ម្ចាស់ជ័យលាភីបវរកញ្ញាជប៉ុនដែលមានដើមកំណើតជាជនជាតិអ៊ុយក្រែន បានបោះបង់មកុដ និងតំណែងជាបវរកញ្ញា ក្រោយលេចឮរឿងអាស្រូវពីទំនាក់ទំនងស្នេហារបស់កញ្ញាជាមួយវេជ្ជបណ្ឌិតមួយរូបដែលមានដៃគូរួចហើយ។
យោងតាមរបាយការណ៍លេចចេញពីទំនាក់ទំនងស្នេហារបស់បវរកញ្ញាជប៉ុន កញ្ញា Karolina Shiino ដែលមានសញ្ជាតិដើមជាជនជាតិអ៊ុយក្រែន បានបង្កឱ្យមានការជជែកវែកញែកពាសពេញបណ្តាញសង្គម ដោយមនុស្សមួយចំនួនបានចោទសួរអំពីការផ្ដល់សញ្ជាតិជប៉ុនទៅដល់រូបកញ្ញា គួបផ្សំនឹងការតែងតាំងកញ្ញាជាម្ចាស់ជ័យលាភីបវរកញ្ញាជប៉ុន 2024Miss Nippon Grand Prix Beauty pageant ជាលើកដំបូងកាលពីខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។
បន្ទាប់ពីតែងតាំងកញ្ញា Karolina Shiino ជាម្ចាស់ជ័យលាភីបវរកញ្ញាជប៉ុន 2024Miss Nippon Grand Prix Beauty pageant ទស្សនាវដ្តីប្រចាំសប្តាហ៍ Shukan Bunshun បានរាយការណ៍ពីរឿងអាស្រូវមួយជុំវិញជីវិតឯកជនរបស់បវរកញ្ញារូបនេះ ជាមួយនឹងវេជ្ជបណ្ឌិតមួយរូបដែលបានរៀបការរួចហើយ។ គួរបញ្ជាក់ថា បើយោងតាមបម្រាមសម្រាប់បេក្ខនារីបវរកញ្ញាដែលចូលប្រឡូកក្នុងវិស័យនេះ គឺដាច់ខាតមិនត្រូវមានរឿងអាស្រូវ ហើយត្រូវរៀបចំខ្លួនឱ្យមានក្រមសីលធម៌ និងមានភាពស្អាតស្អំបំផុតក្នុងនាមជាបវរកញ្ញា។
តាមការបញ្ជាក់របស់សមាគមបវរកញ្ញាជប៉ុន បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា ខ្លួនបានទទួលយកសំណើរពីកញ្ញា Shiino ចំពោះការលាលែងពីតំណែងជាបវរកញ្ញាតំណាងឱ្យជប៉ុន និងបានប្រគល់មកុដមកឱ្យសមាគមបវរកញ្ញាវិញ ក្រោមហេតុផលផ្ទាល់ខ្លួន។ ជាមួយគ្នានេះ សមាគមបវរកញ្ញាជប៉ុនបញ្ជាក់ទៀតថា ប្រទេសជប៉ុននឹងមិនមានបវរកញ្ញាជប៉ុនដើម្បីទៅប្រកួតតំណាងឱ្យជប៉ុនក្នុងកម្មវិធី 2024Miss Nippon Grand Prix Beauty pageant សម្រាប់ឆ្នាំ២០២៤នេះនោះទេ។
ដោយឡែក កីឡាករវ័យ ២៦ឆ្នាំមួយរូប បាននិយាយនៅលើបណ្ដាញសង្គម Instagram ថា កញ្ញា Shiino បាននិយាយថា ដំបូងឡើយកញ្ញាមិនអាចនិយាយការពិតបានទេ ព្រោះតែមានភាពចលាចល និងការភ័យខ្លាច។ កីឡាកររូបនេះថា កញ្ញា Shiino បានសុំអភ័យទោសចំពោះអ្នកដែលជឿជាក់ និងគាំទ្រកញ្ញាកាលពីពេលកន្លងមក។ ជាងនេះ កញ្ញាក៏បានដឹងខុស និងសុំឱ្យប្រពន្ធរបស់វេជ្ជបណ្ឌិតអធ្យាស្រ័យលើរូបនាងផងដែរ។ នេះបើតាមការបញ្ជា់របស់ភ្នាក់ងារគ្រប់គ្រងការងាររបស់បវរកញ្ញា។
ទន្ទឺមគ្នានេះដែរ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានសរសេរក្នុងន័យរិះគន់កម្មវិធីប្រកួតបវរកញ្ញានៅលើ X ដែលស្គាល់ជា Twitter ថា វាមិនសំខាន់ទេដែលថាកញ្ញា Shiino ជាជាជនជាតិយូដា-អ៊ុយក្រែន ឬអត់នោះទេ ក៏ប៉ុន្តែអ្នកប្រើប្រាស់រូបនេះថា ខ្លួនមិនអាចទទួលយកចរិតរបស់កញ្ញា ពិសេសមូលហេតុអ្វីបានជាស្រ្តីរូបនេះអាចក្លាយជាបវរកញ្ញាជប៉ុន។ សូមរំលឹកថា កម្មប្រកួតប្រជែងបវរកញ្ញាជប៉ុនប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៩៥០ និងទទួលរង្វាន់សម្រាប់សម្រស់បែបជប៉ុន ដែលមានទាំងសម្រស់ខាងក្នុង សម្រស់ខាងក្រៅ និងសម្រស់ចរិយាសម្បត្តិ៕
ប្រភព៖ CNA ចុះថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទសរសេរដោយ៖ កញ្ញា សៃ ចន្ធី