en     km
en     km

អង្គការ​តម្លាភាព​អន្តរជាតិ​រក​ឃើញ​ថា​ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​អំពើ​ពុក​រលួយ​ខ្លាំង​ជាងគេ​ក្នុង​បណ្ដា​ប្រទេស​តំបន់​អាស៊ាន​

Share

preab-kol-conference-corruption-01
​លោក​ ព្រាប​ កុ​ល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា (ស្តាំ)

​កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៥០​ ក្នុង​ចំណោម​ប្រទេស​១៦៨​ និង​មាន​ចំណាត់​ថ្នាក់ខ្ពស់​ជាងគេ​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ដែល​កើត​មាន​អំពើ​ពុក​រលួយ​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​ប្រចាំឆ្នាំ​២០១៥​។​

​របាយការណ៍​នេះ​ ត្រូវ​បាន​បង្ហាញ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា​ ក្នុង​សន្និសីទ​សារព័ត៌មាន​ ស្ដី​ពី​ស​ន្ទ​ស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០១៥​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ នៅ​សណ្ឋាគារ​ រ៉ា​ហ្វ​ល​ ឡឺ​រ៉ូ​យ៉ា​ល់​ (Raffle​ Hotel​ Le​ Royal)​។​

​លោក​ ព្រាប​ កុ​ល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​និយាយ​ថា​ មូលហេតុ​ដែល​កម្ពុជា​នៅ​តែ​មាន​ចំណាត់​ថ្នាក់ទាប​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ាន​ និង​ក្បែរ​បាត​តារា​ក្នុង​ចំណោម​ប្រទេស​ក្នុង​ពិភពលោក​នោះ​ ក៏​ព្រោះតែ​ស​ន្ទ​ស្សន៍​នៃ​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​សាធារណ​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ទាញ​យក​ពិន្ទុ​ ធ្វើ​ឲ្យ​កម្ពុជា​មាន​ចំណាត់ថ្នាក់​មិនល្អ​។​

​លោក​បន្ត​ថា​ ការ​ចាត់​ចំណាត់ថ្នាក់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ គឺ​ធ្វើ​ឡើង​តែ​ក្នុង​វិស័យ​សាធារណៈ​តែ​ប៉ុណ្ណោះ​ ដែល​ពេល​នេះ​កម្ពុជា​មាន​ពិន្ទុសរុប​២១​ពិន្ទុ​ ស្មើ​និង​ឆ្នាំ​២០១៤​។​
​លោក​ ព្រាប​ កុ​ល​ ៖​ «​អ​ញ្ចឹ​ង​អា​ធ្លាក់​ពិន្ទុ​ពី​២៥​នៅ​១០​ហ្នឹង​ បាន​ធ្លាក់​អស់​១៥​ពិន្ទុ​ ធ្វើ​ឲ្យ​វា​ទាញ​មធ្យមភាគ​ពិន្ទុ​ដទៃ​ទៀត​។​ ពិន្ទុ​ដែល​ឡើង​ល្អ​ជាងគេ​គឺ​វិស័យ​ធុរៈកិច្ច​ បរិយាកាស​នៃ​ការ​វិនិយោគ​គឺ​ឡើង​ល្អ​ តែ​មួយ​ជ្រុង​ទៀត​ទាញ​ធ្លាក់​មក​ បូក​ទៅ​វា​នៅ​ដដែល​»​។​

preab-kol-conference-corruption-cover

​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ​បន្ត​ថា​ ដើម្បី​ឲ្យ​កម្ពុជា​ឈាន​ទៅ​រក​ពិន្ទុ​ល្អ​វិញ​ គឺ​ រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ ប្រព័ន្ធ​យុត្តិធម៌​ អនុម័ត​ច្បាប់​ទទួល​បាន​ព័ត៌មាន​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ បង្កើត​ច្បាប់​ការពារ​សាក្សី​ និង​អ្នករាយការណ៍​ពី​អំពើ​ពុក​រលួយ​ ដោះស្រាយ​បញ្ហា​បក្សពួក​និយម​ និង​បង្ក​លក្ខខណ្ឌ​ងាយ​ស្រួយ​ដល់​អ្នកចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ជាដើម​។​

​លោក​ ព្រាប​ កុ​ល​ ៖​ «​ខ្ញុំ​ថា​ទម្រង់​ធំ​បំផុត​ដែល​ធ្វើ​ គឺ​កែទម្រង់​ស្ថាប័ន​សំខាន់ៗ​ ដូច​ជា​ប្រព័ន្ធ​តុលាការ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ស្ថាប័ន​រដ្ឋសភា​ ហើយនឹង​ស្ថាប័ន​ជាតិ​សំខាន់ៗ​ដែល​ធ្វើ​ការងារ​ផ្តល់​សេវា​សាធារណ​ហ្នឹង​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ ឱម​ យិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ច្រានចោល​របាយការណ៍​ដែល​អង្គការ​តម្លាភាព​អន្តរជាតិ​បង្ហាញ​នេះ​ ដោយ​លោក​លើក​ឡើង​ថា​ ការ​ផ្តល់​ពិន្ទុ​នេះ​ជា​ចេតនា​នយោបាយ​ និង​មិន​ឈរ​លើ​ការ​ពិត​ជាក់ស្តែង​នោះ​ឡើយ​។​ លោក​បន្ត​ថា​ របៀប​ក្នុង​ការ​ចាត់​ចំណាត់ថ្នាក់​អំពើ​ពុក​រលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ​ មិន​មាន​បច្ចេកទេស​ច្បាស់លាស់​នោះ​ទេ​។​

​លោក​ ឱម​ យិ​ន​ទៀង​៖​ «​ខ្ញុំ​ហ៊ាន​ជំរាប​ថា​ នេះ​ជា​ចំណាត់ថ្នាក់​នយោបាយ​ វា​មិន​ដែល​ការ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ខ្លាំង​បែប​នេះ​បែរជា​ធ្លាក់​ចំណាត់ថ្នាក់​នោះ​ទេ​។​ ហើយ​ម្យ៉ាងទៀត​បច្ចេកទេស​នៃ​ការងារ​នៃ​ការ​ដាក់​ស​ន្ទ​ស្សន៍​នេះ​ វា​មិនមែន​ដែល​បច្ចេកទេស​ដែល​បរទេស​ទទួលស្គាល់​នោះ​ទេ​ ហើយ​សហគមន៍​អន្តរជាតិ​មិន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​នោះ​ទេ​»​។​

​ដោយឡែក​ លោក​ ព្រាប​ កុ​ល​ ឲ្យ​ដឹង​ថា​ ការ​ផ្តល់​ចំណាត់ថ្នាក់​ឲ្យ​កម្ពុជា​ គឺ​ពឹងផ្អែក​លើ​ប្រភព​ទិន្នន័យ​ចំនួន​៧​ រួម​មាន​៖​ ស​ន្ទ​ស្សន៍​នៃ​ការ​ផ្លាស់​ប្តូរ​របស់​មូលនិធិ​ Bertelsmann​ ឆ្នាំ​២០១៦​ ចំណាត់ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​របស់​ភ្នាក់ងារ​សេដ្ឋកិច្ច​ ឆ្នាំ​២០១៥​ ចំណាត់ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​ស្តី​ពី​ការ​យល់​ដឹង​ជាស​កល​ឆ្នាំ​២០១៤​ ភ្នាក់ងារ​ទីប្រឹក្សា​ហានិភ័យ​នយោបាយ​ និង​សេដ្ឋកិច្ច​ទី្វ​ប​អាស៊ី​ និង​ស​ន្ទ​ស្សន៍​នីតិរដ្ឋ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ​២០១៥​ ជាដើម​។​

​សូម​បញ្ជាក់​ថា​ យោង​តាម​របាយការណ៍​អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ឆ្នាំ​២០១៤​ កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​១៥៦​ ក្នុង​ចំណោម​ប្រទេស​១៧៥​ ដែល​អង្គការ​តម្លាភាព​អន្តរជាតិ​រក​ឃើញ​ថា​ មាន​អំពើ​ពុក​រលួយ​ខ្លាំង​ផង​ដែរ​៕​

Share

ព័ត៌មានទាក់ទង

Image