យុវជនកម្ពុជាចំនួន១០នាក់ ដែលមាន២នាក់មកពីគណបក្សរបស់រាជរដ្ឋាភិបាល និង៨នាក់ផ្សេងទៀតមកពីគណបក្សប្រកួតប្រជែង ត្រូវបានអញ្ជើញឱ្យធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរយៈពេល ៩ថ្ងៃ។ ខណៈនេះពួកគេទាំង១០រូប កំពុងបំពេញទស្សនកិច្ចតាមការរៀបចំរបស់ភាគីជប៉ុន រហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ទើបត្រលប់មកកម្ពុជាវិញ។ នេះបើតាមការឱ្យដឹងពីស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។
យុវជននយោបាយទាំងនោះ បានចាកចេញពីទឹកដីកម្ពុជាកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ តែមុនថ្ងៃចាកចេញមួយថ្ងៃ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី បានរំពឹងថា យុវជនកម្ពុជាដែលពាក់ព័ន្ធនឹងនយោបាយទាំងអស់នេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់បទពិសោធន៍ និងបណ្តាញមនុស្សដែលគេទទួលបាន នៅប្រទេសជប៉ុន។
យោងតាមស្ថានទូតជប៉ុនដដែល អ្នកចូលរួមទាំងដប់រូប នឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅវិមានរដ្ឋសភាជាតិ និងមានការផ្លាស់ប្តូរយោបល់ជាមួយតំណាងរាស្ត្រជប៉ុន នៃក្រុមមិត្តភាពតំណាងរាស្ត្រជប៉ុន-កម្ពុជា។ ពិសេសនឹងទៅធ្វើទស្សនកិច្ចនៅខេត្ត គុនម៉ា ដើម្បីសង្កេតមើលដំណើរការបោះឆ្នោតសភាក្រុង ម៉ែបាស៊ី និងសិក្សាស្វែងយល់អំពីសកម្មភាពលើកស្ទួយក្រុង ម៉ែបាស៊ីផងដែរ។
គួរជម្រាបនេះជាកម្មវិធីលើកទី៦ហើយ ដែលស្ថាបទូតជប៉ុនបានរៀបចំឡើង ដើម្បីគាំទ្រការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា តាមរយៈការជម្រុញការសន្ទនារវាងគណបក្សកាន់អំណាច គណបក្សប្រឆាំង និងអ្នកដទៃទៀត ខណៈការផ្លាស់ប្តូរយុវជននេះ បានដំណើរការចាប់តាំងពីឆ្នាំ២០១៨មក។
យ៉ាងណាក្នុងការចូលរួមជាមួយកម្ពុជាក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ភាគីជប៉ុនធ្លាប់បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីមុនការបោះឆ្នោតសកល ក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា រៀបចំការបោះឆ្នោតមួយដែលគោរពលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស ហើយជប៉ុនសន្យាថា នឹងបន្ដចូលរួមជាមួយកម្ពុជាក្នុងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនេះ។ ការចេញសេចក្ដីថ្លែងការណ៍នាពេលនោះ ធ្វើឡើងស្របពេលដែលគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាព គឺគណបក្សភ្លើងទៀន មិនបានចូលរួមដំណើរការបោះឆ្នោតថ្នាក់ជាតិ ដោយខ្វះឯកសារដើមដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
ក្នុងការឆ្លើយតបទៅកាន់ភាគីជប៉ុន និងបណ្ដាប្រទេសសេរីទាំងអស់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ចំពោះការអវត្តមានគណបក្សណាមួយនោះ ក្រសួងការបរទេសកម្ពុជា ថាមិនបានធ្វើឲ្យប៉ះពាល់ដល់ភាពសេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើយ៕