en     km
en     km

UNICEF៖ កុមារជិត ៧ម៉ឺននាក់រួចផុតពីសេចក្តីស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងប្រទេសនេប៉ាល់

Share

ពលរដ្ឋនៅក្នុងប្រទេសនេប៉ាល់ជាច្រើនគ្រួសារ ពិសេសកុមារ ត្រូវប្រឈមនឹងភាពភ័យខ្លាចនៃបញ្ហាគ្រោះរញ្ជួយដីនៅក្នុងប្រទេស ដ្បិតគ្រោះមហន្តរាយនេះបានសម្លាប់ជីវិតមនុស្សជាច្រើននាក់ រួមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងរបស់ពលរដ្ឋ ខណៈពួកគេត្រូវការជំនួយមនុស្សធម៌បន្ថែម។ក្នុងគ្រោះមហន្តរាយនេះ មានកុមារប្រមាណជាង៧ម៉ឺននាក់បានរួចផុតពីសេចក្តីស្លាប់ តែកុមារទាំងនោះកំពុងប្រឈមបញ្ហាខ្វះអាហារទទួលទាន ទឹកស្អាតប្រើប្រាស់ ការអប់រំ និងទីជម្រកផងដែរ។

(កញ្ញា កែវ សុជាតា រាយការណ៍)

យោងតាមអង្គការយូនីសេហ្វ (UNICEF) ប្រចាំនេប៉ាល់ រាយការណ៍ឱ្យដឹងថា ស្រុកចំនួនពីរនៃប្រទេសនេប៉ាល់ជួបប្រទះនូវគ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានសម្លាប់ពលរដ្ឋចំនួន ១៥៤នាក់ ដែលក្នុងនោះកុមារមានចំនួនច្រើនជាងពាក់កណ្តាល។ អង្គការយូនីសេហ្វបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ កុមារនេប៉ាល់ប្រមាណជាង ៧ម៉ឺននាក់ គួបផ្សំនឹងក្រុមគ្រួសារជនរងគ្រោះ បានរួចផុតពីសេចក្តីស្លាប់ក្រោមឥទ្ធិពលនៃគ្រោះរញ្ជួយដី ពិសេសពលរដ្ឋទាំងនេះត្រូវការជំនួយមនុស្សធម៌បន្ថែមទៀត ដើម្បីកសាងនិងទំនុកបម្រុងជីវភាពខ្វះខាត។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីថ្ងៃអាទិត្យទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការយូនីសេហ្វប្រចាំនេប៉ាល់ ប្រកាសឱ្យដឹងថា មានពលរដ្ឋប្រហែល ២០ម៉ឺននាក់ រួមទាំងកុមារចំនួនជិត ៧ម៉ឺននាក់កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នរបស់អង្គការជំនួញមនុស្សធម៌ និងនៅតែត្រូវការជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀត ដើម្បីសង្គ្រោះពលរដ្ឋទាំងនេះពីគ្រោះមហន្តរាយ។ ទន្ទឹមគ្នានេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ខ្លួនកំពុងអំពាវនាវរកមូលនិធិចំនួន ១៤.៧លានដុល្លារអាមេរិកបន្ថែម ដើម្បីផ្គត់ផ្គង់ដល់កុមារនៅនេប៉ាល់ទាំងនេះ។

ជុំវិញករណីនេះ តំណាងអង្គការ UNICEF ប្រចាំប្រទេសនេប៉ាល់ លោកស្រី Alice Akunga និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអភិវឌ្ឍន៍របស់កុមារនៅនេប៉ាល់ក្លាយជាក្តីកង្វល់ និងស្ថិតនៅក្នុងភាពហានិភ័យ ខណៈកុមារទាំងនេះបានបាត់បង់ទ្រព្យសម្បត្តិ ផ្ទះសម្បែង និងសាលារៀនជាដើម ពិសេសសាច់ញាតិក្រុមគ្រួសារដែលកុមារបានបាត់បង់ក្នុងគ្រោះមហន្តរាយនោះ។

លោកស្រី Alice បន្តទៀតថា កុមារត្រូវការតម្រូវការខ្ពស់ក្នុងរបបអាហារមានជីវជាតិ ទឹកស្អាត ការអប់រំ និងទីជម្រក ហើយមធ្យោបាយដ៏ល្អបំផុតមួយក្នុងការកសាងជីវិតរបស់កុមារឡើងវិញ និងធ្វើឱ្យអារម្មណ៍ធម្មតាឡើងវិញ គឺរៀបចំឱ្យកុមារត្រឡប់ទៅសាលារៀនវិញ។ លោកស្រីពោលបែបនេះ ក្នុងន័យដើមថា នៅពេលកុមារទទួលបានការអប់រំផង ការមើលថែទាំពីលោកគ្រូអ្នកគ្រូនៅសាលាផង និងមានមិត្តភក្តិលេងជាមួយផង នោះកុមាររងគ្រោះទាំងនេះអាចព្យាបាលផ្លូវចិត្តបានយ៉ាងមានប្រសិទ្ធភាព។

គួរបញ្ជាក់ដែរថា គ្រោះរញ្ជួយដីជាគ្រោះមហន្តរាយដែលអាក្រក់បំផុតនៅក្នុងប្រទេសនេប៉ាល់ ចាប់តាំងពីមានករណីគ្រោះរញ្ជួយដីចំនួនពីរលើកក្នុងឆ្នាំ២០១៥ ដែលសម្លាប់មនុស្សប្រហែល ៩,០០០នាក់ និងធ្វើឱ្យផ្ទះជាង ២៦,០០០ខ្នង រួមទាំងផ្នែកខ្លះនៃអគារចំនួន ៣៥,០០០ខ្នងផ្សេងទៀតត្រូវខូចខាតដែលប៉ះពាល់ដល់ការប្រកបរបរ និងជីវភាពរស់នៅរបស់ពលរដ្ឋជាច្រើន។

លោក Anil Pokhrel ប្រធានអាជ្ញាធរកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់ប្រទេសនេប៉ាល់ បាននិយាយថា សំណើផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារដែលរងផលប៉ះពាល់ដើម្បីសាងសង់ផ្ទះរបស់ពួកគេឡើងវិញ គឺរៀបចំរួចរាល់ហើយ តែនៅរងចាំការអនុម័តជាផ្លូវការពីគណៈរដ្ឋមន្ត្រីនេប៉ាល់៕

ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

Share

ព័ត៌មានទាក់ទង

Image