រដ្ឋមន្ត្រីការបរទេសទាំងអស់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានជំរុញឱ្យមីយ៉ាន់ម៉ាបញ្ចប់ជម្លោះបង្ហូរឈាមនៅក្នុងតំបន់ និងរួបរួមគ្នាគាំទ្រផែនការសន្តិភាព គួបផ្សំនឹងការស្វែងរកដំណោះស្រាយគ្រប់គ្រងស្ថានភាពមីយ៉ាន់ម៉ា ដែលធ្វើឡើងកាលពីថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។
(កញ្ញា កែវ សុជាតា រាយការណ៍)
នៅបន្ទាប់ពីបើកកិច្ចប្រជុំពិភាក្សានៅក្នុងប្រទេសឡាវ រដ្ឋមន្រ្តីការបរទេសទាំងអស់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឡាវក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២៤ ដែលផ្តោតលើទំនាក់ទំនងរវាងភាគីជម្លោះនៅមីយ៉ាន់ម៉ា និងការប្តេជ្ញាចិត្តក្នុងការជួយប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០២៤។
ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការបរទេសឡាវ លោក Alounkeo Kittikhoun ធ្លាប់បានជួបជាមួយប្រមុខរបបយោធានៅអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីដើមខែមករា ឆ្នាំ២០២៤នេះ។ ក៏ប៉ុន្តែ លោកមិនបានប្រកាសអំពីរបៀបវារៈ និងសកម្មភាពមួយចំនួនដែលលោកបានធ្វើនៅអំឡុងពេលនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ហើយក៏មិនច្បាស់ដែរថាតើប្រមុខរបបយោធាដែលជាក្រុមប្រឆាំងនោះជាក្រុមណាមួយនោះដែរ។
តែជាមួយគ្នានេះ រដ្ឋមន្ត្រីតំណាងប្រទេសឡាវរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែរថា លោកសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព ទូលំទូលាយ និងយូរអង្វែងចំពោះវិបត្តិដែលកំពុងកើតមាន ខណៈមីយ៉ាន់ម៉ានៅតែជាផ្នែកសំខាន់មួយនៃសមាគមប្រជាជាតិអាស៊ាន។
ក្នុងនាមប្រទេសឡាវជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើកនេះ លោកអះអាងថា កិច្ចខិតខំប្រឹងប្រែងណាមួយគួរតែគាំទ្រស្របតាមផែនការសន្តិភាព និងការសម្របសម្រួលជាមួយប្រធាន ដោយជំរុញឱ្យបញ្ឈប់អំពើហិង្សា និងការអត់ធ្មត់ដើម្បីអនុញ្ញាតឱ្យមានសិទ្ធិមនុស្សធម៌។ លោកបន្តទៀតថា លោកមិនចង់ឱ្យអាស៊ានប្រឈមមុខដាក់គ្នាដោយភាពតានតឹង និងមិនចុះសម្រុងផ្ទៃក្នុងអំពីរបៀបដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាជាបន្តទៀតនោះទេ។
គួរបញ្ជាក់ដែរថា ប្រធានអាស៊ានពីមុនគឺឥណ្ឌូនេស៊ី បានផ្តួចផ្តើមគំនិតការទូតលើកទឹកចិត្តឱ្យមានការសន្ទនារវាងភាគីជម្លោះរបស់មីយ៉ាន់ម៉ា ដែលធ្វើឱ្យអ្នកវិភាគមួយចំនួនដាក់ការសង្ស័យថា តើប្រធានថ្មីឡាវរូបនេះមានឥទ្ធិពល ឬឆន្ទៈដើម្បីឈានទៅមុខដូចដែលឥណ្ឌូនេស៊ីដែរឬក៏អត់។ ជាងនេះទៀត មីយ៉ាន់ម៉ាបានបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំកាលពីថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ ជាលើកដំបូង ដែលកន្លងមកត្រូវរារាំងមិនឱ្យចូលរួមដោយសារការបរាជ័យក្នុងការអនុវត្តផែនការសន្តិភាពដែលមីយ៉ាន់ម៉ាបានព្រមព្រៀងជាមួយអាស៊ាន។
សូមរំលឹកថា ប្រទេសមីយ៉ាន់ម៉ាត្រូវបានជាប់គាំងនៅក្នុងជម្លោះចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារក្នុងឆ្នាំ២០២១ ដែលបានបង្កឱ្យមានភាពចលាចលទូទាំងប្រទេស និងបានកំណែទម្រង់កំណើនសេដ្ឋកិច្ច ពិសេសធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបាត់បង់ជីវិតដោយសារពួកគេព្យាយាមទាមទារសិទ្ធិសេរីភាព និងប្រឆាំងនឹងរបបយោធា។ ចំណែក មនុស្សប្រហែល ២លាននាក់បានភៀសខ្លួន និងផ្លាស់ទីលំនៅដើម្បីសុខសុវត្ថិភាព៕
ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤