គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសថា (គ.ជ.ប) កំពុងខ្វះខាតធនធានមនុស្សផ្នែកជំនាញខាងកុំព្យូទ័រជាច្រើន ជាពិសេសនៅជនបទដាច់ស្រយាល។
ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ ២០១៦ នៅថ្ងៃព្រហស្បត្តិ៍នេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងខិតខំប្រឹងប្រែងស្វែងរកអ្នកជំនាញខាងបច្ចេកទេសកុំព្យូទ័រឲ្យបានគ្រប់គ្រាន់ ដើម្បីធ្វើការងារចុះឈ្មោះបោះឆ្នោតឲ្យទាន់ពេលវេលានៅអាណត្តិក្រោយ។ លោក បន្ថែមថា ការចុះតាម ប្រព័ន្ធអេឡិចត្រូនិចមានសារៈសំខាន់ក្នុងការធានាភាពច្បាស់លាស់ និងធានាថា គ្មានឈ្មោះស្ទូនគ្នាឡើយ។
លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ទៀតថា៖ «បើយើងប្រឹងប្រែងធ្វើ ដែលយើងចោទខ្លាំងនៅតំបន់ដាច់ស្រយាល់ ពិបាក់រកអ្នកចេះកុំព្យូទ័រណាស់ ដូចជានៅតំបន់ជនជាតិ ព្រោះយើងចុះឈ្មោះបោះឆ្នោតនេះទូទាំងប្រទេស វាមិនសម្បូរដូចនៅទីក្រុងឡើយ។ ប្រសិនបើយើងយកអ្នកចេះកុំព្យូទ័រពីភ្នំពេញទៅត្រូវការចំណាយលុយច្រើន ដែលយើងគ្មានការគ្រោងទុកលុយដល់នោះ»។
ជុំវិញបញ្ហានេះ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល មានប្រសាសន៍ថា មន្ត្រីជំនាញខាងបច្ចេកទេសកុំព្យូទ័រមានសារៈសំខាន់ណាស់ ក្នុងការប្រតិបត្តិការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចនេះ។
លោក គល់ បញ្ញាលើកឡើងផងដែរថា៖ «តែនៅមាននីតិវិធីមួយចំនួនត្រូវការកែលម្អរ អញ្ចឹងហើយថ្ងៃនេះ យើងផ្តល់ឲ្យនៅមតិយោបល់ខ្លះ ក្នុងការពង្រឹងនីតិវិធីការចុះឈ្មោះបោះឆ្នោតតាមបែបប្រព័ន្ធថ្មីនេះ ជាពិសេសការផ្ទៀងផ្ទាត់ទិន្នន័យនៅនិងកន្លែង ដើម្បីធានាថា ការចុះឈ្មោះរបស់ប្រជាពលរដ្ឋគ្មានការព្រួយបារម្ភអំពីការបាត់ឈ្មោះទេ»។
ចំណែក លោក សំ គន្ធាមី ប្រធានអង្គការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា ហៅថា និចហ្វិច មានជំនឿទៅលើការចុះឈ្មោះបោះឆ្នោតមានភាពសុក្រិតច្រើន ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ព្រមទទួលយកអនុសាសន៍ពីអង្គការសង្គមស៊ីវិល តំណាងស្ថានទូតជប៉ុន និងសហភាពអឺរ៉ុប បញ្ចូលទៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ ២០១៦នេះ។
លោក សំ គន្ធាមី ៖«បញ្ជីបោះឆ្នោតជាផ្នែកមួយនៃដំណើរការបោះឆ្នោតសេរីដោយយុត្តិធម៌ទេ ចំណែកការចាត់ចែកការរៀបចំការបោះឆ្នោតជាផ្នែកមួយទៀត ដូច្នេះនីតិវិធីក្នុងការគ្រប់គ្រង់ ចាត់ចែងបោះឆ្នោត បើសិនជាអង្គការចាត់ចែកបោះឆ្នោតគ្មានឯករាជទេ ដំណើរការបោះឆ្នោតក៏អត់មានសេរី និងយុត្តិធម៌ទេ»។
ក្រៅតែពីការខ្វះខាតធនធានមនុស្សនេះ អគ្គលេធិការ គ.ជ.ប លោក ទេព នីថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅមានការព្រួយបារម្ភអំពីសេវាអ៊ីនធើណេតនៅតាមទីជនបទ ថាអាចនឹងផ្តល់ផលពិបាកក្នុងចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិច។
ទាក់ទងនឹងបញ្ហានេះ តំណាងស្ថានទូតជប៉ុន និងតំណាងការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា រំពឹងថា ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិចនេះ នឹងធានានៅតម្លាភាពក្នុងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ដូចការបោះឆ្នោតកាលពីឆ្នាំ ១៩៩៣ ដែលរៀបចំដោយអុនតាក់៕