en     km
en     km

ពលរដ្ឋរុនតាឯកនឹងបញ្ចប់ផែនការវិលត្រឡប់មកលំនៅចាស់បើសិនសាច់ប្រាក់​ឧបត្ថម្ភផ្តល់ជូនដូចដើម

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅពីតំបន់ឧទ្យានអង្គរទៅរស់នៅតំបន់រុនតាឯក មានបំណងចង់វិលត្រឡប់មករស់នៅទីតាំងចាស់របស់ខ្លួនវិញ បន្ទាប់ពីជួបប្រទះការលំបាកក្នុងជីវភាព ខណៈកញ្ចប់សាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលបានកាត់បន្ថយមួយផ្នែកធំថែមទៀត។ តែយ៉ាងណាពលរដ្ឋអាចសម្រេចចិត្តបន្តរស់នៅតំបន់រុនតាឯកដដែល បើសិនជាប្រាក់ឧបត្ថម្ភបន្តផ្តល់ជូនគ្រប់ចំនួននិងតាមកាលកំណត់ទៀងទាត់។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ផែនការវិលត្រឡប់មករស់នៅទីតាំងចាស់ក្នុងតំបន់រមណីយដ្ឋានអង្គររបស់ប្រជាពលរដ្ឋតំបន់ រុនតាឯក បានកើតឡើង បន្ទាប់ពីកញ្ចប់សាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋត្រូវបានបន្ថយមួយផ្នែកធំ គួបផ្សំនឹងការលំបាកនានាដែលជួបប្រទះក្នុងតំបន់អភិវឌ្ឍន៍ថ្មីទឹកដីរុនតាឯកនោះ។ តែយ៉ាងណា បើសិនជាសាច់ប្រាក់ឧបត្ថម្ភត្រូវបានបង្វិលដូចដើមវិញ នោះបញ្ហាលំបាកក្នុងជីវភាពត្រូវបានសម្រួលមួយផ្នែក ហើយពួកគេនឹងមិនរើទៅនៅទីតាំងចាស់ក្នុងតំបន់ឧទ្យានអង្គរវិញនោះទេ ដ្បិតដើម្បីផលប្រយោជន៍មុខមាត់អង្គរក្នុងឋានៈជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។ នេះបើតាមការបញ្ជាក់ពីពលរដ្ឋ រុនតាឯក។

អាជ្ញាធរអប្សរាមកពិនិត្យសំណងរបស់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរ។រូបភាពពីហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា។

លោក ធីម សាម៉េត អ្នករត់រ៉ឺម៉ក់កង់បីនៅខេត្តសៀមរាបដែលបានស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯកបានត្អូញត្អែររៀបរាប់នូវការលំបាកដែលជួបប្រទះក្នុងជីវភាព ក្រោយពីបានមករស់នៅតំបន់រុនតាឯករយៈពេលប្រហែលមួយឆ្នាំនេះថា ការរស់នៅតំបន់រុនតាឯកគឺឆ្ងាយពីតំបន់ទេសចរណ៍ប្រសាទអង្គរដែលលោកត្រូវចំណាយថ្លៃសាំងប្រហែល៣០ម៉ឺនរៀលក្នុងមួយខែធ្វើដំណើរមកដឹកភ្ញៀវសម្រាប់របរប្រចាំថ្ងៃ។ ជាងនេះ តំបន់ដែលលោករស់នៅពុំអាចប្រកបការងារកសិកម្មបាននោះទេ ព្រោះជាទីវាលមានទំហំតូចពោលលំបាកទាំងដាំដុះនិងការចិញ្ចឹមសត្វ។

លោកបន្ថែមថា សព្វថ្ងៃលោកពឹងផ្អែកមួយផ្នែកធំលើកញ្ចប់សាច់ប្រាក់ឧបត្ថម្ភដែលទទួលបានជិត ៤០ម៉ឺនរៀលពីរដ្ឋាភិបាលនេះ ដើម្បីចំណាយលើថ្លៃម្ហូបអាហារ ផ្គត់ផ្គង់ការសិក្សារបស់កូនៗ និងថ្លៃសាំងសម្រាប់ធ្វើដំណើរមកទីតាំងរកស៊ី។ លោកនិងប្រជាពលរដ្ឋផ្សេងទៀត បានគ្រោងនឹងចង់ត្រឡប់មករស់នៅទីតាំងចាស់ក្នុងតំបន់អង្គរវិញ ដោយមិនខ្លាចការប៉ះទង្គិចនោះឡើយ បើសិនជាកញ្ចប់សាច់ប្រាក់ឧបត្ថម្ភត្រូវបានកាត់បន្ថយមែននោះ។

លោក ធីម សាម៉េត៖«ខ្ញុំចាំមើលស្ថានភាពសិន បើសិនជាគេមិនបើកឱ្យគ្រប់ចំនួនខ្ញុំទៅនៅដីផ្ទះខ្ញុំវិញ។ខ្ញុំមិនខ្លាចគេដេញឬប៉ះទង្គិចទេ បើលុយយើងសល់តែ១២ម៉ឺនរៀលទប់អីឈ្នះ ណាមួយថ្លៃហ្គាសទៅវិញទៅមក ណាមួយលុយកូនរៀន ណាមួយលុយបង់ធនាគារ លំបាកខ្លាំងណាស់។ តែបើគេបើកលុយ[កញ្ចប់សាច់ប្រាក់]ឱ្យបានដូច យើងអាចទប់ទល់បានគួរសមដោយមិនវិលត្រឡប់មកអង្គរវិញទេ»។

ពលរដ្ឋតំបន់រុនតាឯកឡើងមកតវ៉ាសុំអាជ្ញាធរបើកប្រាក់ឧបត្ថម្ភដូចមុន។រូបភាពពីហ្វេសប៊ុកពលរដ្ឋ។

ការគ្រងមករស់នៅទីតាំងចាស់វិញនេះ បន្ទាប់ពីក្រុមប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯកប្រមាណ ៤០០នាក់ កាលពីថ្ងៃទី២៦ ខែមករា បានឡើងមកតវ៉ានៅ​មុខ​​សាលាខេត្ដ​សៀមរាប និងមុខសាលាឃុំរុនតាឯកដ្បិតអាជ្ញាធរបានបើកប្រាក់ឧបត្ថម្ភបានត្រឹមតែ១០ម៉ឺនរៀល ខណៈពួកគេធ្លាប់ទទួលបានចំនួន៤០ម៉ឺនរៀលជារៀងរាល់ខែ។ ប្រជាពលរដ្ឋដែលមកតវ៉ា ស្នើឱ្យអាជ្ញាធរជួយដោះស្រាយ​លើ​បញ្ហាបណ្ណ​សមធម៌ ដែលរដ្ឋាភិបាលបានសន្យាផ្ដល់រយៈពេល ១០ឆ្នាំ ​ដែលមានទឹកប្រាក់​ក្នុងមួយ​គ្រួសារ​ជាង ៤០ម៉ឺនរៀល។

ដំណោះស្រាយចំពោះមុខនៃការតវ៉ានេះ មន្រ្តីអាជ្ញាធរពាក់ព័ន្ធបានសន្យាដោះស្រាយផ្តល់ប្រាក់ដែលបានកាត់នោះ ផ្តល់ត្រឡប់ឱ្យគ្រប់ចំនួនជូនពលរដ្ឋវិញត្រឹមរយៈពេលមួយសប្តាហ៍ ឬអាចរយៈពេល ១០ថ្ងៃ ។

លោក ខន ចម្រើន ប្រជាពលរដ្ឋមួយរូបទៀតដែលបានទទួលកញ្ចប់សាច់ប្រាក់ឧបត្ថម្ភដែលនោះប្រាប់ថា បើសិនជាដល់ថ្ងៃកំណត់អាជ្ញាធរនៅតែមិនអាចដោះស្រាយទាន់ពេលវេលានោះទេ គឺប្រជាពលរដ្ឋនឹងគ្រោងឡើងមកតវ៉ានៅមុខប្រាសាទអង្គរតែម្តង។ លោកថា បច្ចុប្បន្នលោកពុំទាន់រើចេញទៅរស់នៅតំបន់រុនតាឯកនៅឡើយទេ ព្រោះទីតាំងដែលលោកត្រូវរស់នៅមិនទាន់មានការអភិវឌ្ឍន៍បានសមរម្យនៅឡើយ។

លោក ខន ចម្រើន ៖«ចាំមើលជាក់ស្តែងដល់១០ថ្ងៃទៀត បើមិនបានទេនាំគ្នាមកតវ៉ាម្តងទៀត មកមុខអង្គរនិងសាលាខេត្ត។ចំពោះអ្នកភូមិខ្លះបើសិនមិនបានដូចដើមទេ គេសុខចិត្តរើផ្ទះពីតំបន់រុនតាឯកមករស់នៅតំបន់ចាស់ក្បែរអង្គរវិញ ព្រោះនៅណ្ណោះរកអីអត់បានទេ»។

រូបភាពថតពីអាកាសនៅតំបន់រុនតាឯក។រូបភាពពីហ្វេសប៊ុក។

ទាក់ទងរឿងនេះ លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទាប្រាប់ថា រាជរដ្ឋាភិបាលបាននិងកំពុងដោះស្រាយលើបញ្ហានេះឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ទាន់ពេលនូវបាតុភាពខុសប្រក្រតីណាមួយដែលអាចកើតឡើង។ លោកថា រដ្ឋាភិបាលតែងយកចិត្តទុកដាក់លើបញ្ហាជីវភាពប្រជាពលរដ្ឋដែលបានផ្លាស់ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯកជានិច្ច ដោយមន្រ្តីពាក់ព័ន្ធនឹងពិនិត្យសម្របសម្រួលលើអនុក្រឹត្យថ្មីដែលនាយករដ្ឋមន្រ្តីទើបចេញឱ្យសមស្របនឹងគោលការណ៍ប័ណ្ណសមធម៌ផ្តល់ជូនប្រជាពលរដ្ឋរុនតាឯក។

លោក តូច ចាន់នី ៖«អ្នករុនតាឯកនិងពាក់ស្នែង ដែលមានប័ណ្ណសមធម៌និងប័ណ្ណក្រីក្រត្រូវទទួលរបប [លុយ៤០ម៉ឺនរៀល]រយៈពេល១០ឆ្នាំ តែដោយសារធ្វើអនុក្រឹត្យថ្មីហ្នឹងយើងអត់បានគិតដល់ក្រុមពួកគាត់ពីរក្រុមហ្នឹង។ តែឥឡូវរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយ ហើយក្រុមការងារជំនាញខាង ម ជ ជ គាត់កំពុងតែរៀបចំដើម្បីស្នើទៅប្រមុខរាជរដ្ឋាភិបាលសម្រេចលើប្រាក់របបរបស់ពួកគាត់ត្រូវបង្វិលវិញ  ។ចឹងកុំឱ្យពួកគាត់មានការស្រពិចស្រពិលអី សូមឱ្យស្ងប់អារម្មណ៍ដោយរង់ចាំពេលវេលាតិច រដ្ឋាភិបាលដឹងតែដោះឱ្យពួកគាត់ហើយ កុំមានការធ្វើបាតុកម្មអី»។

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា។រូបភាពពីAKP។

ជុំវិញរឿងនេះដែរ គឺកាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣ថ្មីៗនេះ​ ​សម្តេចនាយក​រដ្ឋ​ម​ន្រ្ដី​ ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កែ​សម្រួល​អនុវត្ដ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ​និង​ងាយ​រងគ្រោះ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​ក្នុង​អនុក្រឹត្យ​នោះ​បាន​បញ្ជាក់​ថា​ ​ពលរដ្ឋ​ក្រីក្រ​បាន​ទទួល​ប​ណ្ណ​សមធម៌​ឬ​ប​ណ្ណ​ក្រីក្រ​ក​ម្រិ​ត​មួយ​និង​ក​ម្រិ​ត​ពីរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវទទួល​ប្រាក់ឧបត្ថម្ភ​ចំនួន​១​២​ម៉ឺន​រៀល​។​ ​ចំណែក​ពលរដ្ឋ​ក្រីក្រ​មាន​​ប​ណ្ណ​សមធម៌ ​ឬ​ប​ណ្ណ​ក្រីក្រ​ក​ម្រិ​ត​មួយ​និង​ក​ម្រិ​ត​ពីរ ​នៅ​ទី​ជនបទ​បាន​ទទួល​៨ ​ម៉ឺន​រៀល​។

មន្រ្តីពាក់ព័ន្ធមួយរូបទៀតដែលធ្វើការងារផ្ទាល់លើបញ្ហានេះ គឺលោក ស៊ឹម សុធន ប្រធានមូលនិធិជនពិការនៃសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ច ប្រាប់វិទ្យុស្រ្តីថា ការងារដោះស្រាយសម្រួលសាច់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋរុនតាឯកនេះ ក្រុមការងារបានរៀបចំកែសម្រួលដាក់ជូនថ្នាក់លើរួច រាល់ហើយ ដោយរង់ចាំទទួលព័ត៌មាននៃការសម្រេចតែប៉ុណ្ណោះ។យ៉ាងណាលោកមិនទាន់អាចបញ្ជាក់ពីទំហំសាច់ប្រាក់ឧបត្ថម្ភនេះនៅឡើយទេ។ តែយ៉ាងណាលោកធ្លាប់ប្រាប់សារព័ត៌មានថា ការដោះស្រាយមិនយោងតាមអនុក្រឹត្យនាយករដ្ឋមន្រ្ដីបានចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នោះទេ។

សកម្មភាពអាជ្ញាធរពាក់ព័ន្ធជូនពលរដ្ឋថ្ងៃផ្ទុះការតវ៉ារបស់ពលរដ្ឋរុនតាឯក។រូបភាពពីហ្វេសប៊ុក។​

គួររំលឹកថា អាជ្ញាធរបានជម្លៀសប្រជាជនប្រមាណ ១០ ០០០គ្រួសារចេញពីតំបន់ឧទ្យានអង្គរក្រោមហេតុផលការពារតំបន់ប្រាសាទអង្គរពីការខូចខាត ដែលអាចប៉ះពាល់ដល់ឋានៈជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។ តែការជម្លៀសនេះត្រូវបានបណ្តាស្ថាប័នជាតិនិងអន្តរជាតិផ្នែកសិទ្ធិមនុស្សមួយចំនួនបានតិទៀនពីការរំលោភសិទ្ធិមនុស្ស ពិសេសសិទ្ធិទទួលបានលំនៅស្ថានសមរម្យខណៈតំបន់រុនតាឯកនិងពាក់ស្នែងពុំទាន់មានការអភិវឌ្ឍន៍សមរម្យនៅឡើយ៕

 

 

 

Share

ព័ត៌មានទាក់ទង

Image