en     km
en     km

កងទ័ពមួកខៀវនារី៣៤នាក់បានវិលមកកម្ពុជាវិញ ក្រោយបំពេញបេសកកម្មរក្សាសន្ដិភាពអ.ស.ប១ឆ្នាំ

Share

កងទ័ពមួយខៀវជាស្ដ្រីចំនួន ៣៤ នាក់ ក្នុងចំណោមកងទ័ពសរុប១៨៤នាក់ បានវិលមកកម្ពុជាវិញ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបំពេញបេសកកម្មរក្សាសន្ដិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិទទួលបានជោគជ័យ ក្នុងតំបន់ Marjayoun សាធារណរដ្ឋលីបង់រយៈពេល១ឆ្នាំ។

យោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កងដែលវិលមកកម្ពុជាវិញនេះ ជាកងទី១៣ ដែលមានអត្រាចូលរួមរបស់នារីស្មើ៤៦% លើសពីតម្រូវការរបស់អង្គការសហប្រជាជាតិ ដែលមានត្រឹម១៥%ប៉ុណ្ណោះ។ លោក សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា ការធ្វើមាតុភូមិនិវត្តន៍របស់កងកម្លាំងមួកខៀវកម្ពុជា គឺបង្ហាញពីការខិតខំពុះពារជម្នះ គ្រប់ឧបសគ្គ តស៊ូជម្នះទៅនឹងស្ថានការណ៍ជាក់ស្តែងរបស់វីរយុទ្ធជន និងយុទ្ធនារី។

លោកបន្ដថា រយៈពេល១ឆ្នាំនៃការបំពេញភារកិច្ច គឺជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់កងទ័ពមួកខៀវកម្ពុជា ព្រោះនៅមជ្ឈិមបូព៌ាមានសីតុណ្ហភាពខុសគ្នាពីប្រទេសកម្ពុជា និងជាតំបន់សម្បូរទៅដោយភ្នំផង រងសម្ពាធវិបត្តិសេដ្ឋកិច្ចផង ជម្លោះព្រំដែន និងការឃ្លាតឆ្ងាយពីក្រុមគ្រួសារផង។

នេះជាឆ្នាំទី១៣នៃបេសកកម្មកងទ័ពមួកខៀវកម្ពុជានៅសាធារណរដ្ឋលីបង់។ ចំណែកកងទ័ពនារីមានលើសតម្រូវការរបស់អង្គការសហប្រជាជាតិបែបនេះ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញក្នុងបរិបទនៃការរស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាចក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួម។

គួរបញ្ជាក់ផងដែរថា រយៈពេល១៨ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ៩,៤៦៥នាក់ ក្នុងនោះមាន នារី ៨០១នាក់ ទៅកាន់១២បេសកកម្ម ក្នុង ១០ប្រទេស រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ បច្ចុប្បន្ន កងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មមានចំនួន ៦៤០នាក់ ក្នុងនោះមាននារី ១១៩នាក់ ក្នុងប្រទេសចំនួន៥ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕

Share

ព័ត៌មានទាក់ទង

Image