en     km
en     km

៣ថ្ងៃនៃចូលឆ្នាំចិន៖ ក្មេងទំនើង៥០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបនៅទូទាំងរាជធានី-ខេត្ត

Share

ភ្នំពេញ៖ នៅកំឡុងពេលចូលឆ្នាំចិនចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបក្រុមក្មេងទំនើងនៅទូទាំងប្រទេសកម្ពុជាបានចំនួន៨ករណី និងឃាត់ខ្លួនក្មេងទំនើងសរុបចំនួន ៥០នាក់។ នេះបើតាមប្រសាសន៍លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុឃៈ (សុខៈ) បញ្ជាក់ថា ករណីក្មេងទំនើងបង្កបញ្ហាដល់សណ្តាប់ធ្នាប់សង្គមកើតឡើងក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិសាត់ និងខេត្តបាត់ដំបង។ ក្នុងនោះ លោកបញ្ជាក់ដែរថា សម្រាប់ខេត្តបាត់ដំបងមានករណីក្មេងទំនើងបញ្ហាចំនួន ១ករណីប៉ុណ្ណោះ ក៏ប៉ុន្តែសមត្ថកិច្ចឃាត់ខ្លួនបានក្រុមក្មេងទំនើងរហូតដល់ទៅ ១៨នាក់។ នេះបើតាមអគ្គស្នងការនគរជាតិ។

ជុំវិញករណីនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អះអាងថា បញ្ហាក្មេងទំនើងនេះ គឺជាទិសដៅអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពការងារទាំង៦ របស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញឱ្យអនុវត្តក្នុងគោលបំណងរក្សាបាននូវសន្តិសុខសង្គម និងបង្កើនយកចិត្តទុកដាក់ការពារគ្រប់គ្រងសកម្មភាពអវិជ្ជមានរបស់ក្រុមក្មេងទំនើងក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកពន្យល់ថា សមត្ថកិច្ចអន្តរាគមន៍លើយុវជនទាំងនេះក្រោមរូបភាពពីរផ្សេងគ្នា ដោយរូបភាពទី១ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីធ្ងន់ធ្ងរ ដែលតម្រូវឱ្យកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ចំណែកករណីស្រាលល្មមៗ ត្រូវអនុវត្តវិធានការណ៍អប់រំដោយប្រើយន្តការផ្សេងៗ និងការធ្វើកិច្ចសន្យាមានការធានាពីអាណាព្យាបាល ដើម្បីបញ្ឈប់សកម្មភាពមិនប្រក្រតីទាំងអស់​។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ មានករណីក្មេងទំនើងបង្កហិង្សានៅឧទ្យានជាតិគីរីរម្យ ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅតាមបណ្តាញសង្គម ដោយធ្វើឱ្យមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ខណៈក្មេងទំនើងចំនួន ៣រូបត្រូវបានរដ្ឋបាលស្រុកភ្នំស្រួចនៃខេត្តកំពង់ស្ពី ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕

Share

ព័ត៌មានទាក់ទង

Image