ភ្នំពេញ៖ ករណីឃុំខ្លួនអ្នកជំនាញកសិកម្ម និងជាសកម្មជនតស៊ូមតិហ៊ានរិះគន់ពីរឿងរ៉ាវសង្គម លោក នី ណាក់ នៅតែស្ថិតក្រោមការតាមដានរបស់អង្គការ និងភាគីមួយចំនួននៅឡើយ ដោយថ្មីៗនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) រិះគន់រដ្ឋាភិបាលនាអាណត្តិថ្មីនេះទាក់ទងទៅនឹងសេរីភាពបញ្ចេញមតិ ហើយទទូចឱ្យអាជ្ញាធរទម្លាក់បទចោទប្រកាន់ និងដោះលែងសកម្មជនតស៊ូមតិរូបនេះ ជាបន្ទាន់។
អស់រយៈពេល២០ថ្ងៃហើយ ដែលលោក នី ណាក់ សកម្មជនតស៊ូមតិមួយរូបហ៊ានយកចំណុចអវិជ្ជមានរដ្ឋាភិបាលមកវែកញែក ត្រូវបានតុលាកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគា។ បើទោះបីជាកន្លងមកមានអង្គការសង្គមស៊ីវិលទាំងក្នុង និងក្រៅស្រុកអំពាវនាវ និងជ្រោមជ្រែងឱ្យមានការដោះលែងរូបលោកក្តី ក៏ប៉ុន្តែមកទល់នឹងបច្ចប្បន្នគេនៅតែសង្កេតឃើញថា ក្រៅពីការបន្តឱ្យជាប់ឃុំក្នុងពន្ធធនាគារ អាជ្ញាធរនៅមិនទាន់មានដំណោះស្រាយ និងការឆ្លើយទៅលើបទចោទករណីលោក នី ណាក់នៅឡើយ។
ជុំវិញបញ្ហានេះ បង្កឱ្យអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ចេញសេចក្តីថ្លែងការណ៍ជាថ្មីម្តងទៀត។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ចុះផ្សាយនៅថ្ងៃទី២៤ មករា បង្ហាញថា Human Rights Watch ទាមទារឱ្យ អាជ្ញាធរកម្ពុជាបញ្ឈប់សកម្មភាពប្រឆាំងអ្នករិះគន់រដ្ឋាភិបាលរបស់លោក នី ណាក់ និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះរូបលោក ដែលសមត្ថកិច្ចចាប់ខ្លួនលោក កាលពីថ្ងៃទី៥ មករា ពាក់ព័ន្ធការបញ្ចេញមតិរឿងកាត់ដី ៩១ហិកតា ឱ្យបុគ្គលឈ្មោះ ហេង សួរ។ ក្នុងនោះនាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) សង្កត់ធ្ងន់ក្នុងសេចក្ដីថ្លែងការណ៍ថា «អាជ្ញាធរគួរគោរពសិទ្ធិបញ្ចេញមតិដោយសេរី ហើយដោះលែងលោក នី ណាក់ ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ»។
លើសពីការស្នើសុំឱ្យទម្លាក់បទចោទ លោក Phil Robertson ភ្ជាប់ទស្សនៈរិះគន់រដ្ឋាភិបាលថា«រដ្ឋាភិបាលអាណត្តិថ្មីដែលមានលោក ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំនេះ ប្រកាន់យកទីតាំង ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បន្សល់ទុកឱ្យនូវការធ្វើទុក្ខបុកម្នេញលើអ្នករិះគន់រដ្ឋាភិបាល»។
ពាក់ព័ន្ធទៅនឹងសិទ្ធិសេរីភាពបញ្ចេញមតិ កន្លងមកលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ធ្លាប់លើកឡើងក្នុងវេទិកាពិភាក្សាស្តីពី«សិទ្ធិសេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» ថានៅកម្ពុជាលោកហ៊ានអះអាងថាមិនមានការរិតត្បឹតសេរីភាពរបស់បុគ្គលណាម្នាក់ក្នុងការបង្ហាញទស្សនៈ និងបញ្ចេញមតិឡើយ ដោយលោករំលេចបន្ថែមថាហេតុដែលនាំឱ្យមានករណីចាប់ខ្លួនសកម្មជន ឬបុគ្គលណាម្នាក់គឺព្រោះតែពួកគេមិនគោរពទៅតាមច្បាប់ហើយធ្វើឱ្យប៉ះពាល់អ្នកដទៃ។
យ៉ាងណាមិញការចាប់ខ្លួន លោក នី ណាក់ កើតឡើងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីលោកបង្ហាញទស្សនៈជុំវិញព័ត៌មានដែលចេញផ្សាយពីករណីរដ្ឋាភិបាលសម្រេចកាត់ដី ៩១ហិកតារ នៅខេត្តកំពត ឱ្យឈ្មោះ ហេង សួរ ហើយស្ថាប័នសារព័ត៌មានដែលមានមូលដ្ឋាននៅក្រៅស្រុកមួយចំនួនដូចជាខេមបូឌៀ ដេលី (Cambodia Daily) និងអាស៊ីសេរីថាឈ្មោះនេះ ជាលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក នី ណាក់ បញ្ចេញមតិក្នុងសំណេរលើហ្វេសប៊ុកឈ្មោះ Iman Kh ដោយលោក សរសេររិះគន់ជុំវិញព័ត៌មាននេះ ហើយលោកមិនបានបញ្ជាក់ថា ជាលោក ហេង សួរ ជារដ្ឋមន្ត្រីក្រសួងការងារទេ ប៉ុន្តែអត្ថបទនេះត្រូវបានរដ្ឋមន្ត្រីក្រសួងការងារចាត់ទុកជាករណីខ្លួន ហើយប្ដឹងលោក នី ណាក់ ទៅតុលាការ៕