en     km
en     km

អន្តរក្រសួងពិភាក្សាកែសម្រួលរថយន្តដឹកកម្មករឱ្យមានកៅអីអង្គុយត្រឹមត្រូវជំរុញបង្កើនសុវត្ថិភាព

Share

ភ្នំពេញ៖ ក្រុមការងារអន្តរក្រសួងរួមមាន ក្រសួងការងារ ក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំមួយដោយពិភាក្សាស្ដីពីការធ្វើបច្ចុប្បន្នភាពរថយន្តដឹកកម្មករ និងអ្នកបើកបរប្រចាំឆ្នាំ២០២៤ ដោយអង្គប្រជុំបង្ហាញស្មារតីរួម ចង់ឱ្យប្ដូរពីរថយន្ដដឹកទំនិញដែលធ្លាប់ដឹកកម្មករឈរមកជារថយន្ដដឹកអ្នកដំណើរមានកែច្នៃកៅអីអង្គុយស្រួលនិងសុវត្ថិភាព។

(កញ្ញា សៃ ចន្ធី រាយការណ៍)

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារ ស ផ ក បានធ្វើបទបង្ហាញស្ដីពីជម្រើសនៃការប្រើប្រាស់រថយន្តដឹកកម្មករនិយោជិត ដែលក្នុងនោះបានបង្ហាញពីចំណុចសំខាន់មួយចំនួននៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការធ្ចើបច្ចុប្បន្នភាពរថយន្តដឹកកម្មករ និងអ្នកបើកបរប្រចាំឆ្នាំ២០២៤ នេះ។ នេះបើតាមទំព័រហ្វេសប៊ុកបេឡាជាតិសន្តិសុខសង្គម។

ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប ស ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានដឹកនាំក្រុមការងារបច្ចេកទេសក្នុងប្រជុំពិភាក្សាស្ដីពីជម្រើសនៃការប្រើប្រាស់រថយន្តដឹកកម្មករនិយោជិក ជាមួយ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងកិច្ចពិក្សានេះផងដែរ មានការធ្វើបទបង្ហាញ ស្ដីពី ជម្រើសការប្រើប្រាស់រថយន្ដដឹកកម្មករនិយោជិត ដែលបានបង្ហាញពីចំណុចសំខាន់ៗមួយចំនួនដូចជា បញ្ហាប្រឈមចំពោះការយករថយន្ដប្រភេទដឹកទំនិញមកដឹកកម្មករ។ស្មារតីនៃកិច្ចប្រជុំ បានបង្ហាញជម្រើសប្រើប្រាស់រថយន្ដដឹកកម្មករ ដោយប្ដូររថយន្ដដឹកទំនិញដែលដឹកកម្មករឈរ មកជារថយន្ដដឹកអ្នកដំណើរកែច្នៃកៅអីអង្គុយដូចគំរូរបស់ ប.ស.ស វិញ។

យោងតាមទិន្នន័យផ្ដល់ដោយលោក សុផាន់ណារិទ្ធ ដល់អ្នកសារព័ត៌មានបានឱ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិត ស្បែកជើង បានកើតឡើងសរុបចំនួន ៣ ២៧៥ករណី។ ក្នុងនោះបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន៦៣នាក់ របួសធ្ងន់ ៨៥៤នាក់ និងរងរបួសស្រាលចំនួន ៣ ១៣៩នាក់។ តួលេខនេះបើធៀបនឹងឆ្នាំ២០២១ គឺមានការកើនឡើងចំនួន ១ ៨៩០ករណី ស្មើនឹង៥៨%។

សម្រាប់មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍លើកម្មករវិញ ដោយសារកត្តាមួយចំនួនដូចជា ការបើកបរលើសល្បឿនកំណត់មានទិន្នន័យជារួម៣៦ភាគរយ មិនគោរពសិទ្ធិអទិភាព២១ភាគរយ មិនប្រកាន់ស្ដាំ(បើកបញ្ច្រាសទិស)១៣,៥ភាគរយ ការជែងក្នុងស្ថានភាពគ្រោះថ្នាក់១០,៩ភាគរយ បត់មិនត្រឹមត្រូវ៨,២ភាគរយ កត្តាផ្លូវ២,៤ភាគរយ លក្ខណៈបច្ចេកទេសយានយន្ត២,៨ភាគរយ និងបញ្ហាផ្សេងៗទៀត៥,២ភាគរយ៕

Share

ព័ត៌មានទាក់ទង

Image