ភ្នំពេញ៖ ស្រ្តីសកម្មជនដីធ្លីខេត្តកោះកុងម្នាក់សម្តែងក្តីបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន បន្ទាប់ពីមានរថយន្តប្លែកៗមិនស្គាល់អត្តសញ្ញាណមកសំចតនៅមុខផ្ទះជាញឹកញាប់។ សកម្មភាពឃ្លាំមើលពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណនេះ កើតឡើងបន្ទាប់ពីសកម្មជនដីធ្លីរូបនេះ បានផ្តួចផ្តើមចលនាកៀរគរប្រជាសហគមន៍ឡើងវិញក្នុងការល្បាតព្រៃឈើការពារធនធានធម្មជាតិ ក្រោយពេលស្រ្តីសកម្មជនរូបនេះទើបចេញពីពន្ធនាគារ។
(លោក អ៊ុក ដែន ជូនសេចក្តីរាយការណ៍)
អ្នកស្រី ផាវ ញ៉ើង សកម្មជនដីធ្លីមួយរូបរស់នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ប្រាប់វិទ្យុស្រ្តីថា អ្នកស្រីពុំទាន់អាចកំណត់អត្តសញ្ញាណនិងគោលបំណងនៃរថយន្តប្លែកៗដែលមកសំចតនៅមុខផ្ទះរបស់អ្នកស្រីបាននៅឡើយនោះទេ។ ប៉ុន្តែអ្នកស្រីថា ផ្ទះរបស់អ្នកស្រីគឺជាទីតាំងមួយដែលមានការជួបប្រជុំគ្នារវាងបងប្អូនប្រជាសហគមន៍ផ្សេងៗ ជុំវិញការរៀបចំផែនការនានាដើម្បីដាក់ញតិ្តតវ៉ាទាមទារសិទ្ធិដីធ្លីរបស់ប្រជាសហគមន៍ដែលរងការរំលោភបំពានក្នុងសហគមន៍នៃខេត្តកោះកុង។
ការដាក់ក្តីព្រួយបារម្ភនេះ ក៏កើតឡើងបន្ទាប់ពីស្រ្តីសកម្មជនដីធ្លីរូបនេះធ្លាប់ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារជាង ៣ ខែរួចម្តងមកហើយ ទាក់ទងការញុះញង់ បង្កភាពវឹកវរ ពេលប្រមូលប្រជាពលតវ៉ាលើសិទ្ធិដីធ្លី។ ហើយកាលពីជាង១០ឆ្នាំមុន អ្នកស្រីថា មានសកម្មជនដីធ្លីម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ផងដែរ។ តែយ៉ាងណា ស្រ្តីសកម្មជនរូបនេះ បង្ហាញឆន្ទៈថាមិនខ្លាចការប្រឈមមុខផ្លូវច្បាប់នោះឡើយ តែអ្នកស្រីបារម្ភពីការយាយីអាយុជីវិតខ្លាចមានការបាញ់សម្លាប់ដូចសកម្មជនដីធ្លីមុនៗ។
«ខ្ញុំឥឡូវស្ទើរតែចេញក្រៅផ្ទះមិនបានទេ ដោយសារតែមានឡានចម្លែកៗមកនេះពេកអ៊ីចឹងណា មិនមែនខ្លាចអីទេ បើគេចាប់ខ្លួនយកទៅដាក់គុកដូចលើកមុនតាម៉ងបែបវាប្រហែលជាវាមិនអីទេ ខ្លាចតែគេបាញ់ចោលតាម៉ងហ្នឹងយើងវាយ៉ាប់។ ការឃ្លាំមើលបែបនេះមិនដឹងជាអាជ្ញារធរ មិនដឹងស៊ីវិលទេយើងអត់ដឹងទេ ប៉ុន្តែធ្វើបែបនេះវាជារឿងមួយគំរាមកំហែង ដែលធ្វើឱ្យសកម្មជនដីធ្លីដែលចេញមុខតវ់ាជាងគេហ្នឹងវាប៉ះពាល់ដល់អារម្ភចា៎ វាប៉ះពាល់ដល់អារម្ភ ពេលខ្លះខ្ញុំនៅម្នាក់ឯង គ្រួសារខ្ញុំគាត់អត់នៅអីអ៊ីចឹងទៅយើងអត់ហាននៅក្រៅ យប់អ៊ីចឹងទៅណា៎»។
ជុំវិញក្តីបារម្ភនេះអ្នកស្រី ផាវ ញ៉ើង សំណូមពរដល់អាជ្ញារធរពាក់ព័ន្ធ និងនគរបាលមានសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋរងគ្រោះដីធ្លីដែលកំពុងអនុវត្តសិទ្ធិរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ហើយកំពង់រងការគម្រាមកំហែងសុវត្ថិភាពពីជនអាណាមិក។ ជាងនេះទៀត អ្នកស្រីក៏អំពាវនាវដល់អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន ជួយតាមដានឃ្លាំមើលឱ្យបានជាប់លាប់ចំពោះសកម្មភាពតស៊ូមតិរបស់ប្រជាសហគមន៍លើបញ្ហាសិទ្ធិដីធ្លីក្នុងខេត្តកោះកុងនេះ។
ទាក់ទិនក្នុងរឿងនេះលោក ឃេង រ៉ន នាយប៉ុស្តិ៍រដ្ឋបាលឃុំ ជីខក្រោម បានប្រាប់វិទ្យុស្ត្រីថា ប៉ុស្តិ៍រដ្ឋបាលឃុំជីខក្រោម តែងចុះល្បាតជាប្រចាំ និងគ្រប់ច្រកល្ហកក្នុងដែនសមត្ថកិច្ច តែពុំឃើញមានករណីដូចការរៀបរាប់ខាងលើទេ។ ដោយឡែកសម្រាប់គ្រួសាររបស់អ្នកស្រី ផាវ ញ៉ើង លោកតែងតែបានទាក់ទងទៅជាញឹកញាប់ផងដែរ តែមិនឃើញមានសេចក្តីរាយការណ៍ពីរឿងខុសប្រក្រតីអ្វីនេះទេ។ យ៉ាងណាក្តី លោកជំរុញឱ្យពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ករណីសង្ស័យមានការគម្រាមកំហែងអាយុជីវិតណាមួយបានកើតឡើងនៅតាមមូលដ្ឋាន ដើម្បីឱ្យកម្លាំងអាចចុះអន្តរាគមន៍ទាន់ពេលវេលា។
«ខ្ញុំទំនាក់ទំនងជាមួយគាត់រហូតដែរអ៊ីចឹងណា៎ ខ្ញុំថាបើសិនជាមាន ជនអណាមិកឬក្មេងទំនើងមកអុកឡុកផ្ទះគាត់ ខ្ញុំថាឱ្យរាយការណ៍មកកម្លាំងខ្ញុំដើម្បីកម្លាំងខ្ញុំងាយស្រួលទៅទប់ស្កាត់បទល្មើសហើយហ្នឹងក្មេងទំនើងអ៊ីចឹង ភាគច្រើនគាត់អត់ដែលរាយការមកដែរហ្នឹងបង គាត់ថាអត់អីទេនៅខាងគាត់អ៊ីចឹងណា៎ ព្រោះខ្ញុំទំនាក់ទំនងខាងគាត់តហូតដែរហ្នឹងបង អត់អីទេបងហ្នឹងហើយបាទ»។
ចំណែកលោក ង៉ែត ស៊ីណាប់ មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តកោះកុងឱ្យដឹងថា កន្លងមកតែងតែមានប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីក្នុងខេត្តកោះកុង រាយការណ៍មកជាញឹកញាប់លើពីបញ្ហាសុវត្ថិភាពនេះ។ លោកថា សកម្មជនតស៊ូមតិ និងអ្នកតវ៉ារឿងទំនាស់ដីធ្លី តែងតែមានអ្នកតាមដានឃ្លាំមើលសកម្មភាពរបស់ពួកគេផងដែរ។ តែករណីអ្នកស្រី ផាវ ញ៉ើង នេះលោកពុំទាន់អាចកំណត់អត្តសញ្ញាណ ឬកំណត់ថាជាករណីអ្វីនៅឡើយទេ ដោយជំរុញឱ្យពលរដ្ឋរាយការណ៍ទៅអាជ្ញារធរ នៅពេលដែលមានករណីគួរសង្ស័យ ដើម្បីឱ្យអាជ្ញារធរអនុវត្តលើការឃ្លាំមើល និងស្រាវជ្រាវតាមនីតិវិធីរបស់សមត្ថកិច្ច។
«បាទគាត់ បើកាលណាមានរឿងកើតឡើងអ៊ីចឹង យើងវាមិនសឹងថាខាងណា យើងត្រូវតែធ្វើការដាក់ពាក្យបណ្តឹងទៅតាមនិតិវិធីទៅប៉ុស្តិ៍ទៅអីអ៊ីចឹង ទៅតាមការងារសមត្ថកិច្ចរបស់អាជ្ញារធរហ្នឹងតើគាត់ធ្វើយ៉ាងម៉េចអីយ៉ាងម៉េច ហើយពេលដែលយើងប្តឹងទៅគាត់មានឆន្ទៈក្នុងការស៊ើបអង្កេត ក្នុងការមើលថែទាំពលរដ្ឋទេ នេះជាការងាររបស់ពួកគាត់ បាទ»។
យោងតាមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្ស មាត្រា ១២ កថាខណ្ឌទី២បានចែងថា ជនគ្រប់រូបមានសិទ្ធិ ទទួលបានការការពារពីច្បាប់ ប្រឆាំងការជ្រៀតជ្រែក ឬការប៉ះពាល់សិទ្ធិនៃការរស់នៅ៕