ផ្ទៀងផ្ទាត់៖ ពិត
ថ្មីៗនេះមានការចែករំលែកតៗគ្នានៅលើបណ្ដាញសង្គមពីកសិផលដែលកសិករផលិតបានហើយមានតម្លៃថោក និងមានការចូលទៅខំមិនដោយការយល់ឃើញនិងមតិផ្សេងៗគ្នា។ ដំណាំដែលពួកគេផ្ដោតការចាប់អារម្មណ៍ថាចុះថ្លៃខ្លាំងនោះគឺប៉េងប៉ោះ ដែលឈ្មួញឱ្យតម្លៃត្រឹម៣០០រៀលក្នុងមួយគីឡូក្រាម។ ករណីនេះក៏មានមានប្រិយមិត្តមួយរូបរបស់វិទ្យុស្ត្រីបានផ្ញើលីង Facebook នៃការបង្ហោះនេះមកកាន់វិទ្យុស្ត្រីដើម្បីឱ្យជួយផ្ទៀងផ្ទាត់ថារឿងនេះពិតឬមិនពិត?
លោកអ៊ុក ដែន សូមជូននូវសេចក្តីរាយការណ៍៖
ក្រោយទទួលបានសំណើរពីប្រិយមិត្តឱ្យជួយផ្ទៀងផ្ទាត់ព័ត៌មានករណីបញ្ហាកសិកររអ៊ូ ដែលថា «ពេលមិនទាន់ដាំឈ្មួញឱ្យតម្លៃ២,០០០រៀល ប៉ុន្តែពេលដាំប៉េងប៉ោះបានស្រាប់តែឈ្មួញឱ្យតម្លៃថោកត្រឹម៣០០រៀល» ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាននៃវិទ្យុស្ត្រីបានស្រាវជ្រាវស្វែងរកកសិករ ដែលរូបភាពរបស់គាត់ជាមួយនឹងផ្លែប៉េងប៉ោះនោះត្រូវបានគេយកមកបង្ហោះនៅតាមបណ្ដាញសង្គមហ្វេសហ៊ុក។ ក្រោយការស្រាវជ្រាវ ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មាន រកឃើញថា កសិករនោះ មានឈ្មោះថា ចំណាប់ ជាកសិកររស់នៅ ភូមិខ្ពប ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង។ កាលពីថ្ងៃទី៤ខែកម្ភៈកន្លងមកលោកបានផុសនៅរូបភាពនៃការប្រមូលផលប៉េងប៉ោះរបស់លោកនិងមានសសេរពាក្យពេចន៍ត្អូញត្អែថា ពេលប្រមូលផលបានហើយឈ្មួញឱ្យតម្លៃថោកនោះ បានប្រាប់វិទ្យុថា នៅក្នុងភូមិរបស់លោកកសិករប្រកបរបរធ្វើស្រែ ហើយនាចុងរដូវវស្សាតែងតែនាំគ្នាដាំដំណាំបន្ទាប់បន្សំដើម្បីបានកម្រៃខ្លះៗបន្ថែម ។ កសិករតែងតែដាំដំណាំផ្សេងៗដូចជាសណ្តែកគួរ ស្ពៃ ត្រសក់ជាដើម ។ លោកថា លោកដាំដំណាំប៉េងប៉ោះនេះ បន្ទាប់ពីការប្រមូលផលដំណាំត្រសក់រួច។ លោកបញ្ជាក់ថា លោកដាំប៉េងប៉ោះនេះជាលើកដំបូងនៅលើផ្ទៃដីតែ៥កុងប៉ុណ្ណោះ ហើយក៏មិនមានអ្នកដាំប៉េងប៉ោះនេះច្រើនដែរនៅក្នុងភូមិ តែលោកចំណាំមើលទៅឱ្យតែកសិករដាំ និងប្រមូលផលដំណាំបាន ឈ្មួញតែងតែមកទិញដោយឱ្យតម្លៃថោក។
«បន្លែនិងឱ្យតែដាំបានផល បន្ថោកតម្លៃឱ្យយើងតែម្តងឈ្មួញដែលមកទិញហ្នឺង សំគាល់មើលទៅដំណាំអីក៏ដោយឱ្យតែដាំបាន គឺតម្លៃថ្លាក់តែម្តង ចាប់ពី១០០០ចុះរហូតមកដែរហ្នឺងតម្លៃហ្នឹង ដូចតែប៉េងប៉ោះហ្នឹងដែរហ្នឹង និយាយឱ្យចំឱ្យតែបន្លែហ្នឹងចុះគ្រប់គ្នាហ្នឹង»។
លោក ចំណាប់ បន្តថា លោកមិនដឹងថាបណ្តាលមកពី មិនមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋនៅលើទីផ្សារ ឬក៏បណ្តាលមកពីការនាំចូលបន្លែពីប្រទេសជិតខាងទេ ទោះយ៉ាងណាលោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យជួយគាំទ្រ ជួយទិញប្រើប្រាស់ផលិតផល កសិផលខ្មែរ និងបានស្នើដល់រដ្ឋាភិបាលជួយកាត់បន្ថយការនាំចូលកសិផលក្រៅស្រុកដើម្បី ជួយសម្រួលទីផ្សារកសិផលកសិករទទួលបានតម្លៃសមរម្យដើម្បីអាចទ្រទ្រង់ជីវភាពបាន។
ជុំវិញរឿងនេះលោក សំ សារុន អនុប្រធានមន្ទីកសិកម្មខេត្តព្រៃវែងបានប្រាប់ក្រុមការងារផ្ទៀងផ្ទាត់ព័ត៌មានវិទ្យុស្ត្រីថា កន្លងមកក្រុមការងារមន្ទីរកសិកម្មខេត្តបានចុះទៅណែនាំប្រជាកសិករក្នុងតំបន់ខាងលើឱ្យរៀបចំផែនការដាំដំណាំបែងចែកទៅតាមរដូវកាលនៃតម្រូវការទីផ្សារ និងដាំដំណាំឆ្លាស់មុខគ្នាដើម្បីប្រមូលផលវិលជុំកុំឱ្យជាន់គ្នា ងាយស្រួលរកទីផ្សារ លោកថាកសិផលបន្លែខ្មែរបច្ចុប្បន្នភាគច្រើនគឺផ្គត់ផ្គង់តែក្នុងស្រុកតាមរយៈឈ្មួញដឹកជញ្ជូនទៅទីផ្សារនៅទីក្រុងភ្នំពេញ រួចហើយចែកចាយបន្តទៅតាមបណ្តាខេត្តនានា។ ដូច្នេះហើយការដាំដំណាំដែលប្រមូលផលបន្ទាន់គ្នាច្រើនពេកអាចធ្វើឱ្យគ្មានស្ថេរភាពតម្លៃនៅលើទីផ្សារ។
«ពេលខ្លះមានកសិករខ្លះគាត់មានះ យើងឱ្យរៀបចំផែនការដាំដុះឱ្យវាបន្លែហ្នឹងកុំឱ្យវាដាំតែមួយមុខអ៊ីចឹង តែគាត់ៗនៅប្រកែកយើង ខ្លះគាត់ប្រកែកថាគាត់ដាំតែមួយមុខហ្នឹងស្រួលលក់ តែដល់ពេលលក់មិនចេញ តាំងគាត់ត្អូញ»។
លោកអនុប្រធានមន្ទីរកសិកម្មរូបនេះរូបនេះបន្ថែមថា កន្លងមកមន្ទីបានណែនាំឱ្យកសិករចងធ្វើជាក្រុមដើម្បីងាយស្រួលធ្វើផែនការរួមគ្នាក្នុងការដាំដំណាំឱ្យត្រូវតាមបច្ចេកទេស រដូវកាល និងតម្រូវការទីផ្សារ ហើយបើកសិករមានជាក្រុម ឬសហគមន៍ នៅពេលមានបញ្ហា ខាងមន្ទីក៏ងាយស្រួលក្នុងការរកដំណោះស្រាយជារួមផងដែរ។
«ពេលខ្លះកសិករខ្លះគាត់មិនចងជាក្រុមអ៊ីចឹងក៏ពិបាកដែរ បើយើងចងជាក្រុមទៅយើងមានប្រធានក្រុមមានអីទៅ យើងតំណាងយើងធ្វើការចចារអ្នកប្រមូលទិញ ទាល់តែពីរនាក់ហ្នឹងគាត់ចចារជាមួយគ្នា អាហ្នឹងបានទីផ្សារវាដើរ អញ្ចឹងខ្ញុំថាកសិករយើងគួរតែចងធ្វើជាក្រុម ជាសហគមន៍ ហើយយើងត្រូតែជួយផ្សព្វផ្សាយផលិតផលខ្លួនឯងខ្លះផងឥឡូវយើងសុទ្ធតែស្មាតហ្វូនហើយ ពេលខ្លះគេអត់ដឹងថាបន្លែយើងមាន អត់ដឹងថាបន្លែយើងវាមានគុណភាព អ៊ីចឹងការផ្សព្វផ្សាយ ការចែករំលែកព័ត៌មានហ្នឹងជារឿងសំខាន់»។
លោក សារុន អំពាវនាវដល់កសិករឱ្យចងក្រងជាក្រុម ឬចូលរួមជាមួយសហគមន៍ឱបានគ្រប់ៗគ្នាដើម្បីងាយយស្រួលរៀបចំផែនការរួមគ្នា ដាំដំណាំកុំឱ្យប្រមូលផលបន្ទាន់គ្នា និងងាយស្រួលដោះស្រាយបញ្ហាទីផ្សារផង។មួយវិញទៀតការចូលរួមជាក្រុម ឬ សហគមន៍ ងាយស្រួលទទួលផែនការ ការផ្តល់ព្រឹក្សា ឬវគ្គបណ្តុះបណ្ដាលពីមន្ត្រីជំនាញខាងកសិកម្មរបស់មន្ទី ឬអង្គការដៃគូរមួយចំនួនផងដែរ៕