en     km
en     km

គ្រួសារសពដែលថា«មន្ទីរពេទ្យរុស្ស៊ីសម្លាប់ប៉ាខ្ញុំ»ចាត់ទុកការស្រាយបំភ្លឺរបស់មន្ទីរពេទ្យជាការឆ្លើយតបយករួចតែខ្លួន

Share

ដោយមិនអាចទទួលយកការស្រាយបំភ្លឺពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លើករណីបាត់បង់សមាជិកក្រុមគ្រួសារម្នាក់នៅមន្ទីរពេទ្យរដ្ឋមួយនេះ ក្រុមគ្រួសារសពបានចាត់ទុកការបំភ្លឺពីមន្ទីរពេទ្យនោះថា ជាការឆ្លើយតបយករួចតែខ្លួន មិនទទួលយកការពិត និងធ្វើការកែតម្រូវ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះSreypich Thou (Laboon) ជាកូនស្រីសពដែលឪពុករបស់ខ្លួន បានស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី បានចេញមុខមកប្រតិកម្ម ចំពោះការស្រាយបំភ្លឺពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចេញផ្សាយកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ថាមន្ទីរពេទ្យនេះមិនទទួលយកការពិត និងធ្វើការកែតម្រូវ។

ម្ចាស់ហ្វេសប៊ុកនេះបញ្ជាក់ថា ស្ថាប័ននៅតែគាំទ្របុគ្គលិក និងកត្តិយសស្ថាប័ន និងមានភាពមានះ ជាហេតុនាំឱ្យបងប្អូនអស់ជំនឿចិត្ត និងមានជនជាច្រើនបន្ដរងគ្រោះបែបនេះ។ SreyPich Thou និយាយក្នុងសម្ដីដើមថា “ក្នុងនាមខ្ញុំជាក្រុមគ្រួសារសព ក៏ដូចជាប្រជាជនខ្មែរម្នាក់ក្នុងចំណោមរាប់ម៉ឺននាក់អ្នកដែលជួបរឿងនេះ ពិតជាមានការឈឺចាប់ណាស់”។

សម្រែកទាមទារយុត្តិធម៌របស់ក្រុមគ្រួសារនៃសព ដែលបានបាត់បង់សមាជិកក្នុងគ្រួសារនៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរូបនេះ ធ្វើឡើងម្ដងទៀត ក្រោយការបំភ្លឺពីមន្ទីរពេទ្យ។ សេចក្ដីបំភ្លឺរបស់ពេទ្យមួយនេះ បានច្រាលចោលការលើកឡើងរបស់ក្រុមគ្រួសារនៃសព និងការផ្សព្វផ្សាយរបស់ស្ថាប័នព័ត៌មានមួយផងដែរ។ មន្ទីរពេទ្យរុស្ស៊ីថា ទាំងករណីហ្វេសប៊ុក និងការចុះផ្សាយខ្លឹមសារដោយសារព័ត៌មាន មិនពិតលើករណីអ្នកជំងឺដែលត្រូវបានបញ្ជូនមកផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ កាលពីអធ្រាត្រថ្ងៃទី២៦ ខែមករា។

ក្រុមគ្រូពេទ្យថា បានព្យាយាមជួយសង្គ្រោះអ្នកជំងឺអស់ពីលទ្ធភាព ដោយធ្វើការពិនិត្យ និងវិភាគអមវេជ្ជសាស្ដ្រតាមលក្ខណៈបច្ចេកទេស ដើម្បីរកមូលហេតុដាច់សរសៃឈាមខួរក្បាល តែអ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង។ នេះបើយោងតាមសេចក្ដីបំភ្លឺពីមន្ទីរពេទ្យដដែល។

តែចំណុចទាំងនេះ ត្រូវបានក្រុមគ្រួសារនៃសពលើកឡើងកាលពីថ្ងៃកើតហេតុថា មន្ទីរពេទ្យមិនមានក្រុមការងារគ្រប់គ្រាន់សម្រាប់លើកអ្នកជំងឺទេ ដោយទុកអ្នកជំងឺចោល និងតម្រូវឱ្យបង់ប្រាក់មុនដោយចំណាយពេលប្រមាណជាង៤០នាទី។  បន្ទាប់ពីចំណាយពេលបង់ប្រាក់ហើយគ្រួសារនៃសព ត្រូវចាំគេដាស់គ្រូពេទ្យសម្រាប់ស្កែន នឹងតម្រូវឱ្យបង់ប្រាក់មុនស្កែនម្តងទៀត។

ប្រភពពីគ្រួសារនៃសពបន្ដថា បន្ទាប់មកពីថត គេអូសអ្នកជំងឺទៅថតស្កែន១កន្លែងទៀត។ រឿងដដែលកើតឡើងនៅពេលដល់បន្ទប់ស្កែនគេត្រូវចំណាយពេលដាស់គ្រូពេទ្យទៀតសិន។ ម្ចាស់ហ្វេសប៊ុកបញ្ជាក់ថា មិនមានការសង្គ្រោះបឋមត្រឹមត្រូវចំពោះឪពុកនាងឡើយ គាត់ត្រូវសន្លប់ពីម៉ោង២ រហូតដល់ម៉ោង៤:៣០។ ជាចុងក្រោយលទ្ធផលបង្ហាញថា ឪពុកនាងត្រូវបានដាច់សរសៃរឈាមក្នុងខួរក្បាល និងមិនអាចសង្គ្រោះបានទៀតទេ។

គ្រានោះក្រុមគ្រួសារអ្នកជំងឺបានស្នើយកអ្នកជំងឺចេញទៅព្យាបាលបន្តនៅវៀតណាម តែខាងឡានសាមុយពេទ្យរ៉ុស្សីបានស្ទាក់ឡានសាមុយដែលមកយកអ្នកជំងឺ ដោយមិនឱ្យចូល និងនិយាយថាមន្ទីរពេទ្យ មិនអនុញ្ញាតឱ្យឡានខាងក្រៅដឹកអ្នកជំងឺចេញទេ ទោះក្រុមគ្រួសារបានផ្តិតមេដៃ សុំអនុញ្ញាតយកចេញព្យាបាលទៅជាមួយហើយក៏ដោយ។

Sreypich Thou អះអាងថា មិនមែននាងមិនចង់យកឡានសាមុយខាងពេទ្យរុស្សីទេ តែតម្លៃគឺគុណនិង២បើធៀបនឹងឡានសាមុយពេទ្យខាងក្រៅ។ ជារឿងអកុសលរហូតដល់ម៉ោង៨ព្រឹកទើបក្រុមគ្រួសារនាងអាចដោះស្រាយដឹកឪពុកចេញពីពេទ្យបាន តែគ្រប់យ៉ាងហួសពេលបាត់ទៅហើយ។

ចំពោះចំណុចដែលម្ចាស់ហ្វេសប៊ុក SreyPich Thou លើកឡើងនៅថ្ងៃនេះគឺនាងបញ្ជាក់ថា មន្ទីរពេទ្យរុស្ស៊ីគ្មានអ្នកប្រចាំការគ្រប់គ្រាន់ មានការយឺតយ៉ាវក្នុងការបញ្ជូនអ្នកជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់ និងត្រូវរង់ចាំពេទ្យខលដាស់គ្នា។ មួយទៀតរឿងបង់លុយមុនហើយ នៅតែមិនទាន់យកទៅស្កែន មិនមានការសង្គ្រោះបឋមត្រឹមត្រូវ និងការយកចិត្តទុកដាក់ ទុកទាល់តែអ្នកជំងឺរកខ្យល់ និងចុងក្រោយរឿងឡានសាមុយទារលុយ និងស្ទាក់មិនឱ្យយកទៅក្រៅ ព្រមទាំងប្រើពាក្យពេចន៍ខ្វះក្រមសីលធម៌។

ក្រៅពីអំពាវនាវឱ្យរាជរដ្ឋាភិបាលរកយុត្តិធម៍ ក៏ដូចជាមានវិធានការណ៍ចំពោះករណីនេះ ម្ចាស់ហ្វេសប៊ុក SreyPich Thou ក៏ទាមទារឱ្យមន្ទីរពេទ្យការបកស្រាយលើចំណុចដែលលើកឡើងខាងលើនេះផងដែរ។ នាងចោទសួរថា តើមានវិធីសាស្រ្តណាដែលល្អជាងការស្រាយបំភ្លឺទេ? ឬក៏ត្រូវឱ្យមានករណីនេះបន្តកើតមានឡើងលើប្រជាពលរដ្ឋផ្សេងៗទៀត?

Share

ព័ត៌មានទាក់ទង

Image