ភ្នំពេញ៖ បញ្ហាប្រឈមរវាងមន្ត្រីនគរបាល និងអ្នកសារព័ត៌មានបានជួបប្រទះអំឡុងពេលបំពេញការងារនិងការប្រទាំងប្រទើសគ្នាមួយចំនួននាពេលកន្លងមក ត្រូវបានលើកយកមកជជែកពិភាក្សារួមគ្នាក្នុងសិក្ខាសាលាស្តីពី«សុវត្ថិភាព និងសេរីភាពនៃការបញ្ចេញមតិ។ សិក្ខាសាលាដែលរៀបចំឡើងដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) ក្រោមការគាំទ្រពីអង្គការយូណេស្កូកាលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល មានគោលបំណងឈានទៅរកចំណុចរួមគ្នាមួយដែលអាចបង្កបរិយាកាសសហការល្អរវាងមន្រ្តីនគរបាលនិងអ្នកសារព័ត៌មាននាពេលអនាគត។
(កញ្ញា កែវ សុជាតា រាយការណ៍)
ដោយមើលឃើញពីទំនាក់ទំនងរវាងមន្រ្តីនគរបាលនិងអ្នកសារព័ត៌មានស្រ្តីនៅកម្ពុជាពុំទាន់មានការសហការគ្នាល្អក្នុងការផ្តល់ព័ត៌មាននិងការទទួលព័ត៌មាន អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានរៀបចំវេទិកាកិច្ចពិភាក្សារវាងភាគីទាំងសងខាងនៅក្នុងសិក្ខាសាលាស្តីពី «សុវត្ថិភាព និងសេរីភាពនៃការបញ្ចេញមតិ» ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន ក្រោមជំនួយពីអង្គការយូណេស្កូ ដែលប្រព្រឹត្តឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតីភាព និងផ្តល់អនុសាស្រ្តមួយចំនួនទៅកាន់អ្នកចូលរួមដែលមានទាំងមន្រ្តីនគរបាលជាតិមកពីខេត្តកណ្តាល និងរាជធានីភ្នំពេញសរុបចំនួន ៥៧នាក់ ក្នុងនោះមានស្រ្តីចំនួន ២៧នាក់ និងក្រុមអ្នកសារព័ត៌មានស្រ្តីចំនួន ២៨នាក់ (ប្រុសចំនួន ៣នាក់)។
ជាមួយគ្នានេះ ក្រៅពីផ្តល់វេទិកាឱ្យទៅអ្នកសារព័ត៌មានលើកឡើងពីបញ្ហារបស់ខ្លួន ដែលតែងកើតមានភាពថ្នាំងថ្នាក់ជាមួយមន្រ្តីនគរបាល ឬកម្លាំងសមត្ថភាពនៅតាមតំបន់ វេទិកាក៏អនុញ្ញាតឱ្យមន្រ្តីនគរបាលចម្រុះស្ថាប័ន លើកពីបញ្ហាប្រឈមដែលរបស់ខ្លួនតែងជួបប្រទះនៅអំឡុងពេលបំពេញការងារជាអ្នកអនុវត្តច្បាប់ផងដែរ។
ក្នុងនោះ លោកវីរសេនីយ៍ទោ វាសនា សុភ័ត្រ្តា ជាមន្រ្តីមួយរូបនៅក្នុងការិយាល័យគ្រប់គ្រងសន្តិសុខឯកជន លើកឡើងថា បញ្ហាដែលលោកជួបប្រទះពេលផ្តល់សម្ភាសជូនអ្នកសារព័ត៌មាននោះ គឺត្រង់អ្នកសារព័ត៌មានកាត់យកសម្រង់សម្តីទៅផ្សាយ។ ពោលគឺអ្នកសារព័ត៌មានតែងផ្សាយសម្រង់សម្តីត្រង់កន្លែងមិនសមរម្យ ជាជាងការនិយាយពីចំណុចល្អៗរបស់សមត្ថកិច្ច។
លោកវីរសេនីយ៍ទោ វាសនា សុភ័ត្រ្តា
ទន្ទឹមគ្នានេះ វីរសនីយ៍ទោ ឡេង មិនា មន្រ្តីនគរបាលស្រ្តីមកពីរាជធានីភ្នំពេញមួយរូប បញ្ជាក់ថា នៅអំឡុងពេលកងកម្លាំងសមត្ថកិច្ចកំពុងបំពេញការងារ ឬចុះទៅអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុ អ្នកសារព័ត៌មានរមែងតែងយកបានព័ត៌មានលឿនរហ័សដើម្បីយកទៅផ្សព្វផ្សាយ។ តែយ៉ាងណាអ្នកសារព័ត៌មានមួយចំនួនមិនបានគោរពតួនាទីរបស់មន្រ្តីនគរបាលនោះឡើយ ដ្បិតព្រឹត្តិការណ៍ខ្លះត្រូវការការស៊ើបអង្កេតបន្ថែម ឬមិនអាចផ្តល់ព័ត៌មានពិស្តារជូនភ្លាមៗនៅកន្លែងកើតហេតុនោះទេ។
សំឡេងមន្រ្តីនគរបាលស្រ្តី
មិនខុសពីមន្រ្តីនគរបាលស្រ្តីខាងលើ មន្រ្តីនគរបាលស្រ្តីមួយរូបផ្សេងទៀត សង្ឃឹមថា អ្នកសារព័ត៌មានអាចសហការជាមួយកម្លាំងសមត្ថកិច្ចបានយ៉ាងសន្តិវិធី និងមិនបំពានព្រំដែននៃតួនាទីរៀងៗខ្លួន ដោយហេតុថាប្រតិបត្តិការមួយចំនួនមិនអាចផ្សព្វផ្សាយដោយមិនយល់ពីមូលដ្ឋាននោះឡើយ។ មន្រ្តីនគរបាលរូបនេះ អះអាងថា ពេលខ្លះអាចធ្វើឱ្យជនបង្ករត់គេចខ្លួននៅពេលដែលជនទាំងនេះបានដឹងពីប្រតិបត្តិការរបស់កងកម្លាំងសមត្ថកិច្ច។
មន្រ្តីនគរបាលស្រ្តី
ងាយមកអ្នកសារព័ត៌មានស្រ្តីមួយរូបដែលប្រឡូកក្នុងវិស័យសារព័ត៌មានជាង ២០ឆ្នាំ និងបច្ចុប្បន្នជានិពន្ធនាយកនៃសារព័ត៌មានកោះសន្តិភាព អ្នកនាង គុជ ណារ៉េន ឱ្យដឹងថា អ្នកសារព័ត៌មាននិងមន្រ្តីនគរបាលដើរតួនាទីសំខាន់ដូចគ្នា ពោលប្រសិនណាជាភាគីទាំងសងខាងមានវិវាទ នោះគឺមិនអាចមានផលប្រយោជន៍សម្រាប់ប្រទេសជាតិនោះឡើយ។ ក្នុងនាមអ្នកនាងជាអ្នកសារព័ត៌មានស្រ្តីមួយរូបដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយមន្រ្តីនគរបាលអ្នកនាងយល់ថា ដើម្បីឱ្យភាគីទាំងអ្នកសារព័ត៌មាននិងមន្រ្តីនគរបាលអាចធ្វើការជាមួយគ្នាបានយ៉ាងរលូន គឺទាមទារឱ្យមានការយោគយល់គ្នា ដ្បិតអ្នកសារព័ត៌មានមានគោលដៅក្នុងការរាយការណ៍ព័ត៌មាននិងផ្សព្វផ្សាយទៅកាន់សាធារណជនឱ្យបានឆាប់រហ័ស។
អ្នកនាង គុជ ណារ៉េន បន្តទៀតថា ទោះបីជាមន្រ្តីនគរបាលមានតួនាទីការពារសុវត្ថិភាព និងបំពេញភារកិច្ចតាមបទបញ្ជាដែលករណីខ្លះមិនអាចបញ្ចេញព័ត៌មានពិស្តារ តែអ្នកនាងយល់ថា មន្រ្តីនគរបាលគួរតែជម្រាបប្រាប់អ្នកយកព័ត៌មាននូវព័ត៌មានជ្រុងណាមួយដើម្បីឱ្យពួកគេយកទៅផ្សព្វផ្សាយ បើទោះបីជាបឋមក្តី។ ក្នុងនោះ អ្នកនាងអះអាងថា ប្រសិនជាដំណឹងណាមួយអាចប៉ះពាល់ដល់ដំណើរការច្បាប់ ឬប្រតិបត្តិមន្រ្តីជំនាញ ពិសេសអាចធ្វើឱ្យជនសង្ស័យរត់គេចខ្លួន នោះក៏ធ្វើអ្នកសារព័ត៌មានមានអារម្មណ៍ថាខុសផងដែរ។ ហេតុដូចនេះ អ្នកនាងសង្ឃឹមថា មន្រ្តីនគរបាលសហការជួយគ្នាទៅវិញទៅមកជាមួយនឹងអ្នកសារព័ត៌មានដើម្បីសង្គមជាតិរីកចម្រើន៕