en     km
en     km

លោក Biden៖ បទឈប់បាញ់នៅហ្គាហ្សានឹងផ្តើមអនុវត្តចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយ

Share


ក្រោយអ៊ីស្រាអែលនិងក្រុមហាម៉ាស់បើកការវាយប្រហារគ្នាឥតឈប់ឈរដែលបណ្តាលឱ្យប្រជាជនជាច្រើនរងគ្រោះ បាត់បង់អាយុជីវិត និងតម្រូវឱ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែង នាថ្ងៃច័ន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានាធិបតីអាមេរិក លោក Joe Biden ដាក់ក្តីសង្ឃឹមថា ភាគីទាំងសងខាងនឹងចាប់ផ្តើមអនុវត្តផែនការបទឈប់បាញ់ជាធរមានចាប់ពីដើមសប្តាហ៍ក្រោយនេះតទៅ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Joe Biden និយាយនៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកថា ក្រោយការប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកចាប់ផ្តើមមានក្តីសង្ឃឹមថាថ្ងៃច័ន្ទខាងមុខនេះ នឹងមានបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដ្បិតតំបន់ហ្គាហ្សាកំពុងជួបវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលត្រូវការដំណោះស្រាយជាបន្ទាន់។

ជាមួយគ្នានេះ អ្នកតំណាងមកពីប្រទេសអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក បារាំង និងកន្លែងផ្សេងទៀត បានដើរតួនាទីជាអ្នកប្រឹក្សា និងជាអ្នកកាទូតសម្រាប់ផ្សះផ្សាទំនាក់ទំនងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដើម្បីស្វែងរកការបញ្ឈប់ការវាយប្រហារគ្នា និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលកំពុងឃុំខ្លួននៅតំបន់ហ្គាហ្សា។ កិច្ចព្រមព្រៀងនេះទៀតសោត រួមបញ្ចូលការផ្លាស់ប្តូរចំណាប់ខ្មាំងជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ដែលកំពុងឃុំឃាំងនៅក្នុងប្រទេសអ៊ីស្រាអែល។

ទោះបីជាយ៉ាងណា ប្រភពពីក្រុមហាម៉ាស់បានប្រាប់សារព័ត៌មាន AFP ថា វិសោធនកម្មថ្មីមួយចំនួនត្រូវបានស្នើឡើងលើបញ្ហាចម្រូងចម្រាសរវាងភាគីទាំងសងខាង ក៏ប៉ុន្តែអ៊ីស្រាអែលមិនបានបង្ហាញជំហរសំខាន់ណាមួយលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការដកខ្លួនចេញពីតំបន់ហ្គាហ្សាស្ទ្រីបនោះទេ។

យោងតាមក្រសួងនៅតំបន់ហ្គាហ្សាឱ្យដឹងថា យោធារបស់អ៊ីស្រាអែលបានសម្លាប់ប្រជាពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ ចំណែកក្រុមហាម៉ាស់បានសម្លាប់ប្រជាពលរដ្ឋក្នុងប្រទេសអ៊ីស្រាអែលចំនួន ១,១៦០នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលភាគច្រើនសុទ្ធសឹងជាជនស៊ីវិល។ ក្នុងនោះ ក្រុមហាម៉ាស់បានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ពីអ៊ីស្រាអែល ដែលក្នុងចំណោមនោះ ១៣០នាក់កំពុងស្ថិតនៅក្នុងតំបន់ហ្គាហ្សា ខណៈមនុស្សចំនួន ៣១នាក់ផ្សេងទៀតត្រូវបានព្យាករណ៍ថា ត្រូវគេសម្លាប់៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤

Share

ព័ត៌មានទាក់ទង

Image