ក្រោយធាតុអាកាសមិនអំណោយផលលើដំណាំស្រូវ ដោយតម្រូវឱ្យប្រជាកសិករពន្យាពេលប្រមូលផល ឥណ្ឌូនេស៊ីគ្រោងបើកប្រតិបត្តិការទិញអង្ករបន្ថែមចំនួន ១.៦លានតោនសម្រាប់ឆ្នាំ២០២៤នេះ។ ក្នុងនោះ ជំនន់ទឹកភ្លៀងរារាំងការប្រមូលផលស្រូវនៅកោះជ្វា នៃឥណ្ឌូនេស៊ីនៅចន្លោះខែមករាដល់ខែមីនា ឆ្នាំ២០២៤ ដែលអ្នកជំនាញព្យាករណ៍ថា ទិន្នផលស្រូវសម្រាប់ឆ្នាំនេះមានការថយចុះជាលំដាប់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
មន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Arif Sulistiyo បាននិយាយក្នុងអំឡុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំសប្តាហ៍ថា ផលិតកម្មស្រូវនៅខែមករាដល់ខែមីនារបស់ឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា នឹងទាបជាង ២.៨២ លានតោន បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ លោក Arif បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មកំពុងធ្វើការលើករណីនេះ ដើម្បីចេញលិខិតអនុញ្ញាតនាំចូលផលិតផលក្រៅស្រុកបន្ថែមទៀត។
ជាមួយគ្នានេះ តម្លៃអង្ករអាស៊ីបានឡើងថ្លៃជាលំដាប់ បន្ទាប់ពីប្រទេសឥណ្ឌាដែលជាអ្នកផ្គត់ផ្គង់កំពូលរបស់ពិភពលោក បានដាក់កំហិតទៅលើចំនួននៃការនាំចេញស្រូវអង្ករកាលពីឆ្នាំ២០២៣។ ចំណែកឯ តម្លៃនៅក្នុងមជ្ឈមណ្ឌលនាំចេញសំខាន់របស់ប្រទេសថៃនិងវៀតណាមវិញ គឺជិតដល់កម្រិតថ្លៃបំផុតដែលពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០០៨។ ទិន្នផលទាបរបស់ឥណ្ឌូនេស៊ីអាចខ្លាចជាការគំរាមកំហែងលើការផ្គត់ផ្គង់បន្ថែមលើផលិតផលស្រូវ ដែលជំរុញឱ្យតម្លៃអង្ករឡើងថ្លៃនៅក្នុងទីផ្សារទាំងក្នុង និងក្រៅស្រុកផងដែរ។
ស្ថានភាពនៅក្នុងប្រទេសមានភាពចលាចលក្រោយតម្លៃអង្ករកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលប្រាសចាកពីតម្លៃកំណត់របស់រដ្ឋាភិបាល ស្របពេលប្រទេសកំពុងខ្វះខាតការផ្គត់ផ្គង់ស្បៀងអាហារ៕
ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤