថាដីរបស់ខ្ញុំវែង ខ្ញុំអាចទទួលផលពីដីទាំងនោះបានទៀតនៅថ្ងៃក្រោយ»។
លោក ខុយ សុខខន អភិបាលខ័ណ្ឌឬស្សីកែវ និងចៅសង្កាត់ទួលសង្កែ មិនអាចសុំការបំភ្លឺបានទេនៅថ្ងៃនេះ។
ចំនែកនាយកលេខាធិការដ្ឋានអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោកសៀរ ភារម្យ យល់ឃើញថា អាជ្ញាធរគួរតែធ្វើការចរចារជាមួយប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព មុននឹងធ្វើការរុះរើនិងប្រើអំពើហឹង្សាទៅលើប្រជាពលរដ្ឋប្រជាពលរដ្ឋ។ លោកបន្តថា ការចរចារសំណងខុសត្រូវគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ អាជ្ញាធរគួរតែដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានសមរម្យ ព្រោះពលរដ្ឋរស់នៅទីតាំងនេះ ជាច្រើនឆ្នាំមកហើយ ព្រមទាំងមានការទទួលស្គាល់ពីអាជ្ញាធរទៀតផង៕