ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំពិធីអបអរសាទរនិស្សិតកម្ពុជាពីររូប ដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រឡងជួញដូរមូលបត្រអាស៊ានឆ្នាំ ២០១៥ ក្នុងចំណោមប្រទេសចំនួនប្រាំនៅក្នុងសហគមន៍អាស៊ាន។ ពិធីអបអរសាទរដល់និស្សិតកម្ពុជាទាំងពីររូបនេះ ធ្វើឡើងក្នុងគោលបំណងសាទរ ចំពោះលទ្ធផលដែលនិស្សិតកម្ពុជាទទួលបានការ ចែករំលែកចំណេះដឹងផ្សេងៗ ពីទីផ្សារមូលបត្រដល់និស្សិតកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងពីទីផ្សារមូលបត្រ និងផ្តល់ឱកាសក្នុងការប្រកួតជួញដូរមូលបត្រក្នុងប្រទេសសហគមន៍អាស៊ាន។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៦ នេះ បានរៀបចំពិធីអបអរសាទរនិស្សិតកម្ពុជាពីររូប ដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រឡងជួញដូរមូលបត្រអាស៊ានឆ្នាំ ២០១៥ ក្នុងចំណោមប្រទេសចំនួនប្រាំនៅក្នុងសហគមន៍អាស៊ាន។
លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា ការអបអរសាទរនិស្សិតកម្ពុជាទាំងពីររូបដែលឈ្នះការប្រកួតជួញដូរមូលបត្រ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងសហគមន៍អាស៊ាននៅពេលនេះ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់និស្សិតកម្ពុជា ដែលខិតខំសិក្សា និងស្វែងយល់ពីចំណេះដឹងទីផ្សារមូលបត្រ។
អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជារូបនេះ បានឱ្យដឹងទៀតថា ភាពជោគជ័យរបស់និស្សិតកម្ពុជានាពេលនេះ គឺជាជោគជ័យដ៏ធំមួយរបស់កម្ពុជា ក្នុងវិស័យទីផ្សារមូលបត្រ ដែលបង្ហាញឱ្យឃើញថា និស្សិតកម្ពុជាក៏មានចំណេះដឹងច្រើនពីវិស័យទីផ្សារមូលបត្រ មិនចាញ់និស្សិតនៅបណ្តាប្រទេសផ្សេងៗក្នុងតំបន់សហគមន៍អាស៊ានឡើយ បើទោះបីកម្ពុជាមានភាពក្មេងខ្ចីនៅក្នុងវិស័យនេះក៏ដោយ។
ទន្ទឹមនឹងការអបអរសាទរនេះ លោក ប៊ុន យីន នាយកប្រតិបត្តិធនាគារ ស៊ីអាយអឹមប៊ី ប្រចាំកម្ពុជា មានប្រសាសន៍ថា គំនិតផ្តួចផ្តើមរបស់ធនាគារ ស៊ីអាយអឹមប៊ី ដែលរៀបចំឱ្យមានការប្រកួតប្រជែងជួញដូរមូលបត្រអាស៊ានរបស់និស្សិតនេះ គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការស្វែងយល់ពីទីផ្សារមូលបត្រ និងផ្តល់ឱកាសក្នុងការប្រកួតប្រជែងជួញដូរមូលបត្រសម្រាប់និស្សិតមិនទាន់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ «ការប្រកួតជួញដូរមូលបត្រក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ មាននិស្សិតមិនទាន់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនប្រាំប្រទេសចូលរួម មានប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងកម្ពុជា ហើយនេះជាលើកទី២ហើយ ដែលនិស្សិតកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ នេះក៏ជាមោទនភាពរបស់កម្ពុជាក្នុងវិស័យទីផ្សារមូលបត្រ…»។
នាយកប្រតិបត្តិធនាគារ ស៊ីអាយអឹមប៊ី ប្រចាំកម្ពុជា លោក ប៊ុន យីន បានបន្តទៀតថា៖ «ធនាគារ ស៊ីអាយអឹមប៊ី នឹងបន្តផ្សព្វផ្សាយព័ត៌មានពីការប្រកួតជួញដូរមូលបត្រដល់និស្សិតកម្ពុជា ឱ្យបានទូលំទូលាយបន្ថែមទៀត ព្រោះការប្រកួតជួញដូរមូលបត្រនេះ ជាសកម្មភាពបម្រើដល់ការងារសង្គម បណ្តុះបណ្តាលចំណេះដឹងទីផ្សារភាគហ៊ុន តាមរយៈការវិនិយោគលើភាគហ៊ុនបម្រើឱ្យវិស័យសេដ្ឋកិច្ច»។
ក្រុមនិស្សិតកម្ពុជាពីររូបដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតជួញដូរមូលបត្រសហគមន៍អាស៊ានប្រចាំឆ្នាំ ២០១៥ គឺកញ្ញា ខន ស៊ីថា និងលោក បាញ់ ឈូឡុង ជានិស្សិតសិក្សានៅសាកលវិទ្យាល័យ ហ្សាម៉ាន់។
កញ្ញា ខន ស៊ីថា ជាជ័យលាភីមួយរូបតំណាងឱ្យនិស្សិតកម្ពុជា បាននិយាយថា ការប្រកួតជួញដូរមូលបត្រជាមួយក្រុមនិស្សិតបណ្តាប្រទេសទាំងប្រាំ មានលក្ខណៈប្រកួតប្រជែងគ្នាខ្លាំង ដោយវគ្គផ្តាច់ព្រ័ត្រក្រុមនីមួយៗ ត្រូវធ្វើបទបង្ហាញផ្តោតលើយុទ្ធសាស្ត្រ ជួញដូរមូលបត្រដល់គណៈកម្មាការវាយតម្លៃ ដោយផ្អែកលើភាពច្បាស់លាស់ក្នុងការជួញដូរ ភាពជឿជាក់ និងការឆ្លើយសំណួររបស់គណៈកម្មាការវាយតម្លៃថ្នាក់តំបន់។
សូមបញ្ជាក់ថា ការប្រកួតជួញដូរមូលបត្រវគ្គផ្តាច់ព្រ័ត្ររៀបចំឡើង នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ១៨ ខែមករា ឆ្នាំ ២០១៦។ ក្នុងនោះក្រុមនិស្សិតប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ១ ។ ក្រុមនិស្សិតកម្ពុជាពីររូបដែលជាប់ចំណាត់ថ្នាក់លេខ២ ទទួលបានរង្វាន់ទឹកប្រាក់ ៨ពាន់ដុល្លារអាមេរិច ប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសូងអប់រំយុវជននិងកីឡាម៉ាឡេស៊ី និងនាយកប្រតិបត្តិធនាគារ ស៊ីអាយអឹមប៊ី៕