\
យោងតាមគណៈកម្មាធិការការពារអ្នកកាសែត (CPJ) ឱ្យដឹងថា ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣កន្លងទៅនេះ អ្នកសារព័ត៌មានមកពីស្ថាប័ននានានៅជុំវិញពិភពលោកចំនួន ៩៩នាក់ ស្លាប់នៅអំឡុងពេលបំពេញការងារ។ ជាងនេះ CPJ បញ្ជាក់ទៀតថា យ៉ាងហោចណាស់ អ្នកសារព័ត៌មានចំនួន ៧២នាក់ជាជនជាតិប៉ាឡេស្ទីន បានស្លាប់នៅក្នុងហេតុការណ៍បាញ់បោះរវាងក្រុមកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយនៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមរបាយការណ៍របស់ CPJ គូសបង្ហាញថា តួលេខអ្នកស្លាប់ជាអ្នកសារព័ត៌មានក្នុងឆ្នាំ២០២៣នេះ បានបំបែកកំណត់ត្រាមានចំនួនអ្នកស្លាប់ជាអ្នកសារព័ត៌មានច្រើនបំផុតមួយ ដែលមិនធ្លាប់មានក្នុងរយៈពេលជិតមួយទសវត្សរ៍។ ជាមួយគ្នានេះ គណៈកម្មាធិការ CPJ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អះអាងនៅក្នុងរបាយការណ៍ចេញផ្សាយជាសាធារណៈថា កត្តាសម្លាប់អ្នកយកព័ត៌មាននឹងធ្លាក់ចុះជាសាកលពីមួយឆ្នាំទៅមួយឆ្នាំ ប្រសិនបើមិនមានជម្លោះ ឬការបាញ់ប្រហារគ្នាកើតឡើង ពិសេសសង្គ្រាមដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការសេរីភាពសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក រាយការណ៍ឱ្យដឹងថា ចំនួនអ្នកកាសែតដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា បានកើនឡើងដល់ទៅចំនួន ៨៥នាក់។ ដោយហេតុចំនួននេះនៅបន្តកើនឡើង គណៈកម្មាធិការការពារអ្នកកាសែត (CPJ) បាននិងកំពុងស៊ើបអង្កេតថាតើអ្នកកាសែតរាប់សិបនាក់ដែលត្រូវបានសម្លាប់ គឺជាចេតនាកំណត់គោលដៅពីសំណាក់ទាហានអ៊ីស្រាអែលឬយ៉ាងណា៕
ប្រភព៖ Al Jazeera ចុះថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤