ដើម្បីពង្រឹងអភិបាលកិច្ច សន្តិសុខ និងបទល្មើសនៅក្នុងប្រទេសកម្ពុជា លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជូនដំណឹងទៅកាន់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ប្រសិនបើពលរដ្ឋមានប្រទះករណីចាញ់បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា គឺគប្បីសហការផ្តល់ព័ត៌មានឱ្យបានលឿនតាមដែលអាចធ្វើបាន និងឱ្យទាន់ពេលវេលាមកកាន់ក្រុមការងារ Hotline Scam និងទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើយោងតាមទំព័រងហ្វេសប៊ុកផ្លូវការរបស់ក្រសួងមហាផ្ទៃចុះផ្សាយនៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។
លោក ស ថេត គូសបញ្ជាក់ថា ក្នុងយុគសម័យទំនើបនេះ ប្រជាពលរដ្ឋជាច្រើនបានធ្លាក់ក្នុងអន្ទាក់ និងចាញ់បោកល្បិចកលរបស់ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារប្រឆាំងនឹងបទល្មើសជាច្រើន បានបង្កើតឡើងដើម្បីជួយដល់ប្រជាពលរដ្ឋ។ ក្រៅពីស្នើឱ្យប្រជាពលរដ្ឋចូលរួម លោកក៏បានស្នើសុំឱ្យវិស័យឯកជន ពិសេសធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវសហការឱ្យបានល្អជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាមួយគ្នានេះ លោកអះអាងដែរថា ក្រុមការងារ Hotline Scam នឹងធ្វើការ ២៤ម៉ោងពេញមួយសប្តាហ៍ ដើម្បីជួយអន្ដរាគមន៍ពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលានៅពេលមានហេតុការណ៍កើតឡើង និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាប។ លោក ស ថេត បានសង្កេតឃើញថា បច្ចុប្បន្ននេះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានកើតឡើងស្ទើររៀងរាល់ថ្ងៃ ដែលបញ្ហានេះធ្វើឱ្យប៉ះទង្គិចលើហិរញ្ញវត្ថុ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ខណៈករណីខ្លះប្រជាពលរដ្ឋក៏បានមកដាក់ពាក្យបណ្ដឹងផងដែរ។
ក្នុងករណីប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រជាពលរដ្ឋក៏អាចចូលទៅកាន់តំណភ្ជាប់ hotline.police.gov.kh ឬឆាតទៅទំព័រហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ៕