មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានផ្ញើលិខិតចំហមួយ នៅថ្ងៃពុធនេះ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន បំភ្លឺជុំវិញរឿងផ្តល់ដីសម្បទានសេដ្ឋកិច្ចជាថ្មីទៅឱ្យក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនរបស់លោក ទ្រី ភាព និងក្រុមហ៊ុន លឹម ប៊ុណ្ណា។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថា ក្រសួងបានរំលោភទៅលើបទបញ្ជាស្តីពីការផ្អាកសម្បទានដីសេដ្ឋកិច្ចជាបណ្តោះអាសន្នតាមបទបញ្ជា ០១ របស់រាជរដ្ឋាភិបាល។
លោក ធូ វិរៈ រាយការណ៍ព័ត៌មាននេះ៖
យោងតាមលិខិតចំហមួយរបស់មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជាចុះថ្ងៃទី២៦ ខែមករា ម្សិលមិញ ផ្ញើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ សុំការបំភ្លឺអំពីរឿងផ្តល់ដីសម្បទានសេដ្ឋកិច្ចជាថ្មី ទៅឱ្យក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុន លឹម ប៊ុណ្ណា ស្ថិតនៅក្នុងតំបន់ជម្រកសត្វព្រៃភ្នំព្រេច បន្ទាប់ពីក្រសួងបរិស្ថានបានដកហូតពីក្រុមហ៊ុន កសិកម្មខ្មែរអង្គរ និងក្រុមហ៊ុន ដាយណាម ដោយសារក្រុមហ៊ុនទាំងនោះរំលោភលក្ខខណ្ឌការងារនៃអាជីវកម្មរបស់ខ្លួន។
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជាបានបញ្ជាក់ថា ប្រសិនបើក្រសួងបរិស្ថានមិនបានផ្តល់សិទ្ធិវិនិយោគសម្បទានដីសេដ្ឋកិច្ចជាថ្មីទៀតទេ ក្រសួងត្រូវតែផ្តល់ព័ត៌មានអំពីសិទ្ធិក្រុមហ៊ុនទាំងពីរនោះ និងធានាថា ក្រុមហ៊ុនមិនបានកាប់បំផ្លាញព្រៃឈើឡើយ។
មជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (CCHR) បានស្នើឱ្យក្រសួងបរិស្ថានត្រូវតែពិនិត្យអនុលោមទៅតាមនីតិវិធីច្បាប់រាល់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាថ្មី ប្រកបដោយការវាយតម្លៃយ៉ាងត្រឹមត្រូវពីផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គមនៅមុនពេលប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។
ជុំវិញបញ្ហានេះ វិទ្យុស្ត្រីមិនទាន់អាចសុំការអត្ថាធិបាយពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាននៅឡើយទេ នៅរសៀលថ្ងៃពុធនេះ។
ចំណែក លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានលិខិតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សនៅឡើយនៅរសៀលថ្ងៃពុធនេះ។ លោកបញ្ជាក់ថា ក្រសួងបរិស្ថានមិនបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន ទ្រី ភាព និងក្រុមហ៊ុន លឹម ប៊ុណ្ណា ទេ ពោលគឺក្រសួងគ្រាន់តែផ្តល់សិទ្ធិឱ្យក្រុមហ៊ុនទាំងពីរនេះ ទៅប្រមូលអនុផលព្រៃឈើដែលនៅសេសសល់ពីក្រុមហ៊ុនចាស់ប៉ុណ្ណោះ។
លោក សៅ សុភាពនិយាយថា៖ «មានការភាន់ច្រឡំ មិនមែនមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចជាថ្មីទៅឱ្យក្រុមហ៊ុន ទ្រី ភាព និងក្រុមហ៊ុន លឺម ប៊ុណ្ណា ទេ។ អ្វីដែលយើងចេញលិខិតអនុញ្ញាតឱ្យក្រុមទាំងពីរគឺ អនុញ្ញាតឱ្យក្រុមហ៊ុនប្រមូលផលអនុផលព្រៃឈើដែលសេសសល់ពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចាស់»។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឱ្យដឹងថា រាជរដ្ឋាភិបាលបានដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនចំនួន ៧១ ដែលមានផ្ទៃដីទំហំជាង ៦ សែនហិកតា នៅក្នុងខែមករា ឆ្នាំ ២០១៥កន្លងទៅ៕