គណបក្សភ្លើងទៀនចេញការថ្កោលទោសជាថ្មី ចំពោះសកម្មភាពអាជ្ញាធរក្រុងភ្នំពេញដែលចាប់ខ្លួនសកម្មជនគណបក្សខ្លួន ដោយមិនបង្ហាញដីកា ឬហេតុផលច្បាស់លាស់។ ការថ្កោលទោសនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរចាប់ខ្លួនមន្ដ្រី២រូប ដែលមានតួនាទីក្នុងគណបក្សកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ម្សិលមិញ។ មន្ដ្រីសិទ្ធិមនុស្សថា ការធ្វើបែបនេះ នាំឱ្យមានការំរលោភលើច្បាប់ និងសេរីភាពបុគ្គល។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
គណបក្សភ្លើងទៀន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញមុខថ្កោលទោសចំពោះអាជ្ញាធរក្រុងភ្នំពេញដែលបានចាប់ខ្លួនមន្ដ្រី២រូបនៃគណបក្សរបស់ខ្លួន ដោយមិនបានបង្ហាញដីកា និងប្រាប់ពីមូលហេតុច្បាស់លាស់។
ផ្អែកតាមសេចក្ដីថ្លែងការណ៍របស់បក្សភ្លើងទៀន មន្ដ្រីពីររូបនេះមានឈ្មោះថា ហាក់ កុសល់ ជាលេខាធិការគណៈកម្មធិការប្រតិបត្តិគណបក្ស ភ្លើងទៀន ខណ្ឌជ្រោយចង្វារ និងលោក ម៉ា ចិន្ដា អនុប្រធានគណៈកម្មធិការប្រតិបត្តិគណបក្ស ភ្លើងទៀន ខណ្ឌដូនពេញ និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ម្សិលមិញ។
គណបក្សប្រឆាំងមួយនេះ បានចាត់ទុកការចាប់ខ្លួនសកម្មជនគណបក្ស ជារូបភាពគំរាមកំហែងថ្មីៗទៀត ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងជាការធ្វើឱ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតះអសកល ក្នុងឆ្នាំ២០២៤នេះ រឹតតែមានភាពអាប់អួរថែមទៀត។
គួរជម្រាបថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ កម្ពុជា នឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។
ទាក់ទិនរឿងរ៉ាវដែលអាជ្ញាធរចាប់ខ្លួនបុគ្គលណាម្នាក់ដោយមិនបង្ហាញដីការបែបនេះ មន្ដ្រីសិទ្ធិមនុស្សនៃអង្គការសម័្ពន្ធខ្មែរជំរឿន និងសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ធ្លាប់បានប្រាប់វិទ្យុស្ដ្រីថា បើសមត្ថិកិច្ចមិនបានគោរព និងអនុវត្តតាមនីតិវិធីនៃការចាប់ខ្លួនទេ នោះនឹងក្លាយជាការំលោភច្បាប់ និងសិទ្ធិសេរីភាពរបស់បុគ្គល។ តែយ៉ាងណា លោកថា ជាការកត់សម្គាល់ រឿងរ៉ាវចាប់ខ្លួននេះជារឿងៗតែងតែកើតមានមុនការបោះឆ្នោតនានាក្នុងប្រទេសកម្ពុជា។
លោក អំ សំអាត បញ្ជាក់ថា ក្នុងនាមកម្ពុជា ជាប្រទេសគោរពគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស គួរតែប្រកាន់ខ្ជាប់គោលការណ៍ទាំងនេះ និងអនុវត្តតាមផងដែរ ដើម្បីបើកចំហឱ្យគណបក្សនយោបាយទាំងអស់ប្រកួតប្រជែងគ្នាដោយស្មើភាពក្នុងការបោះឆ្នោត។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Right Watch កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានចេញរបាយការណ៍ប្រចាំឆ្នាំ២០២៤ ដោយលើកពីបរិយាយកាសនយោបាយនៅកម្ពុជា ថានៅតែមានការរារាំងមិនឱ្យគណបក្សប្រឆាំងចូលរួមក្នុងដំណើរការបោះឆ្នោត និងប្រើប្រព័ន្ធតុលាការយាយីដល់អ្នករិះគន់ជាដើម។ Human Right Watch ថាកម្ពុជាមិនបានប្ដូរការដឹកនាំដែលគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ ទោះបីមានការប្ដូរមេដឹកនាំថ្មីក៏ដោយ។
វិទ្យុស្ដ្រីបានទាក់ទងសុំការបំភ្លឺក្នុងរឿងចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងនេះ ពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ តែលោកមិនទាន់ឆ្លើយតបសំណួរអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេកា្រមទេ គិតត្រឹមរសៀលថ្ងៃនេះ។
កាលពីពាក់កណ្ដាលខែមករា ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិរាជធានីរបស់គណបក្សភ្លើងទៀនមួយរូបដែរ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន ក្រោមហេតុផលបន្លំឯកសារស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ ដោយសាម៉ីខ្លួនមិនបានដឹងមុន។ គ្រានោះគណបក្សភ្លើងទៀនថា មិនមានដីកាបង្ហាញដូចគ្នា តែការចោទប្រកាន់បែបនេះត្រូវបានលោក សំ វិច្ឆិកា ច្រានចោល និងបង្ហាញដីការចាប់ខ្លួនពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ដូចសព្វមួយដង ក្រោយមានការចាប់ខ្លួនសកម្មជនគណបក្សរបស់ខ្លួន គណបក្សប្រឆាំងដែលមិនមានលទ្ធភាពចូលរួមការបោះឆ្នោតអសកលនាឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច ដោះលែងមន្ដ្រីទាំងនោះ ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង ធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពលើសមាជិកគណបក្សភ្លើងទៀនតទៅទៀត។ គណបក្សភ្លើងទៀនបញ្ជាក់ថា នេះដើម្បីធានាបរិយាកាសល្អ សម្រាប់ដំណើរការបោះឆ្នោតខាងមុខ ឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕