មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នឹងមានកម្មវិធីពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃរយៈពេល៤ថ្ងៃពេញ ចាប់ពីចុងខែមករា ដល់ដើមខែកុម្ភៈ ឆ្នាំ២០២៤។ ខណៈពិភពលោកកំពុង លុបបំបាត់ជំងឺមហារីកស្បូន នាឆ្នាំ២០៣០ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត អំពាវនាវឱ្យស្ដ្រីកម្ពុជាទៅពិនិត្យឱ្យបានគ្រប់ៗគ្នា។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត (ពេទ្យរុស្ស៊ី) នឹងមានការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន រយៈពេល៤ថ្ងៃពេញ។ ផ្អែកតាមសេចក្ដីជូនដំណឹងចុះផ្សាយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនស្ដ្រីនេះ មិនមានការបង់ប្រាក់នោះទេ។
មន្ទីរពេទ្យរដ្ឋមួយនេះបញ្ជាក់ថា ផ្នែកសម្ភព និងរោគស្ដ្រីនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយសមាគមក្រុមគ្រូពេទ្យវះកាត់ ដើម្បីកម្ពុជា អាមេរិក អង់គ្លេស និងអ៊ីស្រាអែល ក្នុងការផ្ដល់ជូនការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដល់ស្ដ្រី។
មន្ដ្រីទំនាក់ទំនងព័ត៌មានបន្ថែមរឿងពិនិត្យរកមេរោគមហារីកមាត់ស្បូន អ្នកគ្រូពេទ្យ ភូ អ៊ី គិលានុដ្ឋយិកាបានប្រាប់វិទ្យុស្ដ្រីថា ស្ដ្រីដែលចង់ពិនិត្យរកមេរោគមហារីមាត់ស្បូន ត្រូវចុះឈ្មោះតាមlink របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាមុនសិនបន្ទាប់មន្ទីរពេទ្យនឹងទាក់ទងឱ្យមកពិនិត្យ។
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានលើកឡើងនៅក្នុងពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ៩ឆ្នាំ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា “ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈដែលត្រូវបានផ្តោតការយកចិត្តទុកដាក់ដ៏សំខាន់នៅកម្ពុជា”។
ជំងឺមហារីកមាត់ស្បូន ត្រូវបានគេប្រសិទ្ធនាមថាជា “ឃាតកលាក់មុខ” ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរ ដោយសារថ្នាំបង្ការ។ នេះបើតាមក្រសួងសុខាភិបាល ដោយបន្ដឱ្យដឹងថា វីរុសមហារីកមាត់ស្បូនបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួននៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
នៅកម្ពុជា ជំងឺមហារីកមាត់ស្បូនគឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ១១៣៥ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ករណីបានស្លាប់។
ក្រសួងសុខាភិបាលបញ្ជាក់បន្ថែមថា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ត្រីពីជំងឺមហារីកមាត់ស្បូនតាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។ យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោកនាពេលបច្ចុប្បន្នបានបង្ហាញថា៖ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួន១ដូសគឺមានប្រសិទ្ធភាពខ្ពស់ប្រមាណពី ៨០ ទៅ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។
ផ្អែកតាមហ្វេសប៊ុកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានចែករំលែកកិច្ចសម្ភាសន៍លោកវេជ្ជបណ្ឌិត អ៊ុយ គីណា ប្រធានផ្នែកសម្ភព និងរោគស្រី្ត នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងសារព័ត៌មានក្នុងស្រុកទាក់ទងរឿងមហារីកមាត់ស្បូននេះ លោកវេជ្ជបណ្ឌិតបានលើកឡើងថា ការផ្តល់សេវាដោយឥតគិតថ្លៃនេះ ក៏ដើម្បីស្វែងរកជំងឺមហារីកមាត់ស្បូន នៅលើស្រី្តកម្ពុជា ដើម្បីកាត់បន្ថយហានិភ័យដែលស្រី្តកើតជំងឺមហារីកស្បូន ហើយក៏ដូចជាការឆ្លើយតបទៅនឹងគោលដៅរបស់ពិភពលោក ដែលធ្វើឲ្យជំងឺមហារីកមាត់ស្បូន លុបបំបាត់នាឆ្នាំ២០៣០។
ទន្ទឹមគ្នា លោកអំពាវនាវឱ្យស្ដ្រីស្រី្តកម្ពុជាគ្រប់រូបចូលរួមទទួលសេវានៅផ្នែកសម្ភព និងរោគស្រី្ត ពីព្រោះថាមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មិនមែននៅតែឯងនោះទេ គឺមនី្ទរពេទ្យតែងតែមានដៃគូសហការ មកពីបណ្តាប្រទេសផ្សេងៗក្នុងការពិនិត្យ ដើម្បីផ្តល់ការព្យាបាលជំងឺមហារីកមាត់ស្បូន ឲ្យទាន់សភាពការណ៍ ទៅតាមបច្ចេកវិទ្យាថ្មីៗ នៃការវិវត្តន៍របស់ជំងឺ៕