ព្រឹត្តិការណ៍ពលរដ្ឋខេត្តកោះកុងម្នាក់ឈ្មោះ សាត សាខន ត្រូវបានអេស្កាវាទ័រកិនរហូតដល់បាត់បងជីវិត។ រូបថត៖ ហ្វេសប៊ុក
ផ្ទៀងផ្ទាត់៖ ព័ត៌មានដែលផ្សព្វផ្សាយពីករណីពលរដ្ឋខេត្តកោះកុងម្នាក់ឈ្មោះ សាត សាខន ត្រូវបានអេស្កាវាទ័រកិនរហូតដល់បាត់បងជីវិត បង្កឱ្យមហាជន និងអ្នកធ្វើការស្ថាប័នមួយចំនួនផ្ទុះការភ្ញាក់ផ្អើល ដោយអ្នកខ្លះចែករំលែកបន្តដោយភ្ជាប់ជាខ្លឹមារថាចោទប្រកាន់ថា «ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗគ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន»។ ខ្លះទៀតមានមន្ទិលសង្ស័យថា តើពិតទេដែលអ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រកិនជនរងគ្រោះឱ្យស្លាប់នោះក្រោមហេតុផលទំនាស់ដីធ្លី?
ជាការឆ្លើយតបនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានឱ្យដឹងថា ករណីអ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រកិនពលរដ្ឋស្លាប់នេះ ពិតជាបានកើតឡើងមែន។
ប៉ុន្តែលោករដ្ឋមន្រ្តីរូបនេះភ្ជាប់ជាមួយនឹងការបកស្រាយរបស់អជ្ញារធរស្រុកបទុមសាទរ ខេត្តកោះកុង ក្នុងសំណេររបស់ខ្លួនបន្ថែមថា «ពលរដ្ឋដែលបានស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រមកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយមិនបានមើលក៏បានកិនស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។ ដូច្នេះ សូមសាធារមតិកុំមានការយល់ច្រឡំ និងបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយនេះ!»
ជុំវិញបញ្ហានេះក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្រ្តីព្យាយាមសុំការស្រាយបំភ្លឺបន្ថែមពីសំណាកគ្រួសារជនរងគ្រោះ ដែលជាកូនប្រុសរបស់ លោក សាត សាខន ដែរ ប៉ុន្តែមិនមានការឆ្លើយតបណាមួយឡើយគិតត្រឹមព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
យ៉ាងណាមិញ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sat Piseth ដែលនិយាយថាខ្លួនជាសមាជិកគ្រួសារនៃជនរងគ្រោះឆ្លើយតបនឹងការបញ្ចេញមតិរបស់មហាជនមួយចំនួនដែលថាខ្លួនសុំមិនធ្វើការបកស្រាយអ្វីបន្ថែមឡើយ ព្រោះថានៅអំឡុងពេលបន្ទាប់ពីកើតហេតុនេះ លោក និងក្រុមគ្រួសារ ព្រមទាំងសាច់ញ្ញាតិផ្សេងទៀតកំពុងតែសម្រួលចិត្ត និងរវល់រៀបចំពិធីបុណ្យទៅតាមប្រពៃណី។
សាកសពជនរងគ្រោះ ឈ្មោះ សាត សាខន ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោយពេលកើតហេតុកម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាព បានទៅពិនិត្យសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារគ្រឿងចក្រកិនស្លាប់ពិតប្រាកដមែន។ នេះបើតាមការលើកឡើងរបស់រដ្ឋបាលស្រុកបទុមសាគរ៕
អត្ថបទ៖គុជ ស៊ីកុល