en     km
en     km

លីកាដូ៖សាលាដំបូងខេត្តចំនួនពីរផ្តន្ទាទោសសកម្មជនពីររូបដាក់ពន្ធនាគារក្នុងថ្ងៃតែមួយ

Share

ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាលាដំបូងខេត្តចំនួនពីរ បានសម្រេចផ្តន្ទាទោសសកម្មជនដ៏លេចធ្លោចំនួនពីររូបនៅក្នុងសំណុំរឿងចំនួនពីរដាច់ដោយឡែកពីគ្នា។នេះបើតាមទំព័រហ្វេសប៊ុករបស់អង្គការលីកាដូចេញផ្សាយកាលពីថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២៤។

(លោក កែវ សុខា ជូនសេចក្តីរាយការណ៍)

ទីមួយគឺសកម្មជនបរិស្ថានលោក ឆន ផល្លា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំ ដោយសាលាដំបូងខេត្តរតនគិរី បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសពីបទបរិហាកេរ្តិ៍ជាសាធារណៈ និង បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ យោងតាមមាត្រា ៣០៥,៤៩៤និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ តុលាការខេត្តរតនគិរី បានផ្តន្ទាទោសលោកដាក់ពន្ធនាគារកំណត់ចំនួន ១ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០ លានរៀល។

បើតាមលីកាដូ លោក ផល្លា គឺជាសកម្មជនបរិស្ថានដ៏សកម្មម្នាក់ ហើយលោកធ្លាប់ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ទាក់ទងនឹងការងារតស៊ូមតិរបស់លោកក្នុងកិច្ចការពារធនធានធម្មជាតិ និងឃ្លាំមើលការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ។ លោក ផល្លា ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកាល ពីខែកញ្ញា ឆ្នាំ២០២១ ដោយសារសំណុំរឿងព្រហ្មទណ្ឌពីរផ្សេងទៀត។

លោក ឆន ផល្លា ថ្លែងក្នុងវេទិកាសាធារណៈមួយកាលពីពេលកន្លងទៅ។រូបភាពពីលីកាដូ។

សំណុំរឿងពីរផ្សេងទៀតនោះ សុទ្ធតែពាក់ព័ន្ធនឹងភាពសកម្មនិយមរបស់លោកផងដែរ ។ លោក ផល្លា ក្រោយ មកត្រូវបានដោះលែងពីពន្ធនាគារវិញកាលពីខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីសាលាឧទ្ធរណ៍ត្បូងឃ្មុំបានសម្រេច ឱ្យរួចខ្លួនពីបទចោទក្នុងសំណុំរឿងទាំងពីរនោះ ។ ប៉ុន្តែលោក នៅសល់សំណុំរឿងមួយទៀតទើបនឹងត្រូវបានសាលាដំបូងខេត្តរតនគិរីប្រកាសសាលក្រមកាលពីថ្ងៃម្សិលមិញ។

ដោយឡែកសកម្មជនទី២ គឺមន្ត្រីគណបក្សជំទាស់លោក ចៅ វាសនា ត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ដាក់ពន្ធនាគារ ៣ ឆ្នាំ កាលពីថ្ងៃម្សិលមិញដូចគ្នា។ តុលាការខេត្តបន្ទាយមានជ័យបានប្រកាសសាលក្រម ដោយបានផ្តន្ទាទោសលោក ចៅ វាសនា ពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និង ញុះញង់ឱ្យមានការរើសអើង ដោយយោងតាមមាត្រា ៤៩៤ ៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។

តាមអំណាចសាលក្រមខាងលើលោក វាសនា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន ៣ ឆ្នាំ ពិន័យជាប្រាក់ចំនួន ៦ លានរៀល (ប្រហែល ១.៥០០ដុល្លារអាមេរិក) និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្តឹងចំនួន ៨០ លានរៀល (ប្រមាណ ២០.០០០ ដុល្លារអាមេរិក) ។ តុលាការខេត្ត ក៏បានដកហូតសិទិ្ធបោះឆ្នោត និងសិទិ្ធឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល ៥ឆ្នាំ ។

លោក វាសនា ដែលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សភ្លើងទៀន និងជាប្រធានគណបក្សភ្លើងទៀនប្រចាំក្រុងប៉ោយប៉ែត ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីរូបភាពនៃការគូសសន្លឹកឆ្នោតចោលរបស់លោកត្រូវបានបង្ហោះ ទៅក្នុងបណ្តាញសង្គមរបស់លោក ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង ក្រោយពេលលោកទើបត្រូវបានដោះលែងពីពន្ធនាគារ ម ៣ (ពន្ធនាគារត្រពាំងផ្លុង) កាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយពេលលោកជាប់ពន្ធនាគារអស់ ៥ ឆ្នាំ ពីបទចោទមួយចំនួនពាក់ព័ន្ធនឹងការអនុ វត្តសិទិ្ធនយោបាយរបស់លោក ។ លោក វាសនា នាពេលនោះ គឺជាអតីតចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ។

ទាក់ទងនឹងករណីសកម្មជនបរិស្ថានលោក ឆន ផល្លា អង្គការលីកាដូ ធ្លាប់បានក្រុម​អង្គការសង្គម​ស៊ីវិល​ ​សហជីព​ ​និងសហគមន៍ ចំនួន១១៣ ស្ថាប័ន កាលពីខែកុម្ភៈឆ្នាំ២០២២ បានសេចក្តីថ្លែងការណ៍អំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទមកលើសកម្មជនបរិស្ថានរូបនេះនិង​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខខណ្ឌ​ ​។

សម្រាប់ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍ ទាំង១១៣ ស្ថាប័ន ចាត់ទុកសកម្មភាពរបស់សកម្មជនបរិស្ថានលោក ឆន ផល្លា ជាការលះបង់មួយដ៏ខ្ពស់ក្នុងបុព្វហេតុការពារធនធានព្រៃឈើ។ ការនិយាយបែបនេះ ដ្បិតលោក ផល្លា ​ដែលបានចំណាយពេលជាង១០ ឆ្នាំការពារធនធានធម្មជាតិក្នុងខេត្តរតនគិរី ធ្លាប់ត្រូវជនខិតខូចប្រើអំពើហិង្សាលើរាងកាយ បន្ទាប់ពីលោកបានបង្ហាញខ្លួនជាសាធារណៈចូលរួមបញ្ចេញមតិក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិនៅវេទិកាមួយដែលរៀបចំដោយអាជ្ញាធរ នៅសាលាឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ក្នុងសេចក្តីថ្លែងការណ៍ខាងលើបន្ថែមទៀតថា លោក ផល្លា តែងតែធ្វើសកម្មភាពឃ្លាំមើល និងតាមដាន ជនខិលខូច ធ្វើសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ និងប្រមូលព័ត៌មានចងក្រងរៀបចំដាក់ពាក្យបណ្តឹង។ លោកបានប្តឹងបរិហារជាមួយតំណាងសហគមន៍ផ្សេងទៀត ប្រឆាំងនឹងមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ច ដែលមិនបានអនុវត្តតួនាទីរបស់ខ្លួន ក្នុងការការពារធនធានធម្មជាតិ និងព្រៃឈើ ហើយបណ្តែតបណ្តោយឱ្យជនខិលខូចទាំងនោះបំផ្លិចបំផ្លាញព្រៃឈើ និងធនធានធម្មជាតិដែលផ្ទុយពីច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ៕

 

 

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង