ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ ២៣នាក់ ត្រឹមតែរយៈពេល ៣ថ្ងៃនៃពិធីចូលឆ្នាំចិនចុងសប្ដាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ (សុខៈ) តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានដឹងទៀតថា ជនរងគ្រោះទាំង ២៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន ៣៥ករណី នៅទូទាំងប្រទេស ដោយក្នុងនោះក៏បានបណ្ដាលឱ្យមានរបួសធ្ងន់និងស្រាលចំនួន ៤១នាក់ផងដែរ។
នៅឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឱ្យមានអ្នកស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា មូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ មានដូចជា បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំប្រជែងគ្រោះថ្នាក់ កត្តាយាន និងស្រវឹងជាដើម។ ក្នុងចំណោមអ្នកស្លាប់សរុប មានអ្នកជិះម៉ូតូ ៨០% ក្នុងនោះជិះម៉ូតូមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩%៕