នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា បានចេញសេចក្ដីបំភ្លឺមួយ ដោយឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សកម្លាំងជាតិថា រាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានការណ៍ដោះស្រាយតាមគោលការណ៍នីតិវិធីដល់ប្រជាពលរដ្ឋនៅតំបន់ រុនតាឯកហើយ គឺធ្វើយ៉ាងណាមិនឱ្យបាត់បង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនោះទេ។
ការបំភ្លឺនេះ ធ្វើឡើងក្រោយសេចក្ដីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ បានស្នើឱ្យរាជរដ្ឋាភិបាលចេញមុខដោះស្រាយការផ្ទុះភាពតវ៉ា ទាក់ទងនិងបញ្ហាថវិកាបណ្ណក្រីក្ររបស់ពលរដ្ឋនៅតំបន់រុនតាឯក កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះដែរ។
តែបន្ថែមជាមួយការឆ្លើយតប ក្រសួងសង្គមកិច្ចបានចាត់ទុកការលើកឡើងរបស់គណបក្សកម្លាំងជាតិ ជាការគេងចំណេញខាងនយោបាយរបស់គណបក្សនេះតែប៉ុណ្ណោះ និងលើកឡើងថាគណបក្សនេះមិនមានសមត្ថភាព និងលទ្ធភាពដោះស្រាយដល់ពលរដ្ឋឡើយ។ ជាមួយគ្នាក្រសួងសង្គមកិច្ច បានឱ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ថាត់ នឹងនរ ហើយជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
គួរជម្រាបថា នៅតំបន់រុនតាឯក មួយរយៈពេលនេះ មានការផ្ទុះនូវសកម្មភាពតវ៉ាមួយចំនួនទាក់ទងនឹងបញ្ហាផ្ដល់ប័ណ្ណក្រីក្រជូនពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅរស់នៅតំបន់នោះ។ ខណៈកាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាលអាណត្តិមុនសន្យាផ្ដល់នូវប័ណ្ណក្រីក្រប្រភេទ១ ដល់ពលរដ្ឋដោយទទួលបានប្រាក់ឧបត្ថម្ភរយៈពេល១០ឆ្នាំ។
តែបើតាមការលើកឡើងពីគណបក្សកម្លាំងជាតិ ថាសកម្មភាពផ្ទុះការតវ៉ាថ្មីៗនេះ ដោយសារភាពមិនច្បាស់លាស់នៃការអនុវត្តន៍គោលនយោបាយជាតិ របស់រដ្ឋាភិបាលទាំងអាណត្តិចាស់ និងថ្មី លើគោលនយោបាយស្ដីពីការផ្ដល់ប័ណ្ណក្រីក្រជូនពលរដ្ឋ ពិសេសការកាត់បន្ថយចំនួនទឹកប្រាក់ចំពោះពលរដ្ឋដែលប្រើប័ណ្ណក្រីក្រ ផ្ទុយពីគោលការណ៍នៃការសន្យារបស់អតីតមេដឹកនាំចាស់ និងមេដឹកនាំថ្មីសព្វថ្ងៃ។
ហេតុនេះ ទើបគណបក្សកម្លាំងជាតិបានស្នើឱ្យរាជរដ្ឋាភិបាលចេញមុខដោះស្រាយការផ្ទុះឡើងនូវសកម្មភាពតវ៉ានេះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋកំពុងក្នុងតំបន់រុកតាឯក ដែលកំពុងជំពាក់បំណុលវ័ណ្ឌក។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ៕